បរទេស៖ បើតាមប្រភពពីសារព័ត៌មាន ABC បានរាយការណ៍ថា អ្នកចាំទី Keylor Navas របស់ Real Madrid បានយល់ព្រមរួចជាស្រេច ក្នុងការចូលរួមជាមួយ PSG នារដូវកាលក្រោយ បើទោះបីជាមិនទាន់មានការចរចាជាមួយក្លិបរបស់ខ្លួនយ៉ាងណាក្តី។ ប្រភពដដែលនេះបានឱ្យដឹងថា ឆ្លៀតឱកាសដែល Real Madrid រវល់មមាញឹកជាមួយការចុះចរចាដើម្បីប្រមាញ់យកកីឡាករ Mbappe ពី PSG ក្លិបយក្សរបស់បារាំងមួយនេះ ក៏បានចរចាស្ងាត់ៗជាមួយ Navas នៅពីក្រោយខ្នងរបស់ Real។

កីឡាករ Keylor Navas
កីឡាករ Keylor Navas​ និងកីឡាករ Thibaut Courtois

ប៉ុន្តែទោះបីជាបែបណាក្តី នេះមិនមែនជាបញ្ហាធំដុំឡើយ ខណៈដែល Real Madrid ខ្លួនឯងផ្ទាល់ក៏រីករាយ និងបើកចិត្តឱ្យ Navas ស្វែងរកក្លិបថ្មីដែរ បន្ទាប់ពីការមកដល់របស់ Courtois ដែលទទួលបានកៅអីដំបូងញឹកញាប់ជាង Navas។ ជាងនេះទៅទៀត Real Madrid ក៏សង្ឃឹមថា នឹងអាចរកបានយ៉ាងហោចណាស់ ២០លានអឺរ៉ូបន្ថែមទៀត ពីការលក់អ្នកចាំទីកូស្តារីការូបនេះ ដើម្បីប្រមូលលុយសម្រាប់ចំណាយរុះរើក្រុមនាពេលខាងមុខ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍បានឱ្យដឹងថា PSG បានផ្តល់ឱ្យ Navas នូវកិច្ចសន្យារយៈពេល ៣ឆ្នាំ អមជាមួយប្រាក់នឿយហត់ប្រមាណជា ៧លានអឺរ៉ូក្នុងមួយរដូវកាល ច្រើនជាងនៅ Real Madrid ដែលទទួលបានត្រឹមតែជាង ៥លានអឺរ៉ូប៉ុណ្ណោះក្នុងមួយរដូវកាល។ ដោយឡែក ក្លិប Benfica ត្រូវបានគេដឹងថា បានផ្តោតចំណាប់អារម្មណ៍មកលើ Navas ដូចគ្នា ប៉ុន្តែក្លិបកំពុងមានការចរចាសម្រាប់ Cillessen ទៅហើយ ដែលធ្វើឱ្យក្លិប PSG នឹងក្លាយជាក្លិបដែលមានអាទិភាពបំផុតដែលអាចនាំយកអ្នកចាំទីរូបនេះពី Real Madrid បាន៕ 

កីឡាករ Kylian Mbappe
កីឡាករ Jasper Cillessen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]