រាជធានី​ភ្នំពេញ ៖ ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃបំផុតមួយ​ដែល​ទើបបំបែកបាននេះ​​ ​ត្រូវ​នាងជាឃាតករ​ប្រាប់ថ​ា ពិតជាបាន​កាត់​​សាកសពជាដុំ​ៗ​យក​ទៅ​បោះចោលមែន ដើម្បីចង់​បង្វែងដាន និងចង់បំបាត់​ភស្តុតាងផង គឺ​​​នាងបាន​​ឆ្លើយ​សារភាព​នូវ​ការសម្លាប់​ស្ត្រីរងគ្រោះ​​​យ៉ាងរំភើយ ដោយ​អត់​ការ​តក់ស្លុត​​​នោះ​ទេ ហើយយ៉ាងច្បាស់និងក្បោះក្បាយ​ប្រាប់ដល​់​សមត្ថកិច្ច ដែលនាំនាងទៅ​ដល់ផ្ទះ​ដែលនាង​បាន​សម្លាប់​ស្ត្រីរងគ្រោះ​ ។​

ជា​ការពិត ​គឺនាង​​ជាឃាតករ​សម្លាប់​មនុស្ស​​ដ៏​មានឈាមដ៏​ត្រជាក់ និង​សាហាវព្រៃផ្សៃខ្លាំងណាស់ ។ អ្វី​ដែលធ្វើឱ្យ​ហួ​សចិត្ត​​​ពេល​ដែល​ឮនាង​និយាយ​ត្រង់ឃ្លា​​ថា «​ពេល​ខ្លះ​ញ៉ុមឆ្លាត​ ត្រង់​ថា​ទូទឹក​កក​​នេះ​​ កក​​ខ្លាំង​​ណាស់ ចឹ​ងញ៉ុមបន្ថយ​កន្លែងនេះឱ្យ​កកល្មម ដើម្បីស្រួល​កាត់សពជាដុំៗ ព្រោះ តែ​ញ៉ុម​ខ្លាច​​ឈាម​ណាស់» ​។

ស្ត្រី​ជា​ឃាតករ​​ឆ្លើយសារភាពទៀត​​ថា «ខ្លួន​ពិតជា​បានសម្លាប់​ស្ត្រី​រង​គ្រោះ​ប្រាកដ​មែន ដោយ​ដំបូង​បាន​ចាប់​ច្របាច់ក​និង​កាច់ក​បំបាក់ ។ លុះ​ដឹង​ថា ​ស្លាប់​ហើយខ្លួន​ក៏​បាន​យក​កាំបិតប៉័ងតោ​កាត់​សព​ជា​កំណាត់​ៗ ដោយ​​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនីរ ពន្លះ​យក​សាច់ ច្រក​ដាក់​ស្បោង​ខ្មៅ​ដាក់​ក្នុង​ធុង​ក្លា​ស្សេ​ធំ​មួយ និង​ជញ្ជូនយក​ទៅ​បោះចោល​នៅ​ក្នុង​ទន្លេ​បន្តិច​ម្តង​ៗ​ទាល់តែ​អស់ ។ ចំពោះការ​​​ខ្ចប់​សព​ដែល​កាត់​ជា​បំណែក​ៗ​យក​ទៅ​បោះចោល​នេះ គឺ​ដើម្បី​មិន​ឱ្យ​នរណា​ម្នាក់​ចាប់អារម្មណ៍​នោះឡើយ ។

ក្រោយ​ពី​ទទួល​បានការ​សារភាព​ប្រាប់​អំពី​សកម្មភាព​របស់​ខ្លួន​ទៅ​លើ​ស្ត្រី​ជា​ជន​រង​គ្រោះ​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​មិថុនា កម្លាំង​កងរាជអាវុធហត្ថ​ក៏​នាំ​ខ្លួន​ស្ត្រី​ដៃដល់​ទៅ​ធ្វើការ​ឆែកឆេរ​ក្នុងផ្ទះ​របស់​ខ្លួន និង​បាន​នាំ​ទៅ​ឱ្យ​ចង្អុល​កន្លែង​ ដែល​បាន​យក​បំណែក​សព​របស់​ស្ត្រី​រង​គ្រោះ​មួយ​ចំណែក មាន​ប្រអប់ដៃ ប្រអប់ជើង​ទៅ​បោះចោល​នៅ​មាត់ទន្លេ​ផង​ដែរ ។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​សម្លាប់​នេះ ​គឺជា​រឿងប្លន់​សម្លាប់ ដោយសារ​តែ​កន្លង​មក​ ស្ត្រី​ជា​ជន​ដៃដល់​បាន​ខ្ចី​លុយ​ពី​ស្ត្រី​រង​គ្រោះ ។ ​

គួរបញ្ជាក់ថា ​សមត្ថកិច្ច​កា​រិយា​ល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​បំបែកសំណុំរឿង​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​មួយ ដោយ​ឃាត់​ខ្លួន​ស្ត្រី​ជាជន​ដៃដល់​ម្នាក់ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាពសម្លាប់​ស្ត្រី​ជា​ជាង​អ៊ុតសក់​នៅ​ផ្សារ​​ចាស់​ដែលជា​មិត្តភក្តិ​របស់​ខ្លួន ។

អ្វី​ដែល​មាន​សារជាតិ​សាហាវព្រៃផ្សៃ​បំផុត​កម្រ​ជួប​ប្រទះ​នោះ​គឺ ក្រោយ​ពី​សម្លាប់​ហើយ​បានយក​កាំបិត​ប៉័ងតោ​កាត់​សព​ជា​បំណែក​ៗ ច្រក​ថង់​ខ្មៅ​ ដូច​គេ​ច្រក​សាច់​គោ ​សាច់​ជ្រូក ហើយ​យកទៅ​បោះចោល​ក្នុង​ចេតនា​បំបិទ​ភស្តុតាង ។ ហេតុការណ៍​វែកមុខ​ឃាតករ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង ១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ​មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៤០Eo ផ្លូវ​លេខ​១៥៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ស្ត្រី​ឃាតករ​ជា​ជន​ដៃដល់ ​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ​ ឈ្មោះ ដា អាយុ​ជាង​៤០​ឆ្នាំ ​​នាងមានប្តីរហូត​ដល់៦នាក់ ដែលប្តីចុងក្រោយគេគឺជាជនបរទេស មាន​មុខរបរ​លក់​បាយ​សម្ល ស្នាក់​នៅផ្ទះ​លេខ​៤០Eo ផ្លូវ​លេខ​១៥៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ​។ រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ គឹ​ម យ៉ា​នាង អាយុ៤០​ឆ្នាំ ជា​ជាង​អ៊ុតសក់​នៅ​ផ្សារ​ចាស់ និង​ជា​ស្ត្រី​មេម៉ាយ មានកូន​ស្រី​ម្នាក់​ឈ្មោះ ពេជ្រ ស៊ា​វ​ម៉ី អាយុ​១៧​ឆ្នាំ និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ។ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]