ជំងឺ​គ្រុន​ឈាម​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​នៅ​ពេល​ថ្ងៃ និង​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ មិន​ថា​ក្មេង ឬ​ចាស់​នោះ​ទេ។ ថ្មីៗ​នេះ​តួ​លេខ​ជំងឺ​គ្រុន​ឈាម​នៅ​ស្រុក​ខ្មែរ​មាន​សន្ទុះ​កើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ ស្រប​ពេល​ដែល​ប្រទេស​ជិត​ខាង​យើង​មាន​វៀតណាម និង​ថៃ ក៏​តួ​លេខ​ជំងឺ​គ្រុនឈាម​កើន​ឡើង​យ៉ាង​គំហុក​ដែរ។
ជំងឺ​គ្រុន​ឈាម​អាច​កើត​លើ​មនុស្សម្នាក់​ ១-៤ ដង​ឯ​ណោះ ដែល​ការ​កើត​លើក​ទី១ មាន​លក្ខណៈ​ស្រាល ខណៈ​ការ​កើត​លើក​ទី២ ទី៣ កាន់​តែ​ធ្ងន់ធ្ងរ ពិបាក​ព្យាបាល។

ហេតុអ្វី​កើត​គ្រុន​ឈាម​លើក​ទី២ ទី៣ គ្រោះ​ថ្នាក់​ជាង​លើក​ទី១?

ចម្ងល់​នេះ លោក​វេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា​ដោយសារ​តែការប្រឈម​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់ធ្ងរ និង​មួយ​វិញ​ទៀត​កោសិកា T Cell ផលិតប្រពន្ធ័​ការពារ​បាន​ត្រឹម​មួយ​ផ្នែក​ដើម្បី​ប្រឆាំង​ការ​ឆ្លង​មេរោគ​ថ្មី។
ទូទៅ​គេ​បែង​ចែក​ជំងឺ​គ្រុន​ឈាម​ជា ៣ កម្រិត គឺ​កម្រិត​ស្រាល មធ្យម និង​ធ្ងន់ធ្ងរ ហើយ​រោគ​សញ្ញា​ក៏​ដូចគ្នា​ខ្លះ និង​ខុស​គ្នា​ខ្លះ​ទៅ​តាម​កម្រិត​នីមួយៗ លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។

រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​ស្រាល៖
– ក្តៅ​ខ្លូន​ខ្លាំង ពី ៣៨- ៤០ អង្សារសេ
– ឈឺ​ក្បាល​ធ្ងន់​ធ្ងរ
– ឈឺ​ចាប់​ក្រោយប្រលង់​ភ្នែក
– ឈឺ​សន្លាក់ និង​ឈឺ​សាច់​ដុំ
– ចង្អោរ និង​ក្អួត
– ធុំបាយ
– លេច​ស្នាម​កន្ទួល​លើ​ខ្លួន ៣-៤ ថ្ងៃ​ក្រោយ​ក្តៅ​ខ្លួន។

រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​មធ្យម៖
ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម​អាច​បណ្តាល​ឲ្យ​ស្លាប់ ប្រសិន​បើ​យើង​ព្យាបាល​មិន​ទាន់​ពេល ឯ​រោគ​សញ្ញា​ដូចគ្នា​ទៅ​នឹង​កម្រិត​ស្រាល​ដែរ គ្រាន់​តែ​បន្ថែម​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។
– ខូច​សរសៃ​ឈាម
– ឡើង​កូន​កណ្តុរ
– មាន​ស្នាម​ជាំ​ពណ៌ស្វាយ
– មាន​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ ​​ក្រោម​ស្បែក និងខាងក្នុងសរីរាង្គ។

រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ៖
ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់ធ្ងរ​នឹង​មាន​ចេញ​រោគ​សញ្ញា​សំខាន់ៗ​ ៣ ខាង​ក្រោម​នេះ បន្ថែម​ពី​លើ​រោគ​សញ្ញា​កម្រិត​ស្រាល។​
– ​ចេញ​សារធាតុ​រាវ​តាម​សរសៃ​ឈាម
– ​ហូរ​ឈាម​ច្រើន
– សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង
– ជីពចរខ្សោយ ឡេះឡះចុកពោះខ្លាំង
– ត្រជាក់ចុងដៃចុងជើង
– ស្បែកពណ៌ក្រឡាខ្ជឹង និង អាច​បណ្តាល​ឲ្យ​ស្លាប់។

វិធី​ការពារ​ជំងឺ​គ្រុន​ឈាម
– បំបាត់​ជម្រក​មូសខ្លា
– គេង​ក្នុង​មុង
– ពាក់ខោ​អាវ​ជិតៗ មាន​ពណ៌​ចាំងៗ
– លាប​ក្រែម ឬ​បាញ់​ស្ព្រៃយ៍​ការពារ​មូសខាំ​ពេល​ចេញ​ទៅ​កន្លែ​ងងងឹត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]