ខេត្តបាត់ដំបង ៖ កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្ត ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​អស់​រយ​:​ពេល​៣​ថ្ងៃ លើ​ការ​ណី​ប្លន់​សម្លាប់​យ៉ាង​ឃោ​រឃៅ​នៅ​ស្រុក​មោង​ប្ញ​ស្សី រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្សពួក​ជន​ដៃដល់​បាន​​២​នាក់ ក្នុង​ចំណោម​៣​នាក់ កាលពី​ម៉ោង១១​និង​៥២​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ មិថុនា ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ​នៅ​អធិ​ការ​ស្រុក​ចំនួន​៤ផង​ដែរ ​។

​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ ដែល​កម្លាំង​​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ម្នាក់​ឈ្មោះ​ណែ​ត សុបិន អាយុ​២៨​ឆ្នាំ នៅ​ភូមិ​រកា​ឈ្មោល ឃុំ​គារ ស្រុក​មោង​ប្ញស្សី និង​ម្នាក់​ទៀត​ឈ្មោះ​ឯក ស៊ី​ណាត អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី និង​បក្សពួក​ម្នាក់​ទៀត​កំពុង​គេចខ្លួន ​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន ក្រោយ​ពី​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​សម្លាប់​យុវជន​ម្នាក់ បោះ​សាកសព​ចូល​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង កាលពី​ស​ប្ដា​ហ៍​មុន​នេះ នៅ​ឃុំ​គារ ស្រុក​មោង​ប្ញស្សី​។ ហើយ​កិច្ច​ប្រតិបត្តិការ​នេះ​ ក៏មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​កម្លាំង​ជំនាញនៃ​អធិការ​ស្រុក​មោងប្ញស្សី ស្រុក​រុក្ខ​គិរី ស្រុក​គាស់​ក្រឡ និង​ស្រុក​សំឡូត​ ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សាកសព​យុវជន​ម្នាក់ ត្រូវ​គេ​សម្លាប់​រួច​យក​ទៅ​ចោល​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង នៅ​ចំណុច​ព្រៃ​ពពេល ស្ថិត​ក្នុងភូមិ​រកា​ឈ្មោល ឃុំ​គារ ស្រុក​មោង​ប្ញ​​ស្សី​។ ជន​រង​គ្រោះ​ឈ្មោះ ម៉ិ​ល សុខុម ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ​ស្តៅ ឃុំ​តា​លាស់ ស្រុក​មោង​ប្ញ​ស្សី ​។

ដំបូង​ឡើយ ​គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទេ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ក្រុម​គ្រួសារ និង​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ ថែ​មទាំង​បែកធ្លាយ​វា​ជា​​អំពើ​ប្លន់​សម្លាប់​ជន​រង​គ្រោះ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​នេះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​ បាន​សារភាព​ទ​ទួល​ស្គាល់​នូវ​ទ​ង្វើ​ដ៏ឃោ​ឃៅ​របស់​ពួក​គេ​ហើយ​ ។ លោក​បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​ គឺ​ពួក​គេ​បាន​រៀប​គម្រោង​​ដោយបាននាំជន​រង​គ្រោះមកផ្ទះ​​ ហើយក៏សម្លាប់​​ប្លន់​យក​ម៉ូតូ​តែ​​ម្ដង​។

ជាមួយ​គ្នា​នេះ​ កម្លាំង​ជំនាញ​ដកហូត​បាន​នូវ​វត្ថុ​តាង មាន​ទូរស័ព្ទ​ម៉ាក​សាំ​ស៊ុ​ង​ចំនួន​២​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ស៊េរី​​ឆ្នាំ​2016 ចំនួន​១​គ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 1X-1539​។ ករណី​ជនសង្ស័យ និង​វត្ថុ​តាង​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ និង​កំពុង​តាម​ចាប់ខ្លួន​បក្សពួក​ក្រុម​នេះ​ម្នាក់​ទៀត​៕ (សម្រួលដោយ៖ ស្រីណា​)

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]