ចិន៖ ថ្មីៗនេះស្រ្តីមានផ្ទៃពោះម្នាក់ត្រូវបានចោទប្រកាន់ថាបានជះទឹកស៊ុបក្តៅៗដាក់ក្មេងស្រីតូចម្នាក់ ព្រោះតែនាងរំខានគេខ្លាំងពេកនៅក្នុងភោជនីយដ្ឋាន បន្ទាប់ពីពិនិត្យកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង។

យោងតាមប្រភពបានឱ្យដឹងថា ស្រ្តីម្នាក់នេះមានឈ្មោះ Ren អាយុ ២៨ឆ្នាំ មានផ្ទៃពោះ ៦ខែ ស្រាប់តែខឹងជាមួយនឹងក្មេងស្រីអាយុ ១១ខែម្នាក់ ដែលនាងបានយកស្លាបព្រាគោះតុឥតឈប់ ខណៈពេលកំពុងតែហូបអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តហឺណាន។

ប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃកើតហេតុស្ត្រីមានផ្ទៃពោះម្នាក់នេះមានអារម្មណ៍មិនល្អនោះទេ ព្រោះតែនាងទើបតែឈ្លោះគ្នាជាមួយនឹងប្តីនាងរួច។ ភ្លាមៗនោះ ស្រ្តីមានផ្ទៃពោះម្នាក់នេះ ក៏បានទៅឈ្លោះប្រកែកគ្នាជាមួយនឹងម្តាយក្មេងស្រីនោះឈ្មោះ Yang ទៀត ព្រោះតែកូនរបស់អ្នកស្រី Yang គោះតុឥតឈប់រំខានគេខ្លាំងពេក។

យ៉ាងណាមិញ អ្នកនាង Ren បានចាកចេញពីភោជនីយដ្ឋានមួយនេះ បន្ទាប់ពីប្តីនាងបានបញ្ចុះបញ្ចូល នាងឱ្យចាកចេញ។ ប៉ុន្តែ១០នាទីក្រោយមក នាងក៏បានត្រលប់មកវិញដោយលើកនេះនាងបានដើរសំដៅទៅរកស៊ុបក្តៅមួយចាន រួចក៏ចាក់ដាក់ក្មេងអាយុ ១១ខែនេះទុកជាការសងសឹងយកតែម្តង។

មិនយូរប៉ុន្មាន សមត្ថកិច្ចនៅក្នុងតំបន់ក៏បានចាប់ខ្លួនអ្នកនាង Ren បាន ហើយក៏បានពិន័យប្រាក់នាងចំនួន ៥០០យ័ន(៧២ដុល្លារ) និងឃុំខ្លួននាងចំនួន ១៥ថ្ងៃចំពោះទង្វើបែបនេះ។ ប៉ុន្តែនាងត្រូវបានដោះលែងឱ្យនៅខាងឃុំ ព្រោះតែតាមច្បាប់របស់ប្រទេសចិនមិនត្រូវបានអនុញ្ញាតឱ្យឃុំខ្លួនចំពោះស្រ្តីមានផ្ទៃពោះនោះទេ។ ដូច្នេះនាងគ្រាន់តែបង់ប្រាក់ពិន័យតែប៉ុណ្ណោះ។

យ៉ាងណាមិញ រឿងនេះបានល្បីនៅក្នុងបណ្តាញសង្គមចិន ហើយមានមនុស្សម្នាជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះទង្វើរបស់ស្រ្តីមានផ្ទៃពោះម្នាក់នេះ៕

រូបភាពចេញពីកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង
រូបភាពចេញពីកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]