​ខេត្តបាត់ដំបង​៖ ស្ត្រី​ម្នាក់​បាន​អះអាង​ថា គាត់​ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្ដំ និង​យក​ច្រ​វាក់រុំ​ចង​ភ្ជាប់​​ថែម​ទៀត រួច​ប្លន់​យក​មាស​និង​លុយ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង០​៧​និង​៣​នាទី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា នេះ​ ​​ស្ថិត​ក្នុង​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ តែ​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ការ​ប្រឌិត​ដោយ​យោង​លើ​ហេតុផល​មិន​សមរម្យ​មួយ​ចំនួន​ ។​

​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​ឈ្មោះ​សន ច​ន្ធូ អាយុ​៤៩​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​។ ស្ត្រី​រូប​​នេះ ត្រូវ​ជន​បិទ​មុខ​ចូល​ទៅ​ចាប់ចង​ភ្ជាប់​សសរ​ក្រោមផ្ទះ ​ដោយ​ប្រើ​ច្រ​វាក់ រួច​រុះរើ​ប្លន់​យក​លុយ​និង​មាស​អស់​គ្មាន​សល់​ពី​ក្នុង​ទូ ។

លុះ​បន្តិច​ក្រោយមក​ ទើប​មានការ​ភ្ញាក់ផ្អើល ដោយសារ​មាន​អ្នក​ភូមិ​ម្នាក់​ចូល​ទៅ​ជួយ​ស្រាយចំណង ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ដែល​ចុះ​ទៅ​ពិនិត្យ​ផ្ទះ​កើតហេតុ និង​សួរនាំ​អំពី​ដំណើ​រឿង​នេះ ហាក់​​ស្ទាក់ស្ទើរ​ក្នុង​ការ​ជឿ ព្រោះ​មាន​ហេតុផល​មួយ​ចំនួន​មិន​សមរម្យ និង​មិន​គួរ​ឲ្យ​ទុកចិត្ត​។​

​តាម​ការ​ស្រង់​សំដីស្ត្រី​ឈ្មោះ​សន ច​ន្ធូ បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​ម្នាក់​ដែល​គាត់​មិន​ធ្លាប់​ស្គាល់ ​បាន​ចូល​ទៅ​ផ្ទះ​គាត់ ពេល​គាត់​កំពុង​ដេក​លើ​គ្រែ​ក្រោមផ្ទះ​បែរខ្នង​ទៅ​ថ្នល់ ។ រីឯ​ប្ដី​របស់​គាត់​បាន​ចេញ​ទៅ​បង្រៀន​នៅ​សាលា​ ។ ជន​នោះ​មាន​បិទម៉ាស់​មុខ​ផង ហើយ​បាន​ស្រែកហៅ​គាត់ ដោយ​និយាយ​ថា «​មក​អញ្ជើញ​សំបុត្រ​» ។ ហើយ​ភ្លាម​នោះ​ ស្រាប់តែ​រូប​គាត់​ហាក់ដូចជា​ភាំង​ស្មារតី​ ដូច​ត្រូវ​ថ្នាំ​សណ្ដំ​សន្លប់​ឈឹង​តែ​ម្ដង​ ។

គាត់​និយាយ​ទៀត​ថា គ្រានោះ​គាត់​មិន​បានដឹង​ថា ជន​នោះ​ធ្វើ​អ្វីខ្លះ​ទេ លុះ​ពេល​គាត់​ដឹងខ្លួន​ ស្រាប់តែ​ត្រូវ​គេ​ចង​នឹង​ច្រ​វាក់​​ភ្ជាប់​នឹង​សសរ​ក្រោមផ្ទះ​ ថែម​ទាំង​ចាក់សោ​ទៀត​ផង ហើយ​ភ្លាម​នោះ​ គាត់​បាន​ស្រែកហៅ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​តាម​ថ្នល់​ មក​ជួយ​ចាក់សោ​​ដោះ​គាត់​ពី​ច្រ​វាក់ ។ ស្ត្រី​រូប​នេះ​បញ្ជាក់​ថា ក្រោយ​រួច​ពី​ច្រ​វាក់ ​គាត់​ទៅ​មើល​លុយ​ និង​មាស​ដែល​ទុក​ខាងក្រោយ​ទូ ​ត្រូវ​ចោរ​ប្រមូល​យក​អស់​គ្មាន​សល់ ​។

បើ​តាម​គាត់​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​ដែល​ចោរ​បាន​ប្លន់​យក​នោះ​មាន មាស​ចំនួន​​៣​តម្លឹង​, ប្លា​ទី​ន​ចំនួន​​១​តម្លឹង​, លុយ​ចំនួន​២០​ម៉ឺន​រៀល និង​លុយ​ដុល្លារ​មួយ​ចំនួន​ទៀត​ ។ ប៉ុន្តែ​ចម្លែក​ត្រង់​ថា ស្ត្រី​រូប​នេះ ​មិន​បានដឹង​ថា មាស​និង​ប្លា​ទី​ន​របស់​គាត់​ដែល​ត្រូវ​ចោរ​យក​ទៅ​នោះ​ជា​គ្រឿង ឬជា​មាសសន្លឹក​នោះ​ទេ ។​

