រាជធានីភ្នំពេញ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្មេង​ប្រុស​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​មិត្ត​រួម​ថ្នាក់​៦​នាក់ រៀន​នៅ​សាលា​វិទ្យាល័យ​ឫស្សី​កែវ ជាមួយ​គ្នា​បាន​ទៅ​លេង​ទឹកស្រះ​ក្នុង​វត្ត ហើយ​បាន​លង់ទឹក​លិច​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រួម និង​នគរបាល​នាំ​គ្នា​ជួយ​រាវរក​ឃើញ​ដែល ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​វត្ត​ឧត្តរា​វ​ត្តី ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

សេចក្តីរាយការណ៍បានបន្តថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ អ៊ា​ត សំ​រិ​ទ្ធ​បញ្ញា អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៧ មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ និង​មិត្ត​រួម​ថ្នាក់​សរុប​មាន​គ្នា​៦​នាក់ ឆ្លៀត​ម៉ោង​ទំនេរ​បាន​នាំ​គ្នា​ទិញ​ផ្លែ​ឈើ​គ្រឿង​ម្ជូរ​ទៅ​អង្គុយ​ហូប​នៅ​មាត់​ស្រះ ក្នុង​បរិវេណ​វត្ត​ក្បែរ​សាលារៀន ។ ខណៈ​ពេល​ហូប​បណ្តើរ​ជជែក​គ្នា​លេង​បណ្តើរ​មិន​ទាន់​ទាំងអស់​ផង​ក្មេង​ប្រុស​រង​គ្រោះ​ដោះ​អាវ​ស្រាតខោ​ជើងវែង​លោត​ចុះ​ងូតទឹក​ស្រះ ស្រាប់តែ​លង់​លិច​បាត់​បង្ក​ឲ្យ​ផ្អើល​ឆោឡោ ប្រជាពលរដ្ឋ សមត្ថកិច្ច ក្រុម​គ្រួសារ​នាំ​គ្នា​ចុះ​រាវ​ស្រង់​យក​ពី​ទឹក ដើម្បី​សង្គ្រោះ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​រាវ​ឃើញ​ក្រុម​គ្រួសារ មិត្តភក្តិ​បាន​នាំ​គ្នា​ធ្វើ​ចលនា​លើក​រលាក់​បង្ហូរទឹក​ចេញ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ។ ស្រះ​ទឹក​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ ដែល​សំបូរ​ត្រី​ប្រា​ធំ​ដែល​ព្រះ​ចិញ្ចឹម ។ ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]