ឥណ្ឌា៖ បុរសវ័យចំណាស់ជាកសិករជនជាតិឥណ្ឌាម្នាក់ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជនទូទៅ ជាមួយនឹងស្នាដៃច្នៃបង្កើតម៉ាស៊ីនដ៏អស្ចារ្យម្យ៉ាង ដែលអាចបើកនាំគាត់ឡើងដើមឈើបានយ៉ាងមួយស្រួល ដោយមិនពិបាកហត់នឿយនឹងតោងឡើង។

លោក Ganapathi Bhat

បុរសកសិករខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Ganapathi Bhat មានអាយុ ៤៩ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងភូមិ Komale ក្បែរកូនក្រុង Bantwal ភាគខាងត្បូង ប្រទេសឥណ្ឌា។

ថ្វីបើជាកសិករម្នាក់ ប៉ុន្តែលោក Bhat ត្រូវបានគ្រប់គ្នាកោតសរសើរយ៉ាងខ្លាំង ទៅលើភាពមានគំនិតច្នៃប្រឌិតរបស់គាត់ ដែលអាចបង្កើតម៉ាស៊ីនម្យ៉ាង ឬហៅថា «ម៉ូតូបើកឡើងដើមឈើ» (Tree Motorbike ឬ Tree Bike) បានយ៉ាងអស្ចារ្យ (រូបរាងស្រដៀងម៉ូតូ មានដៃកាន់ និងកង់ជាដើម)។

បើយោងតាមប្រភពសារព័ត៌មាន កន្លងមកកសិករវ័យចំណាស់ លោក Bhat ក៏ធ្លាប់មានគំនិតច្នៃបង្កើតម៉ាស៊ីនស្រដៀងគ្នានេះ កាលពីជាង១០ឆ្នាំមុនផងដែរ ប៉ុន្តែត្រូវបរាជ័យ។ ទើបតែមួយរយៈពេលចុងក្រោយនេះប៉ុណ្ណោះ ដែលលោក Bhat បានព្យាយាមរិះរកគំនិតថ្មី ដើម្បីច្នៃបង្កើតម៉ូតូឡើងដើមឈើនេះ ដោយទទួលបានជោគជ័យផងដែរ។

លោក Ganapathi Bhat

លោក Bhat បានចំណាយពេលអស់ជាង ៧ខែ នៅក្នុងការច្នៃបង្កើតស្នាដៃថ្មីរបស់គាត់នេះ។ ពោលគឺ Tree Bike នេះ បានបញ្ចប់ចេញជារូបរាង នៅក្នុងកំឡុងខែឧសភា កន្លងទៅនេះ។ រូបផ្គុំបានជា Tree Bike នេះឡើង លោក Bhat បានប្រើប្រាស់ឧបករណ៍ដូចជា អំប្រាយ៉ាហ្ស ឈ្នាន់ល្បឿន ដុំហ្វ្រាំង២ បូម និងប្រើម៉ាស៊ីនសាំង (ឬម៉ាស៊ីនភ្លើង) 2.1 HP ជាដើម។

លោក Bhat បាននិយាយថា លើកដំបូងបំផុតដែលលោកបានតេស្តសាកល្បងជិះវាឡើងទៅដល់ចុងឈើនោះ លោកក៏បានប្រាប់កូនប្រុសលោកថា ឲ្យត្រៀមហៅឡានពេទ្យឲ្យលោកឲ្យហើយផង។ ប៉ុន្តែមិនថាយ៉ាងណា នៅទីបំផុតវាគឺពិតជាមានសុវត្ថិភាពល្អដល់លោក។ ក្រោយមក លោកក៏បានធ្វើតេស្តសាកល្បងជាបន្តបន្ទាប់ ដោយការជិះបញ្ជាវាឡើងដើមឈើជាច្រើន ប្រមាណ ១៥០ដើមហើយ មុនពេលដែលលោកបានបើកបង្ហាញមុខមាត់របស់វា ដើម្បីឲ្យអ្នកស្រុកភូមិរបស់លោកបានឃើញ។

លោក Bhat បន្តថា ក្នុងករណីដែល Tree Bike ឬម៉ូតូឡើងដើមឈើនេះ វាមានបញ្ហាបច្ចេកទេសណាមួយកើតឡើង ដូចជា គាំងនៅត្រឹមពាក់កណ្តាល (ដើមឈើ) ដូច្នេះយើងក៏អាចជាន់អំប្រាយ៉ាហ្ស (ឬទាញចង្កឹះលេខ) ដើម្បីឲ្យវារូតកង់ទម្លាក់ ឬរអិលខ្លួនចុះមកដីវិញបានផងដែរ ដោយពុំចាំបាច់បារម្ភរឿងគ្រោះថ្នាក់នោះឡើយ។

លោក Ganapathi Bhat

គួរឲ្យដឹងផងដែរថា បន្ទាប់ពីលោក Bhat បានបង្អួតបង្ហាញ Tree Bike របស់លោកជាសាធារណៈហើយនោះ ក្នុងនោះក៏មានអ្នកស្រុកភូមិរបស់លោកជាច្រើន ក៏បាននឹងកំពុងតែតម្រង់ជួរ ចង់ទិញម៉ាស៊ីននេះពីលោកផងដែរ ដែលជាហេតុធ្វើឲ្យលោក Bahat មានគម្រោងថានឹងបង្កើតវាឲ្យបានច្រើន នឹងដាក់លក់នៅក្នុងតម្លៃប្រមាណជាខ្ទង់ ១ពាន់ដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ លោក Bhat ក៏បានអួតខ្លួនឯងដែរថា លោកក៏ធ្លាប់ជាសិស្សដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្រ្ត ហើយកាលពីមុនលោកក៏ធ្លាប់ជាអ្នកបច្ចេកទេសខាងមេកានិក ឬជាងម៉ាស៊ីនម្នាក់ ដែលមានឈ្មោះល្បីល្បាញនៅក្នុងតំបន់ដែលលោករស់នៅថែមទៀតផង៕

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]