​ជុំវិញ​ករណី​ប្លន់​នេះ បើ​តាម​សាក្សី​ម្នាក់​ឈ្មោះ​ឆែម សាវត្ថី ប្រុស​ អាយុ​២៤​ឆ្នាំ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ស្ត្រី​រង​គ្រោះ​ បាន​ស្រែកហៅ​ខ្លួន​ឲ្យ​ជួយ ពេល​ខ្លួន​កំពុង​ជិះ​ម៉ូតូ​តាម​ថ្នាល់​ ។ ពេល​នោះ​ខ្លួន​ ក៏​ជិះ​ម៉ូតូ​ចូល​ទៅ ស្រាប់តែ​ឃើញ​គាត់​ជាប់​ច្រ​វាក់​នឹង​សសរផ្ទះ ​។ គាត់​បាន​ចង្អុលឱ្យ​ខ្លួន​ទៅ​យក​កូនសោ​ពី​កន្លែង ​ដែល​គាត់​ទុក​ឱ្យ​ជួយ​ចាក់​ដោះ​ច្រ​វាក់​​ចេញ​។

សាក្សី​រូប​នេះ​បាន​បញ្ជាក់​ថា ពេល​នោះ ​ឈ្មោះ​ច​ន្ធូ នេះ​បាន​និយាយ​ថា គាត់​ត្រូវ​ចោរ​ចូល​មក​ចាប់​គាត់​ចង​នឹង​ច្រ​វាក់ រួច​ប្លន់​យក​លុយ​និង​មាស​អស់​គ្មាន​សល់​ ។ ប៉ុន្តែ​ខ្លួន​មិនដឹង​ថា ស្ត្រី​រូប​នេះ​ ត្រូវ​ចោរប្លន់​មែនឬ​មិនមែន​នោះ​ទេ ដោយ​ឮ​គាត់​និយាយ​បែប​នេះ​ខ្លួន​ ក៏​ស្រែកហៅ​អ្នក​ភូមិ​ឲ្យ​មក​ជួយ​មើល ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ទាំង​ពលរដ្ឋ​ទាំង​សមត្ថកិច្ច​តែ​ម្ដង​ទៅ​។​

​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​នេះ បើ​ស្ដាប់​ចម្លើយ​ស្ត្រី​ឈ្មោះ​សន ច​ន្ធូ និង​ចម្លើយ​សាក្សី​ដែល​បាន​ចូល​ទៅ​ជួយ​ហាក់​មិន​ស៊ីសង្វាក់​គ្នា​សោះ​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​និង​សួរនាំ​។ សមត្ថកិច្ច​បាន​លើក​ឡើង​ថា ស្ត្រី​រូប​នេះ​អះអាង​ថា ជន​បិត​មុខ​បាន​ចូល​ទៅ​អញ្ជើញ​សំបុត្រ​ការ តែ​ពេល​សួរ​រក​សំបុត្រ​ការ​ដែល​គេ​អញ្ជើញ​គាត់​នោះ បែរជា​គាត់​ថា រក​មិនឃើញ​។ ដោយឡែក​មាស​និង​ប្លា​ទី​ន​ដែល​បាត់​.. ពេល​សួរ​ថា វា​ជា​មាស​គ្រឿង​ឬ​មាសសន្លឹក ? បែរជា​គាត់​ឆ្លើយ​ថា អត់​ដឹង​ទៅ​វិញ​.​?​។​

​ចំពោះ​រឿង​ត្រូវ​ថ្នាំ​សណ្ដំ​វិញ​.. ស្ត្រី​រូប​នេះ​អះអាង​ថា គាត់​ទំនងជា​ត្រូវ​ថ្នាំ​ជន​បិត​មុខ​មក​អញ្ជើញ​សំបុត្រ​ការ​នោះ ដោយ​គ្រាន់តែ​គាត់​ងាក​មក​រក​ភ្លាម ស្រាប់តែ​ទន់​ស្មារតី​សន្លប់​ឈឹង​តែ​ម្ដង​។ ប៉ុន្តែ​គាត់​នៅ​ចាំ​កន្លែង​ចោរ​ទុក​កូនសោរ​ដែល​ចាក់​ច្រ​វ៉ា​ក់​គាត់​រួច ថែម​ទាំង​បាន​ចង្អុល​ប្រាប់​ឲ្យ​សាក្សី​ដែល​ចូល​ជួយ​ទៅ​យក​មក​ចាក់​ច្រ​វ៉ា​ក់​ដោះ​គាត់​ចេញពី​សសរ​យ៉ាង​ច្បាស់​ទៀត​ផង​។​

​ជុំវិញ​ចម្លើយ​ទាំងនេះ មន្ត្រី​ជំនាញ​ហាក់​កំពុង​មា​នប​ន្ទិ​ល​សង្ស័យ​ជា​ច្រើន ដោយសារ​ការ​ផ្ដល់​ចម្លើយ​មិន​ស៊ីសង្វាក់​នឹង​ព្រឹត្តិ​ហេតុ​ដែល​កើតឡើង និង​ការ​បំភ្លឺ​របស់​សាក្សី​។ សមត្ថកិច្ច​និយាយ​ថា បើ​តាម​សួរ​ដេញ ដោល​អំពី​ប្រវត្តិ​ធ្លាប់​លក់​ដី​បាន​លុយ​ចំនួន​៧​ពាន់​ដុល្លា ហើយ​ក៏​មាន​ជំពាក់​បំណុល​អង្គការ​បណ្ដាក់ទុន​លុយ​ខ្នាត​តូច​មួយ​ចំនួន​៧​ពាន់​ដុល្លា​ផង​ដែរ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។ មន្ត្រី​ជំនាញ​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ​ពេល​នេះ ព្រោះ​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ត​នៅឡើយ​។ ប៉ុន្តែ​គេ​សង្ស័យ​អាច​ជា​រឿង​ប្រឌិត​ច្រើន​ជាង​ការ​ពិត​ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]