សម័យ​នេះ ទាំង​នេះ​ទាំង​ចាស់ បង្កើត​ទម្លាប់​ផឹក​កាហ្វេ​ពេល​ព្រឹក ថ្ងៃ​ត្រង់ អ្នក​ខ្លះ​យប់​ក៏​ផឹក​ដែរ ប៉ុន្តែ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ដឹងច្បាស់ ពី​គ្រោះ​ថ្នាក់បង្ក​ដោយ​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​យើង​ផឹក​លើស​កម្រិត? ចុះ​មួយ​ថ្ងៃ​រាង​កាយ​យើង​គួរ​ទទួល​ជាតិ​កាហ្វេអ៊ីន​ប៉ុន្មានទើប​សម​ល្មម? អត្ថបទ​ “Hello គ្រូពេទ្យ” មួយ​នេះ មិន​សំដៅ​តែ​កាហ្វេ​ តែប៉ុណ្ណោះ​ទេ គឺ​សំដៅ​គ្រប់​ឲ្យ​តែអាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​តែម្តង បើ​ផឹក​លើស​កម្រិត ច្បាស់​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​ហើយ។

១- គួរ​ផឹក​ជាតិ​កាហ្វេអ៊ីន​ប៉ុន្មាន​ទើប​សម​ល្មម?

កម្រិត​ស្តង់ដារ​សមស្រប​បំផុត​ចំពោះ​សុខភាព​មនុស្ស​ពេញវ័យ គឺខ្ពស់​បំផុតត្រឹម ៤០០ មិល្លីក្រាមប៉ុណ្ណោះ អាច​ប្រមាណកាហ្វេ ៤ កូនពែង ​កូកាកូឡា ១០ កំប៉ុង​ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ២ កំប៉ុង។ យ៉ាង​ណាបរិមាណ​កាហ្វេអ៊ីន​​ក្នុង​ភេសជ្ជៈមិន​ស្មើ​គ្នា​ទេ ដើម្បី​ដឹង​ច្បាស់​ពី​កម្រិត​ផឹក ត្រូវ​ពិនិត្យ​​នៅ​លើ​កំប៉ុងត្រង់​តារាង​ធាតុផ្សំ​ប្រាកដ​មាន​បង្ហាញ យើង​ព្យាយាម​ធ្វើ​ម៉េច​កុំ​ឲ្យ​ផឹក​លើស​នេះ ៤០០ មិល្លីក្រាមឲ្យ​សោះ។ ចាំ​ថាបើ​មាន​រោគ​សញ្ញា​ឈឺក្បាលប្រកំាង​ គេង​មិន​លក់ ​ថប់បារម្ភ ​មួម៉ៅ​ឆាប់​ខឹង ​ឡេះឡះ ចង់​ក្អួត​ បញ្ហានោម​ បេះដូង​លោត​ញាប់​ជាង​ធម្មតា ឬ​ចង់​រមួលសាច់ដុំ​ (ក្រពើ) ​ជាដើម ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេអ៊ីនភ្លាម។
– បម្រាម៖ មិនគួរយក​កាហ្វេអ៊ីន​ទៅ​លាយ​ជាមួយ​ ស្រា​ ឬ​ភេសជ្ជៈមាន​ជាតិ​អាល់កុលនោះឡើយ។

២- នរណា​ខ្លះ​មិន​គួរ​ញ៉ាំជាតិកាហ្វេអ៊ីន?

