ចិន៖ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកូនស្រីមហាសេដ្ឋីកាស៊ីណូម៉ាកាវម្នាក់ ទទួលបានចំណងដៃយ៉ាងធំអស្ចារ្យនូវភូមិគ្រឹះតម្លៃខ្ទង់ ៦៤លានដុល្លារអាមេរិក ពីឪពុករបស់ខ្លួន ដើម្បីរៀបចំធ្វើពិធីភ្ជាប់ពាក្យឲ្យកូនស្រីយ៉ាងមហោឡារិក រួមទាំងការផ្តល់ឲ្យនូវអំណោយថ្លៃៗកប់ពពកជាច្រើនថែមទៀត។

លោក Thomas និងនាង Sabrina

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កូនស្រីរបស់មហាសេដ្ឋីកាស៊ីណូម៉ាកាវ លោក Stanley Ho ដែលត្រូវបានគេស្គាល់ថា នាងគឺជាម្ចាស់និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនផ្នែកសិល្បៈ និងវប្បធម៌ នៅម៉ាកាវនោះ មានឈ្មោះថា នាង Sabrina Ho មានអាយុ ២៨ឆ្នាំ។

ចំណែកឯ គូដណ្ដឹងស្អាតសង្ហារបស់នាងវិញ គឺលោក Thomas Xin មានអាយុទើប ២១ឆ្នាំប៉ុណ្ណោះ គឺជានិស្សិតប្រុសម្នាក់នៅសាកលវិទ្យាល័យល្បីឈ្មោះ Harvard (សហរដ្ឋអាមេរិក) ដែលមានគ្រួសារក៏ជាអ្នកជំនួញចិនមានមុខមាត់ខ្ពស់ផងដែរ។

គូស្នេហ៍នេះ បានចងចំណងភ្ជាប់ពាក្យជាមួយគ្នា កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រោយបានជួបស្គាល់គ្នាជាលើកដំបូងក្នុងកំឡុងឆ្នាំ ២០១៨ រហូតមានការណាត់ជួបគ្នាជាហូរហែ បណ្តាលឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្តមិនរួច។

លោក Mario Ho (ប្អូនប្រុស) និងនាង Sabrina

ប្រភពដដែលបន្តថា មុនពិធីភ្ជាប់ពាក្យដែលត្រូវបានធ្វើឡើងនេះ នាង Sabrina ក៏កំពុងតែមានទម្ងន់កូនក្នុងផ្ទៃ ៣ខែ ជាមួយនឹងគូដណ្ដឹង លោក Thomas ផងដែរ។ ហើយក្រោយពិធីនេះចប់សព្វគ្រប់ Sabrina ក៏នឹងទៅនៅអាមេរិកជាមួយនឹងអនាគតស្វាមីវ័យក្មេងរបស់នាងដែរ។

នេះក៏ដោយសារតែ លោក Thomas បច្ចុប្បន្ននៅជានិស្សិតដែលកំពុងតែបន្តការសិក្សានៅទីនោះ មិនទាន់ចប់នៅឡើយ។ ខណៈឯពិធីមង្គលការរបស់ពួកគេទាំងពីរ ក៏គ្រោងនឹងធ្វើឡើងនៅរដូវក្តៅឆ្នាំក្រោយនេះ នៅឯសេតវិមានក្នុងប្រទេសព័រទុយហ្គាល់ឯណោះ។

រូបភាពផ្សេងៗក្នុងថ្ងៃភ្ជាប់ពាក្យ

ងាកមកក្នុងថ្ងៃនៃពិធីភ្ជាប់ពាក្យរបស់នាង Sabrina និងលោក Thomas ដែលទើបតែបញ្ចប់ទៅនេះវិញ គេកត់សម្គាល់ឃើញថា អនាគតកូនកំលោះក្រមុំមួយគូនេះ គឺពិតជាស្រស់ស្អាតសមសួនខ្លាំង នៅក្នុងឈុតពណ៌ក្រហមតាមប្រពៃណីចិន យ៉ាងល្អឥតខ្ចោះ រីឯការរៀបចំតុបតែងក៏ល្អប្រណិត សក្តិសមទៅនឹងឋានៈជាអភិជន ដែលធ្វើឲ្យគ្រប់គ្នាសឹងតែកួចចិត្តច្រណែនទៅហើយ។

អ្វីដែលពិសេសទៀតនោះ អ្នកទាំងពីរក៏ត្រូវបានគេដែរដឹងថា ទទួលបានចំណងដៃពីឪពុកដែលជាមហាសេដ្ឋីក្តោបក្តាប់កាស៊ីណូ ១៩កន្លែង នៅម៉ាកាវនោះ បានផ្តល់ភូមិគ្រឹះ ឬវីឡាដ៏ស្កឹមស្កៃដែលមានតម្លៃរហូតដល់ទៅ ៥០០លានដុល្លារហុងកុង ឬប្រហែលនឹង ៦៤លានដុល្លារអាមេរិក ដល់ពួកគេផងដែរ។

បន្ថែមលើនេះ អ្នកទាំងពីរក៏ថែមទាំងទទួលបាន គ្រឿងអលង្ការដែលជាមាសពេជ្រកែវកង ដែលសរុបទាំងអស់តម្លៃប៉ុន្មាន ១០០លានដុល្លារហុងកុង ឬប្រហែលជាង ១២លានដុល្លារអាមេរិកទៀតផង។

រូបភាពផ្សេងៗក្នុងថ្ងៃភ្ជាប់ពាក្យ

កំលោះសង្ហាលោក Mario Ho អាយុ ២៤ឆ្នាំ ដែលត្រូវជាប្អូនប្រុសបង្កើតនាង Sabrina Ho ហើយក៏ទើបតែលុតជង្គង់សុំមិត្តស្រីរៀបការ ជាតារាម៉ូដែលស្រីស្អាត កាលពីខែមុននោះ ក៏បានសរសេរសារជូនពរបងស្រីខ្លួន នៅលើបណ្តាញសង្គម បង្ហាញពីអារម្មណ៍រំភើបរីករាយ ពោរពេញដោយក្តីសង្ឃឹមយ៉ាងមុតមាំថា បងស្រី និងបងថ្លៃរបស់ខ្លួន នឹងមានអាពាហ៍ពាហ៍ដ៏ស្រស់បំព្រង នូវជីវិតគូដ៏មានសុភមង្គល និងមានន័យ មានសុខភាពល្អ និងមានកូនច្រើនៗផងដែរ។

រូបភាពផ្សេងៗក្នុងថ្ងៃភ្ជាប់ពាក្យ

គួរឲ្យដឹងផងដែរថា បន្ថែមលើការចាប់អារម្មណ៍ក្នុងពិធីភ្ជាប់ពាក្យនេះដែរ ក៏ត្រូវបានមហាជនជាច្រើនហៅថា «Crazy Rich Asian» (ដូចក្នុងរឿង) ទៀតផង។ ដោយសារតែ នេះគឺជាលំដាប់អ្នកអភិជន ដែលជះលុយយ៉ាងសន្ធឹកសន្ធាប់ ជាមួយនឹងអំណោយ និងការរៀបចំយ៉ាងល្អប្រណិត នៅក្នុងពិធីដ៏អស្ចារ្យមួយនេះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

រូបភាពផ្សេងៗក្នុងថ្ងៃភ្ជាប់ពាក្យ
រូបភាពផ្សេងៗក្នុងថ្ងៃភ្ជាប់ពាក្យ
រូបភាពផ្សេងៗក្នុងថ្ងៃភ្ជាប់ពាក្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]