ខេត្តកោះកុង៖ នៅក្នុងជំហានដ៏មានសារៈសំខាន់មួយទៀតឆ្ពោះទៅរកកម្ពុជាកាន់តែស្រស់បំព្រង បៃតង និងសុខភាពល្អ ក្រុមការងារសង្គរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា «ណាហ្គាវើលដ៍បេះដូងសប្បុរស» បានបន្តសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីដាំកូនឈើ ៥៧០ ដើម នៅតាមសាលារៀននានានៅក្នុងខេត្តកោះកុង។

ណាហ្គាវើលដ៍ និងក្រសួងពាក់ព័ន្ធ សហការគ្នា

រួមបញ្ចូលជាមួយនឹងកូនឈើដែលត្រូវបានដាំក្នុងរាជធានីភ្នំពេញ និងខេត្តកំពតនៅក្នុងគម្រោងលើកមុន ណាហ្គាវើលដ៍បេះដូងសប្បុរស បានគោរពពាក្យសន្យារបស់ខ្លួនដោយឧបត្ថម្ភកូនឈើបង្គ្រប់ ១.០០០ ដើម ដែលជាផ្នែកមួយកម្មវិធីលើកកម្ពស់ការយល់ដឹងស្តីពីបរិស្ថាន និងការដាំកូនឈើ។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានមានប្រសាសន៍ថា៖

«ការការពារបរិស្ថានមានសារៈសំខាន់ណាស់ ខណៈដើមឈើផ្តល់ខ្យល់បរិសុទ្ធសម្រាប់ជាប្រយោជន៍ដល់សុខភាពរបស់ប្រជាជននៅក្នុងសហគមន៍។ ដើមឈើ គឺជាធនធានដ៏សំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់យើង។ ដើមឈើ ជួយកាត់បន្ថយខ្យល់កខ្វក់ និងកាត់បន្ថយការប្រែប្រួលនៃអាកាសធាតុ។ តាមការសិក្សាបែបវិទ្យាសាស្ត្រ បានគណនាថា ដើមឈើធំមួយហិកតា អាចស្រូបយកឧស្ម័នកាបូនិចក្នុងមួយឆ្នាំដែលគ្រប់គ្រាន់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកាបូនសម្រាប់មនុស្ស ១០ នាក់»។

គាត់បានបន្ថែមថា៖

«ដើមឈើ ក៏ដើរតួជាម៉ាស៊ីនត្រជាក់ធម្មជាតិដោយវាផ្តល់ម្លប់ និងកាត់បន្ថយសីតុណ្ហភាពនៅកន្លែងដែលនៅជុំវិញផងដែរ។ ដូច្នេះ ការដាំកូនឈើនៅតាមសាលារៀនក្នុងខេត្តកោះកុង នឹងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនដល់សិស្ស លោកគ្រូ-អ្នកគ្រូ និងសហគមន៍ និងធ្វើឲ្យ បរិយាកាសសិក្សាកាន់តែប្រសើរឡើង។ ណាហ្គាវើលដ៍បេះដូងសប្បុរស បានដាំកូនឈើជាង ៣.៣០០ ដើមក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤ ហើយយើងក៏បានរៀបចំសិក្ខាសាលាស្តីពីការថែរក្សាបរិស្ថានដែលផ្តល់ដោយក្រសួងបរិស្ថានថែមទៀតផង។ យើងសង្ឃឹមថា អ្នកទាំងអស់គ្នាអាចចូលរួមជាមួយយើង និងធ្វើឲ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងសម្រាប់ខ្លួនយើង និងក្មេងៗជំនាន់ក្រោយ»។
កូនឈើរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស

លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖

«កូនឈើទាំង ១.០០០ ដើម ដែលបានដាំនេះ គឺជាស្នាដៃដែលគួរឲ្យកត់សម្គាល់មួយដែលជួយបង្កើនគុណភាពនៃជីវិតសម្រាប់សិស្សានុសិស្ស និងសហគមន៍។ ក្រៅពីផ្តល់ឲ្យយើងនូវខ្យល់អុកស៊ីសែនបរិសុទ្ធ ដើមឈើក៏ផ្តល់ម្លប់ដ៏ត្រជាក់ដល់យើង ហើយវាក៏ជាជម្រករបស់សត្វព្រៃផងដែរ។ ដើមឈើ មានសារៈសំខាន់ច្រើនណាស់»។

អភិបាលរងខេត្តកោះកុងឯកឧត្តម អន ភារៈ បានធ្វើការកត់សម្គាល់ថា៖

«ឫសឈើស្រូបយកទឹកភ្លៀង និងទប់ស្កាត់ការហូរច្រោះនៃដីដែលជួយកាត់បន្ថយទឹកជំនន់ដែលបណ្តាលឲ្យសាលារៀនបិទទ្វារ។ ដូច្នេះ ដើមឈើ គឺជាធាតុសំខាន់ដែលជួយពួកយើងឲ្យដំណើរការសាលារៀនថ្វីត្បិតនៅក្នុងរដូវខ្យល់មូសុងក៏ដោយ»។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បាននិយាយថា៖

«បរិស្ថានកាន់តែបៃតងនឹងផ្តល់ភាពរីករាយ និងសេចក្តីសុខដល់សិស្សានុសិស្សដែលជាអនាគតរបស់ប្រទេសជាតិ ដូច្នេះយើងគាំទ្រកម្មវិធីនេះពេញទំហឹង»។

លោក ផូ ប៊ុនធឿន នាយកវិទ្យាល័យកោះកុង បានបញ្ជាក់ពីការគាំទ្រ និងស្វាគមន៍ការដាំកូនឈើថ្មីបន្ថែមនេះនៅតាមសាលារៀន។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍បេះដូងសប្បុរស និងក្រសួងពាក់ព័ន្ធដែលបានសហការបង្កើតកម្មវិធីបរិស្ថាននេះឡើង៕

សិស្សានុសិស្ស ចូលរួមក្នុងសិក្ខាសាលាស្តីពីចំណេះដឹងបរិស្ថាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]