– ក្មេង៖ ដោយ​សារ​រាងកាយ និង​ប្រព័ន្ធ​ភាពស៊ាំ ក្មេងៗ​​នៅ​ខ្ចី មិន​អាច​ទប់​ទល់​នឹងឥទ្ធិពលជាតិកាហ្វេអ៊ីន ដែល​ផលិត​ឡើង​សម្រាប់​មនុស្សពេញ​វ័យ​​បាន​ទេ។
– មាន​បញ្ហា​ការ​គេង៖ កាហ្វេអ៊ីន​ជា​សាធាតុប្រឆាំង​ការ​គេង ធ្វើ​ឲ្យ​គេង​មិន​លក់។ បើ​យើង​កំពុង​តែ​រឿង​ពិបាក​គេង​ហើយ នៅឆ្លៀត​ផឹកកាហ្វេ ឬញ៉ាំ​ជាតិ​​កាហ្វេអ៊ីនទៀត ត្រូវ​ចាត់​ទុក​ទម្លាប់​អាក្រក់​បំផុត ដូច​ជា​កំពុង​ធ្វើ​បាប​ខ្លួន​ឯង​អ៊ីចឹង។
– កំពុង​ប្រើ​ថ្នាំ៖ ថ្នាំ​ពេទ្យ និង​ថ្នាំ​រុក្ខជាតិ​មួយ​ចំនួន ​អាច​មាន​ប្រតិកម្ម​នឹងជាតិ​កាហ្វេអ៊ីន​ ដូចជា​ថ្នាំ Ephedrine (​ថ្នាំ​ការ​ពារ​កុំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ) នឹង​ធ្វើ​ឲ្យ​យើងប្រកាច់ ឬ​បញ្ហា​សរសៃ​ឈាមបេះដូង។ ថ្នាំ Theophylline (ថ្នាំ​ហឺត) នឹង​ធ្វើ​ឲ្យ​ជាតិកាហ្វេអ៊ីន ​ប្ដូរ​ទៅ​ជា​​ឥទ្ធិពលប៉ះ​ពាល់​រាង​កាយ បង្ក​ឲ្យ​មាន​អាការៈ ​ដូចជា ក្អួត​ចង្អោរ ឬ​ញ័រទ្រូង​ជាដើម។ ឯ​ពពួកឱសថ​រុក្ខ​ Echinacea បណ្ដាល​ឲ្យ​កើន​ឡើង​កំហាប់​កាហ្វេអ៊ីន ក្នុង​ឈាម។

៣- គួរ​គ្រប់គ្រងបញ្ហា​​ញៀន​ជាតិ​​កាហ្វេអ៊ីន​ដោយ​វិធី​ណា?

ឲ្យ​តែ​មាន​ពាក្យ “ញៀន” មួយ​ម៉ាត់​ អម​មក​ជាមួយ ចង់​​កាត់បន្ថយ​ប្រហែល​ជាមិន​​សូវ​ស្រួល​ប៉ុន្មាន​ទេ។ ដោយ​សារ​តែ កាហ្វេអ៊ីន ជួយ​រាងកាយ​យើង​ច្រើន ដូច្នេះ​បើ​យើង​ធ្លាប់​តែ​ញ៉ាំ​រាល់​ថ្ងៃ ហើយ​កាត់​បន្ថយ ឬ​ផ្អាក​តែ​ម្ដង វា​នឹង​ចេញ​ជា​រោគសញ្ញា ​ឈឺក្បាល ​អស់កម្លាំង​ ល្ហិតល្ហៃ ឆាប់​មួម៉ៅ ហើយ​ការ​ផ្ចង់អារម្មណ៍​​ក៏ធ្លាក់​ចុះ​ដូច​គ្នា។ យ៉ាង​ណា​ក៏​ដោយ បញ្ហា​នេះមិន​ធ្ងន់ធ្ងរ​ទេ អ្វីៗនឹង​វិល​មក​ភាព​ប្រសើរ​វិញនៅ​ ២-៣ ថ្ងៃបន្ទាប់។

ខាង​ក្រោម​នេះ ​ជា​គន្លឹះ​មួយ​ចំនួន​ដើម្បី​គ្រប់គ្រង​ជាតិកាហ្វេអ៊ីន៖

– ដឹង​ចំនួន៖ ដូច​បញ្ជាក់​ខាង​លើ បើ​អត់ចាប់​អារម្មណ៍​ពីបរិមាណកាហ្វេអ៊ីន​ញ៉ាំ​រាល់​ដង ថា​មាន​កម្រិតប៉ុន្មាន​ទេ ត្រូវ​មើល​លើ​តារាង​ធាតុ​ផ្សំ​លើ​​កំប៉ុង ហើយ​បូក​ខ្លួន​ឯង ធ្វើ​ម៉េច​កុំ​ឲ្យ​លើស ៤០០ មិល្លីក្រាម/​ថ្ងៃ។
– បន្ថយ​ទម្លាប់​ផឹក៖ ត្រូវតាំង​ចិត្ត​ខ្លួន​ឯង បន្ថយ​ម្ដង​បន្ដិចៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ស្ថិត​ត្រឹម​​កម្រិត​មួយ​​លែង​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន។
– កុំ​ប្រើ​ថ្នាំ​លាយ៖ ថ្នាំ​បំបាត់​ការ​ឈឺចាប់ មិន​គួរ​ប្រើ​លាយ​ជាមួយ​ជាតិ​កាហ្វេអ៊ីនទេ។
– ​ជម្រើស​ផ្សេង៖ ត្រៀម​ទទួល​រសជាតិ​ប្លែក​បន្តិច ប្តូរ​ពី​តែ កាហ្វេ មិន​ជា​តែឱសថរុក្ខជាតិគ្មាន​ជាតិ​កាហ្វេអ៊ីន​វិញ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]