ចិន៖ មានឪពុកម្តាយជាច្រើន សុទ្ធសឹងតែយកទូរស័ព្ទឱ្យកូនលេង ព្រោះតែងាយស្រួល ធ្វើឱ្យក្មេងនៅស្ងៀម មិនរករឿងជាដើម។ ប៉ុន្តែសូមអ្នកពិចារណាឡើងវិញ ព្រោះតែការយកទូរស័ព្ទឱ្យកូនលេង នៅក្នុងវ័យដ៏ក្មេងបែបនេះ អាចប៉ះពាល់ទៅដល់ភ្នែកក្មេងជាខ្លាំង។

ជាក់ស្តែងយោងតាមប្រភពបានឱ្យដឹងថា មានក្មេងស្រីម្នាក់ឈ្មោះ Xiao Man រស់នៅក្នុងខេត្តជៀងស៊ូ អាយុត្រឹមតែ ២ឆ្នាំកន្លះតែប៉ុណ្ណោះ ត្រូវបានគ្រូពេទ្យរកឃើញថា នាងមានភ្នែកមីញ៉ូបយ៉ាងខ្លាំង។ មូលហេតុដែលនាងមានភ្នែកមីញ៉ូបខ្លាំងបែបនេះ មកពីឪពុកម្តាយនាងរវល់ពេក ដូច្នេះក៏បណ្តោយឱ្យនាងលេងទូរស័ព្ទតាំងពីនាងមានអាយុ ១ឆ្នាំមកម្ល៉េះ។

ឪពុកម្តាយនាងបាននិយាយថា នៅពេលកូនគាត់លេងទូរស័ព្ទទៅ នាងនៅស្ងៀម មិនរករឿងច្រើន ដូច្នេះក៏ចេះតែបណ្តោយឱ្យនាងលេងជាហូរហែទៅ។ អស់រយៈពេលជាង ១ឆ្នាំកន្លះមក Xiao Man ចាប់ផ្តើមមានទម្លាប់មួយដូចជាព្រិចភ្នែក ភ្នែកមីមី និងប្រឹងមើលជាដើម។ ប៉ុន្តែឪពុកម្តាយនាងគិតថា វាអាចគ្រាន់តែជាទម្លាប់អាក្រក់របស់នាងតែប៉ុណ្ណោះ ដូច្នេះក៏ពុំបានធ្វើអ្វីច្រើនដែរ។

ក្មេងស្រី Xiao Man

រហូតដល់ថ្ងៃមួយ ទើបឪពុកម្តាយ Xiao Man បានសម្រេចចិត្តនាំនាងទៅពិនិត្យភ្នែកមើល មានអីគ្រូពេទ្យបានបញ្ជាក់ថា នាងមានភ្នែកមីញ៉ូបរហូតដល់ទៅ ៩០០ដឺក្រេឯណោះ។

គ្រូពេទ្យបានបញ្ជាក់បន្ថែមទៀតថា Xiao Man មានវ័យក្មេងពេកក្នុងការប្រើប្រាស់ទូរស័ព្ទ ហើយភ្នែករបស់នាងនោះ ពុំអាចវិលត្រលប់មកជាធម្មតាវិញបានទេ។

លើសពីនេះទៀត លោកគ្រូពេទ្យបាននិយាយទៀតថា នៅពេលក្មេងនេះធំឡើង ស្ថានភាពភ្នែករបស់កូននេះ អាចកាន់តែអាក្រក់ជាងនេះទៀតក៏ថាបានដែរ។

រូបតំណាង

យ៉ាងណាមិញ លោកគ្រូពេទ្យក៏បានផ្តល់ជាដំបូន្មានថា ក្មេងក្រោមអាយុ ៣ឆ្នាំមិនគួរប្រើប្រាស់គ្រឿងអេឡិចត្រូនិកនោះទេ ខណៈពេលក្មេងចាប់ពីអាយុ ៣ឆ្នាំដល់ទៅ ៦ឆ្នាំគួរតែកំណត់ពេលវេលាឱ្យពួកគេប្រើយ៉ាងច្រើនបំផុតត្រឹមតែ ៣០នាទីតែប៉ុណ្ណោះក្នុងមួយថ្ងៃ។

ចុងក្រោយ លោកគ្រូពេទ្យបានរៀបរាប់ទៀតថា ឪពុកម្តាយគ្រប់រូបអាចពិនិត្យតាមដានរោគសញ្ញារបស់កូនៗអ្នកបានថាពួកគេមានបញ្ហាភ្នែកឬក៏អត់ តាមរយៈការប្រើដៃញីភ្នែកញឹកញាប់ ការព្រិចភ្នែកញឹកញាប់ និងធ្វើភ្នែកមីមី ខំប្រឹងមើលជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]