ម៉ាឡេស៊ី៖ ថ្មីៗនេះមានវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម Twitter ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ជុំវិញនឹងសកម្មភាពរបស់យុវជនជាកូនប្រុសម្នាក់ សុខចិត្តប្តូរពាក់ស្បែកជើងកែងជំនួសម្តាយ ពាក់ដើរក្នុងផ្សារទាំងមិនអៀនខ្មាស ក្រោយម្តាយត្អូញត្អែរថាឈឺជើងខ្លាំង។

ម្តាយត្អូញឈឺជើង កូនប្រុសប្តូរពាក់ស្បែកជើងម្តាយ

ជាក់ស្តែង បើផ្អែកតាមរយៈគណនី Twitter ឈ្មោះថា @AmrulFrdaus ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសខាងលើនេះ បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ ខ្លួនហើយនឹងគ្រួសារបាននាំគ្នាដើរផ្សារទំនើប Queensbay Mall ក្នុងរដ្ឋ Penang ។ ហើយនៅគ្រានោះម្តាយរបស់គេបានត្អូញត្អែរយ៉ាងខ្លាំងថា ឈឺជើងពិបាកដើរ ដោយសារតែគាត់ពាក់ស្បែកជើងកែងខ្ពស់។

Amrul ថា «ម៉ាក់របស់ខ្ញុំគាត់ត្អូញឈឺជើង ព្រោះតែគាត់ពាក់ស្បែកជើងកែង។ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំណាស់» ។

ក្រោយមក យុវជនជាកូនប្រុសវ័យ ២៣ឆ្នាំខាងលើនេះ ក៏បានសម្រេចចិត្ត ប្តូរស្បែកជើងស៊ករបស់ខ្លួនទៅឲ្យម្តាយពាក់វិញ ខណៈដែលខ្លួនសុខចិត្តពាក់ស្បែកជើងរបស់ម្តាយតែម្តង។

Amrul និយាយថា ខ្លួនពិតជាមិនដែលនឹកគិតថា នឹងពាក់ស្បែកជើងកែងរបស់ម្តាយគេបែបនេះនោះទេ។ ប៉ុន្តែគេគ្រាន់តែដឹងថា គេធ្វើបែបនេះក៏ព្រោះតែចង់ជួយសម្រួលការលំបាកម្តាយរបស់ខ្លួន ក្រោយឮគាត់បានត្អូញថាឈឺជើងខ្លាំង។ Amrul បន្តថា នៅគ្រានោះ គេក៏បានរកមើលហាងលក់ស្បែកជើងនៅក្បែរនោះផងដែរ ប៉ុន្តែដូចមិនឃើញមាន ទើបគេក៏សម្រេចចិត្តមានតែធ្វើបែបនេះតែម្តងទៅ។

«ខ្ញុំពិតជាចង់ទិញស្បែកជើងថ្មីមួយគូទៀត (រាបស្មើ) ឲ្យម៉ាក់ខ្ញុំណាស់ ប៉ុន្តែគ្មានហាងលក់នៅក្បែរនោះ ហើយម្យ៉ាងនៅគ្រានោះ ប៉ារបស់ខ្ញុំក៏ប្រញាប់ទៅវិញទៀត អីចឹងហើយទើបបានជាខ្ញុំមិនអាចរកទិញឲ្យគាត់បានភ្លាមៗ» Amrul និយាយ។

ម្តាយត្អូញឈឺជើង កូនប្រុសប្តូរពាក់ស្បែកជើងម្តាយ

គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងរ៉ាវបង្ហោះចែករំលែកនេះ Amrul ត្រូវបានគេដឹងថា នេះគឺជាលើកទី១ហើយ ដែលរូបគេត្រូវមកពាក់ស្បែកជើងកែងបែបនេះ។ ប៉ុន្តែមិនថាយ៉ាងណា សកម្មភាពមួយនេះគឺជាការផ្តល់ភាពកក់ក្តៅមួយ ដែលកូនប្រុសបានបង្ហាញចេញពីទំហំនៃសេចក្តីស្រលាញ់ ទៅកាន់ម្តាយជាទីស្រលាញ់របស់គេផងដែរ។

ទន្ទឹមនឹងនេះ ក៏មានមហាជននិងអ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិសរសើរដល់ Amrul ដែលមានទឹកចិត្តស្រលាញ់ម្តាយយ៉ាងធំធេង ជាក់ស្តែងដូចជាការស៊ូពាក់ស្បែកជើងកែងជំនួសគាត់បែបនេះ ដើរពេញផ្សារទាំងមិនខ្លាចខ្មាសគេ ដើម្បីជួយសម្រួលដល់ការលំបាក ឬឈឺចាប់(ជើង)របស់គាត់ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]