(ភ្នំពេញ)៖ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាលឲ្យផ្ទុះឆេះរថយន្ដ ស្លាប់មនុស្ស១០នាក់ និងរបួស៥នាក់នោះ សមត្ថកិច្ចជំនាញបានបង្ហាញរបាយការណ៍ថា គ្រោះថ្នាក់នេះបង្កឡើយដោយ រថយន្ដដឹកអ្នកដំណើររបស់ «ក្រុមហ៊ុនវិរៈប៊ុនថាំ»។

យោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលផ្ញើទៅកាន់ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា គ្រោះថ្នាក់នេះគឺមកពីអ្នកបើករថយន្ដម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ3E-6503 របស់ក្រុមហ៊ុនវិរៈប៊ុនថាំ ដែលបើកបរក្នុងល្បឿនលឿន និងអ្នកបើកបរមានការធ្វេសប្រហែស ហើយវ៉ាប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។

សមត្ថកិច្ចបានរៀបរាប់លម្អិតថា រថយន្ដបង្ករបស់ក្រុមហ៊ុនវិរៈប៊ុនថាំ បើកបរពីទិសខាងលិច ទៅទិសខាងកើតក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ាប្រជែងម៉ូតូ១គ្រឿង នៅពីមុខខ្លួនស្របទិសគ្នារួចចូលទៅចំណែកផ្លូវម្ខាងទៀត បានទៅបុកជាមួយរថយន្ដមួយគ្រឿង ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-7107 ប្រភេទដឹកទំនិញ អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋាន (ចុះរត់គេចខ្លួនបាត់) ដែលបើកបរពីទិសខាងកើត ទៅទិសខាងលិចបញ្ច្រាសទិសគ្នា រួចរថយន្ដម៉ាក Hyundai ដឹកទំនិញ បានរេចង្កូតទៅបុករថយន្ដម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L-0071 ដែលបើកបរពីទិសខាងលិច ទៅទិសខាងកើត មានអ្នករួមដំណើរក្នុងរថយន្ដ សរុបចំនួន៥នាក់ ស្រីម្នាក់ (ស្លាប់ទាំង៥)។

ជនរងគ្រោះទី១៖ឈ្មោះ ចាន់ គឹមហឿន អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃទា១ សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ (អ្នកបើកបរ), ទី២៖ឈ្មោះ គឹម ឆាត អាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ, ទី៣៖ឈ្មោះ ហេង មករា អាយុ៤៣ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ, ទី៤៖ឈ្មោះ ភឿក ជ្រុនច័ន្ទរិទ្ធិ អាយុ៣៧ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ និងទី៥៖ឈ្មោះ អេង ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រៃ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ដោយឡែក អ្នករួមដំណើរក្នុងរថយន្ដរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ មានចំនួន១១នាក់ ស្រី៤នាក់ ក្នុងនោះស្លាប់៥នាក់ ស្រីម្នាក់, របួសធ្ងន់២នាក់ ស្រីម្នាក់ និងរបួសស្រាល៤នាក់ ស្រី២នាក់។

ជនរងគ្រោះទី១៖ឈ្មោះ ឈឿម សំអាន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ អ្នកបើកបររថយន្ដបង្ក (របួសធ្ងន់), ទី២៖ឈ្មោះ សាង ប៊ុនសូវ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត (ស្លាប់), ទី៣៖ឈ្មោះ សូត្រ វ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកំចាយមាខាងជើង ឃុំក្រញ៉ូង ស្រុកកំចាយមា ខេត្តព្រៃវែង (ស្លាប់), ទី៤៖ឈ្មោះ ចាន់ វុត្ថា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (ស្លាប់), ទី៥៖ឈ្មោះ អឹម ថាវរៈ ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកំណើតខេត្តបាត់ដំបង ស្នាក់នៅបុរីចំការដូង ខណ្ឌដង្កោ (ស្លាប់), ទី៦៖ឈ្មោះ ឌិន ធីហា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (ស្លាប់), ទី៧៖ឈ្មោះ អ៊ឹង សុភ័ណ្ឌនារី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិចេក ឃុំអូររ ស្រុកភ្នំស្រួច (របួសធ្ងន់), ទី៨៖ឈ្មោះ លឿន ធីតា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិគោកចក ខេត្តសៀមរាប (របួសស្រាល), ទី៩៖ឈ្មោះ គិត បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ (របួសស្រាល), ទី១០៖ឈ្មោះ ញ៉ែម ស៊ីថារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (របួសស្រាល) និងទី១១៖ឈ្មោះ ឈួន កវី ភេទស្រី អាយុ៤៣ឆ្នាំ (របួសស្រាល)៕

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]