រាជធានីភ្នំពេញ ៖ ថ្លៃការជួសជុលរថយន្តទំនើបនេះឡើងវិញ គឺមានតម្លៃរហូតដល់ទៅ១៦.០០០ដុល្លារ ដែលនេះ គឺជាតម្លៃមួយដែលជាការប្រាប់ឱ្យដឹងពីខាងក្រុមហ៊ុន ពុំមែនជាការទាមទារតាមចិត្តនឹកឃើញរបស់ម្ចាស់រថយន្តឡិចស៊ីសនេះទេ ព្រោះបើតាមមើលទៅទឹកចិត្តម្ចាស់រថយន្តនេះ ក៏មិនចង់ទាមទារសំណងច្រើនឡើយ។ បន្ទាប់ពីឮបែបនេះ ភាគីអ្នកបើករថយន្តដឹកគ្រឿងចក្រគ្រវីក្បាលដូចគោស្រាំងទិច ព្រោះតែខ្លួនគ្មានលទ្ធភាពដើម្បីសង ហើយនេះគឺជាមេរៀនមួយ សម្រាប់អ្នកស៊ីឈ្នួលបើកបរទាំងឡាយដែលព្រហើន ទាល់តែមានបញ្ហាបុករថយន្តស៊េរីទំនើបបែបនេះ ទើបភ្លឺភ្នែក។
កួរបញ្ជាក់ថា រថយន្តម៉ាកឡិចស៊ីស LX-៥៧០KURO ស៊េរីឆ្នាំ២០១៩ មួយគ្រឿង នឹងត្រូវចំណាយប្រាក់ក្នុងការជួសជុលឡើងវិញ រហូតដល់ទៅ១៦.០០០ដុល្លារ ដែលតម្លៃនេះ អាចទិញបានរថយន្តធម្មតា១ទឹក ដូចជារថយន្តឡិចស៊ីស RX-៣០០ ឬរថយន្តហាយឡែនឌ័របាន១គ្រឿងទៅហើយ ។ រថយន្តស៊េរីទំនើបខាងលើនេះ បានរងការខូចខាតបែកស្ដុបនិងក្រពឹតត្រគាកក្រោយយ៉ាងដំណំ ដោយសារត្រូវរថយន្តហុីយ៉ាន់ដាយដឹកគ្រឿងចក្រឈូសដី (ប៊ុលដូហ្សែ៊រ)១គ្រឿង ជ្រុលទៅបុកពីក្រោយ ក្នុងពេលកំពុងបើកបរស្របទិសគ្នា ។
ឧប្បត្តិហេតុនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង១០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តឡិចសុីស LX-៥៧០ KURO ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-២០៦៨ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។ ចំណែករថយន្តហុីយ៉ាន់ដាយ ដឹកគ្រឿងចក្រ ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង ៣A-០៣១០ អ្នកបើកបរក៏មិនត្រូវបានស្គាល់ឈ្មោះដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តទាំង២គ្រឿងធ្វើដំណើរស្របគ្នាក្នុងទិសដៅពីខាងកើតទៅខាងលិច លុះទៅដល់់ចំណុចខាងលើ រថយន្តហុីយ៉ាន់ដាយបានបន្ថែមល្បឿនជែងរថយន្តមួយគ្រឿងទៀត ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស LX-៥៧០នេះពីក្រោយ បណ្ដាលឲ្យរងការខូចខាតតែម្ដង ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តស៊េរីទំនើបអន់ចិត្តយ៉ាងខ្លាំង ហើយគាត់បានទូរស័ព្ទទៅសាកសួរក្រុមហ៊ុនដែលគាត់ទិញរថយន្ត ដើម្បីសិក្សាតម្លៃនៃការជួសជុល ។ ខណៈនោះ ខាងក្រុមហ៊ុនបានប្រាប់ពីតម្លៃក្នុងការជួសជុលឡើងវិញថា ទាំងគ្រឿងបន្លាស់ និងថ្លៃឈ្នួលជួសជុលត្រូវចំណាយប្រាក់១៦.០០០ដុល្លារ។ មិនតែប៉ុណ្ណោះ ត្រូវរង់ចាំរយៈពេលយ៉ាងហោចណាស់ក៏១ខែដែរ ទើបគ្រឿងបន្លាស់មកដល់តាមការកុម្ម៉ង់។
ចំណែកមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ៣បានទៅសម្របសម្រួល ប៉ុន្តែមិនអាចទៅរួចទេ ព្រោះរថយន្តស៊េរីទំនើបត្រូវចំណាយក្នុងការជួសជុលច្រើនពេក ទើបសុំឲ្យកម្លាំងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ទៅធ្វើការសម្របសម្រួលបន្តទៀត ប៉ុន្តែរហូតដល់វេលារសៀលថ្ងៃដដែលនៅតែមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]