(ភ្នំពេញ)៖ ក្រោយបើកការស៊ើបសួរបានបញ្ចប់ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចជាផ្លូវការហើយ ដោយចោទប្រកាន់លើស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់។ នេះបើយោងតាម មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យអង្គភាពព័ត៌មាន Fresh News បានដឹងនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា សំណុំរឿងនេះ នឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើវាសនាជនត្រូវចោទរូបនេះ ថាតើអាចរួចខ្លួន ឬគេចមិនផុតពីត្រូវឃុំខ្លួនដាក់ពន្ធនាគារ?។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានបញ្ជូនខ្លួនស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាងអាវុធខ្លី ទៅតុលាការដើម្បីប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ពាក់ពន្ធ័ករណីបាញ់ចំនួន២គ្រាប់ នៅក្នុងវត្តសារ៉ាវ័ន្ត ស្ថិតក្នុងកុដិលេខ២៣។

ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង៦៖១៥នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងវត្តសារ៉ាវ័ន្ត ក្នុងកុដលេខ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនបង្កឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលជាន់ទី៤ ផ្លូវ២១៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅភូមិព្រែកដូងហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះឈ្មោះ ស៊ូ ពិសិដ្ឋ អាយុ៣២ឆ្នាំ មុខរបរព្រះសង្ឃ គង់នៅវត្តសារ៉ាវ័ន្ត កុដ្ឋលេខ២៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]