សុក​ពាំង​មាត់​ស្បូន សុក​រុំ​ក​កូន សុទ្ធ​​តែ​ជា​បញ្ហា​ចោទ ដែល​ស្រីៗ​កំពុង​ពពោះ​តែង​ព្រួយ​បារម្ភ។ ថ្ងៃនេះ «Hello គ្រូពេទ្យ» ​នឹង​បក​ស្រាយ​ករណី​សុក​រុំ​ក​កូន​ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត តើ​​មក​អ្វី? គ្រោះ​ថ្នាក់​ទេ?

លោក​វេជ្ជ​បណ្ឌិត​ថា នៅ​ក្នុង​ត្រីមាស​ទី ១ និង​ទី ២ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ សុក​រុំ​ក​កូន កើត​មាន​ឡើង​នៅ​ត្រីមាស​ទី​៣ ជា​ពេល​ដែល​កូន​ក្នុង​ផ្ទៃ​ចាប់​ផ្តើម​កម្រើក​ចុះ​ឡើង ដែល​ករណី​ខ្លះ ​ការ​​ធ្វើ​​ចលនា​នោះ សុក​កូន​ទៅ​រុំក​​ខ្លួន​ឯង ១ជុំ ២ជុំ ឬ៣ជុំ។

នៅ​ពេល​សួរ​ថា ករណី​សុក​រុំក នេះ​គ្រោះ​ថ្នាក់​អត់? អាច​ជា​ឧបសគ្គ​ក្នុង​ការ​សម្រាល​តាម​បែប​ធម្មជាតិ​ទេ? វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូប​នេះ​ពន្យល់​ថា សុក​រុំកូន ជា​បញ្ហា​គ្រោះ​ថ្នាក់ ឬ​មិន​គ្រោះ​ថ្នាក់ អាស្រ័យ​ទៅ​ការ​រុំក​នោះ តើ​មាន​ប៉ុន្មានជុំ រឹត​កូន​តឹង​កម្រិត​ណា?

«សុក​មាន​ប្រវែង​របស់​វា ក្នុង​ករណី​ដែល​ទង​សុក​រុំ​ក​កូន​តែ ១ជុំ កូន​មិន​តឹង​ក​នោះ​ទេ ហើយ​ក៏​មិន​ចោទ​ជា​បញ្ហា​ដែរ តែ​បើ​​រុំ​​​ច្រើ​ន​ជុំ កាន់​តែ​តឹង វា​នឹង​គ្រោះ​ថ្នាក់ តម្រូវ​ឲ្យ​សម្រាល​កូន​ដោយ​វះ​កាត់»។

ដើម្បី​ដឹង​ថា ទង​សុក​រុំក​កូន​កម្រិត​ណាមួយ​នោះ ម៉ាក់ៗ​ត្រូវ​ពិនិត្យ​អេកូ​មើល ព្រោះ​ករណី​សុក​​រុំក​កូន​ច្រើន​ជុំ តឹង​ពេក មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ទេ ដោយសារ​ក្បាល​កូន​មិន​ចុះ ឯ​ចង្វាក់​បេះដូង​កូន​ក៏​ធ្លាក់​ចុះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]