រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​បាន​ស្ត្រី​រើស​អេ​ត​ចាយ​ប្រទះ​ឃើញ​អាក្រាត​កាយ​មួយ​កំណាត់​ក្រោម ក៏​បាន​យក​ខោ​ឱ្យ​ស្លៀក ហើយ​នាង​នៅ​លើ​អង្រឹង​មុខ​រោង​លក់​ទឹកត្នោតជូរ លុះ​ជិត​ភ្លឺ​ស្រាប់តែ​នាង​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ម្តុំ​លក់​ទឹកត្នោតជូរ ផ្លូវ​បេតុង តុង​ហ្គោ ស្ថិត​ក្នុងភូមិ​ចោម​ចៅ​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​ឆែកឆេរ​នៅ​ក្នុង​កាបូបស្ពាយ​របស់​នារី​រង​គ្រោះ​ឃើញ​មាន​អត្ត​សញ្ញាណប័ណ្ណ ឈ្មោះ វឿ​ន ធា​រី ភេទ​ស្រី អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​កេ​ត​ក្រោម ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

តាម​សំដី​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ឈ្មោះ ង៉ែត ចាន់​នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ហង្ស ឃុំ​ហង្ស ស្រុក​ប​សេ​ធ ខេត្តកំពង់ស្ពឺ បាន​និយាយ​ថា នៅ​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១០ មិថុនា មុន​កើត​ហេតុ គាត់​ឃើញ​នារី​រង​គ្រោះ​មាន​អាកា​រៈ​ស្លេកស្លាំង​ដេក​ដួល​នៅ​ផ្លូវ​ជិត​កន្លែង​កើតហេតុ ដោយ​អាក្រាត​កាយ​មួយ​កំណាត់​ក្រោម បន្ទាប់​មក​គាត់​បាន​យក​ខោ​ឱ្យ​នារី​រង​គ្រោះ​ស្លៀក ហើយ​ឱ្យ​នាង​ដេក​លើ​អង្រឹង​ដែល​ជា​កន្លែង​កើតហេតុ​។ លុះ​នៅ​ម៉ោង​៦​ល្ងាច​នៅ​ថ្ងៃ​ដដែល នារី​រើស​អេ​ត​ចាយ​ខាងលើ​បាន​យក​បាយ និង​ទឹក​ភេសជ្ជៈ​ឱ្យ​នាង​ហូប តែ​នារី​រង​គ្រោះ​ខាងលើ​បាន​និយាយ​ទាំង​អាកា​រៈហេវ​ហត់ថា គាត់​អត់ឃ្លាន​ទេ។

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​ម៉ោង​កើតហេតុ ស្ត្រី​រើស​អេ​ត​ចាយ​ខាងលើ ទើប​ត្រឡប់​មក​ពី​រើស​អេ​ត​ចាយ​វិញ ដោយ​នឹកឃើញ​អាណិត​នារី​រង​គ្រោះ ហើយ​បាន​យក​ធូបមូស​អុច​ឱ្យ​នាង តែ​មក​ដល់ ដោយ​នារី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ព័ទ្ធ​ខ្សែ​ជុំវិញ​កន្លែង​សាកសព​ខាងលើ ដើម្បី​ទុក​ឱ្យ​ជំនាញ​ខាង​កោសល្យវិច័យ នៅ​ពេល​ព្រឹក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]