ចិន៖ មិនមែនវីរៈបុរសគ្រប់រូបសុទ្ធសឹងតែមាន Superpower នោះទេ។ ប៉ុន្តែពេលខ្លះគឺគ្រាន់តែជាក្មេងប្រុសម្នាក់ដែលស្រលាញ់ឪពុក និងហ៊ានធ្វើរឿងគ្រប់យ៉ាងដើម្បីជួយសង្រ្គោះជីវិតឪពុកតែប៉ុណ្ណោះ។

ខណៈពេលមនុស្សគ្រប់គ្នាហូបដើម្បីរស់ ប៉ុន្តែក្មេងប្រុស ១១ឆ្នាំម្នាក់ឈ្មោះ Lu Zikuan រស់នៅក្នុងប្រទេសចិន ខំហូបអាហារដើម្បីជួយសង្រ្គោះជីវិតឪពុកទៅវិញ។

ពីមុន Lu Zikuan មានទម្ងន់ត្រឹមតែ ៣០គីឡូក្រាមតែប៉ុណ្ណោះ តែរូបគេបានឡើងទម្ងន់ជាង ១០គីឡូក្រាមក្នុងរយៈពេល ៣ខែចុងក្រោយនេះ បន្ទាប់ពីរូបគេហូបអាហារមួយថ្ងៃ ៥ដង។ ជាមួយនឹងអាហារសំបូងទៅដោយជាតិខ្លាញ់ និងបាយផងនោះ រូបគេបានឡើងទម្ងន់លឿនគួរឱ្យកត់សម្គាល់។

មូលហេតុដែល Zikuan ត្រូវហូបអាហារច្រើនបែបនេះ ព្រោះតែឪពុករបស់គេត្រូវបានគ្រូពេទ្យរកឃើញថា គាត់មានជំងឺមហារីកឈាម ហើយគាត់បានទទួលការព្យាបាលជាហូរហែមកដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែស្ថានភាពរបស់គាត់កាន់តែអាក្រក់ឡើង ដូច្នេះតម្រូវឱ្យគាត់ត្រូវផ្លាស់ប្តូខួរឆ្អឹងខ្នងទើបអាចជួយជីវិតគាត់បាន។

រូបតំណាង

ឆ្លងកាត់ការត្រួតពិនិត្យជាមួយនឹងសមាជិកគ្រួសាររួចមក មានតែខួរឆ្អឹងខ្នងរបស់ Zikuan ម្នាក់គត់ដែលត្រូវគ្នាជាមួយឪពុករបស់គេ។

វាគឺជាដំណឹងល្អសម្រាប់ក្រុមគ្រួសាររបស់ Zikuan ប៉ុន្តែរូបគេមានទម្ងន់ត្រឹមតែ ៣០គីឡូក្រាមតែប៉ុណ្ណោះ ដូច្នេះគេស្គមពេកមិនអាចបរិច្ចាគខួរឆ្អឹងខ្នងបានទេ។

«គ្រូពេទ្យបាននិយាយថា ដើម្បីអាចបរិច្ចាគខួរឆ្អឹងខ្នងបាន ខ្ញុំត្រូវតែមានទម្ងន់យ៉ាងហោចណាស់ក៏ ៤៥គីឡូក្រាមផងដែរ។ ទម្ងន់ដ៏ល្អបំផុតគឺ ៥០គីឡូក្រាម។» (សម្តី Zikuan)

Zikuan បាននិយាយទៀតថា ក្នុងពេលឆាប់ៗនេះ ខ្ញុំនឹងឡើងទម្ងន់ ៥០គីឡូក្រាមដើម្បីអាចជួយជីវិតប៉ាខ្ញុំបាន។

Lu Zikuan និងប៉ាគេ

យ៉ាងណាមិញ ការឱ្យ Zikuan ហូបអាហារច្រើនក៏ផ្តល់បន្ទុកដល់ក្រុមគ្រួសារផងដែរ ព្រោះម្តាយគេអាចរកប្រាក់បានត្រឹមតែ ២,០០០យ័ន(២៨៩ដុល្លារ)តែប៉ុណ្ណោះក្នុងមួយខែ។

អ្នកស្រី Li Jinge ដែលជាម្តាយរបស់ Zikuan បាននិយាយថា៖

«ពួកយើងបានចំណាយប្រាក់ជាង ៥០០,០០០យ័ន (ប្រមាណ៧២៣០០ដុល្លារ) លើថ្លៃព្យាបាលរបស់ប្តីខ្ញុំ ហើយលុយទាំងនេះភាគច្រើនគឺខ្ចីពីបងប្អូននិងមិត្តភក្តិតែប៉ុណ្ណោះ។»

ដោយឡែកអ្នកគ្រូរបស់ Zikuan បាននិយាយថា Zikuan គឺជាក្មេងឆ្លាតនិងពូកែម្នាក់ ហើយគាត់បានរៀបរាប់ទៀតថា៖

«បន្ទាប់ពី Zikuan ឡើងទម្ងន់ មានសិស្សមួយចំនួនបានហៅគេថា “អាជ្រូក” ប៉ុន្តែពួកគេក៏ឈប់ឌឺឌង Zikuan ទៀត នៅពេលដឹងរឿងពិតរបស់គេ។»

រូបតំណាង

នៅពេលសួរ Zikuan ថាគេមានការតូចចិត្តអត់ពេលអ្នកដទៃហៅអាជ្រូកបែបនេះ តែរូបគេបានឆ្លើយថា អត់ទេ ហើយគេក៏មានមោទនភាពផងដែរ។

ដោយគេបាននិយាយថា៖

«ជួយប៉ាសិន ចាំស្រកទម្ងន់ក្រោយ!»

មិនយូរប៉ុន្មាន ខាងសាលាក៏ចាប់ផ្តើមបង្កើតមូលនិធិដើម្បីជួយក្រុមគ្រួសាររបស់ Zikuan ផងដែរ។

ដូច្នេះ Zikuan ពិតជាក្មេងប្រុសដ៏ល្អម្នាក់ពិតមែន។ យើងសង្ឃឹមថាឪពុករបស់គេនឹងជាសះស្បាយក្នុងពេលឆាប់ៗនេះទៅចុះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]