ទារក​ និង​កុមារ​តូច​ៗ តែងឆ្ងល់​​ច្រើន​ពីរបស់អ្វី​ក៏​ដោយ​ដែល​បាន​ឃើញ ហើយក្មេង​ភាគ​ច្រើន​​តែង​តែ​ដាក់​របស់​តូចៗ ដែល​ឆ្ងល់ដាក់​​ចូល​មាត់ ពិសេស​ក្មេងអាយុ​ក្រោម ​៥​ឆ្នាំ។ ករណី​នេះ តែងជួយ​ប្រទះ​ច្រើន នាំ​ឲ្យស្លាក់ និងស្ទះ​បំពង់​ខ្យល់​ ហើយ​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​កូនយើង ព្រោះ​នឹង​បណ្តាល​ឲ្យ​ខ្វះ​អុក​ស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល។ ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពីវិធី​សង្គ្រោះ​បឋម ពេល​ប្រទះ​ឃើញ​ក្មេង ឬ​ទារក​តូចៗ​ស្លាក់​អ្វី​មួយ​ក្នុង​មាត់។

១- អ្វីជា​ការ​ស្លាក់​ចំពោះ​ក្មេងៗ?

ការ​ស្លាក់ កើត​ឡើង​នៅពេល​វត្ថុ​មួយ​ដូច​ជា គ្រាប់​ឃ្លី គ្រាប់​ចិញ្ចៀន និងថ្ម​ពិល​តូច (button batteries) ឬ​វត្ថុ​តូចៗ​ផ្សេង​ទៀត ស្ទះ​ជាប់​បំពង់​ក ឬ​បំពង់​ខ្យល់ ជា​ហេតុ​ធ្វើ​ឲ្យ​​ស្ទះ​ចរន្ត​ខ្យល់ មិន​អាច​ដក​ដង្ហើម​បាន។

២- ហេតុ​អី​បាន​ជា​​ស្លាក់?

មាន​មូល​ហេតុ​ជា​ច្រើន​ធ្វើឲ្យ​ស្លាក់ អាច​ដោយសារញ៉ាំ​អាហារ​លឿន​ពេក និង​មិន​ទំពា​អាហារ​​មុន​​លេប។ ករណី​ខ្លះ គឺ​ដោយ​សារ​​​ទំពា​អាហារ​ដោយ​ធ្មេញ​ពាក់ (ធ្មេញ​សិប្បនិម្មិត) ​​ដែល​មិន​ជាប់​ល្អ។ អាច​ដោយ​សារ​បាត់​បង់​ស្មារតី​ហើយ​ស្ទះ​កម្អួត​​ខ្លួន​ឯង​ មាន​របួស​ក្បាល​និង​មុខ (ឧទាហរណ៍ ហើម ហូរ​ឈាម ឬខូច​រូប​រាង​ដែល​អាច​ធ្វើឲ្យស្លាក់) ។ មាន​បញ្ហា​ក្នុង​ការ​លេប​ក្រោយ​ពេល​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​រួច ហើម​ក្រពេញ​អាមីដាល់ ឬមហារីក​បំពង់​ក និង​ក ក៏​ដូច​ជាមាន​បញ្ហា​ជាមួយ​បំពង់​អាហារ (Esophagus)។

៣- ស្លាក់​មាន​ចេញ​រោគ​សញ្ញា​អ្វី​ខ្លះ?

ក្មេង​ស្លាក់ ​អាច​នឹង​បង្ហាញ​សញ្ញា​ និង​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ ដូច​ជា មិន​អាច​ដក​ដង្ហើម​បាន ដង្ហក់ ដក​ដង្ហើម​ឮ​សំឡេង ​មិន​អាច​ស្រែក​ ឬ​ធ្វើ​មាន​សំឡេង​បាន។ មុខ​​ឡើង​ខៀវ ហើយ​ចាប់​កាន់​បំពង់​ក​ និង​គ្រវី​ដៃ មើល​ទៅ​កំពុង​ស្លន់​ស្លោរ និង​បាត់​បង់​ស្មារតី។ អំឡុង​ពេល​​កំពុង​ស្លន់ បង្ហាញ​អាការ​ពិបាក​ក្នុង​ខ្លួន ឬ​មិន​អាច​និយាយ​ចេញ​ជា​ឃ្លាត្រឹម​ត្រូវ​បាន ឬ​មិន​អាច​បញ្ចេញ​សំឡេង​ឲ្យ​ឮ​គ្រប់​គ្រាន់ អាច​នឹង​​ក្អក​ញ៉ាប់ និង​ហូរ​ទឹក​ភ្នែក។

៤- ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ពេល​ក្មេង​ស្លាក់?

ប្រសិន​បើ​ក្មេង​នៅ​អាយុ​ក្រោម ​១​ឆ្នាំ សូម​ដាក់​គេ​ផ្កាប់​នៅ​លើ​កំភួន​ដៃ ឬ​នៅ​លើ​ភ្លៅ ​ប្រសិន​បើ​កំភួន​ដៃមិន​អាច​ដាក់​គេ​មាន​លំនឹង​បាន។ បន្ទាប់​មក​កាន់​ថ្គាម នឹង​ទ្រ​ក្បាល​ ដោយ​ដៃ​ម្ខាង និង​ដាក់​ឲ្យ​​ទាប​ជាង​ទ្រូង​ក្មេង។ ប្រើ​ថ្លើម​ដៃម្ខាង​ទៀត ទះ​ខ្នងក្មេង (ផ្នែក​ចន្លោះ​ឆ្អឹង​ស្លាប់​ប្រចៀវ​ទាំង​ពីរ) ចំនួន​ប្រាំ​ដង​ឲ្យលឿន។ ​បើ​ក្មេង​នៅ​តែ​មិន​ដក​ដង្ហើម ព្យាយាម​សង្កត់​ទ្រូង ដោយ​ផ្ងារ​ក្មេង​ឡើង​ក្នុង​ស្ថាន​ភាព​ក្បាល​ទាប​ជាង​ទ្រូង រួច​ដាក់​ម្រាម​ដៃ​ពីរ​នៅ​កណ្ដាល​ទ្រូង​ ហើយ​សង្កត់​ប្រាំ​ដង។ ត្រូវ​ធ្វើ​របៀប​នេះ​ម្ដង​ហើយ​ម្ដង​ទៀត (ទាំង​ផ្កាប់​ហើយ​ទះ​ខ្នង និង​សង្កត់​ទ្រូង) រហូត​ទាល់​តែ​របស់​នោះ​អាច​មើល​ឃើញ​ និង​យក​ចេញ​ផុត។ ប្រសិន​បើ​ក្មេង​អាយុ​ច្រើន​ជាង​១ឆ្នាំ ត្រូវ​ឈរ​នៅ​ក្រោយ​ខ្នង​ក្មេង ដោយ​ដាក់​ដៃ​ទាំង​ពីរ​ជុំវិញ​ចង្កេះ ដៃ​ម្ខាង​ក្ដាប់​ហើយ​តម្រង់​មេដៃ​ចំ​ចុង​ដង្ហើម​​ក្មេង ដៃ​ម្ខាង​ទៀត​ត្រូវ​ដាក់​ពី​លើ​ បន្ទាប់​មក​សង្កត់​ចូល​ក្នុង រួច​រុញ​ឡើង​លើ។ អង្គការ​កាកបាត​ក្រហម​ បាន​ណែនាំ​ឲ្យ​ជំនួស​ការ​សង្កត់​ពោះ​ ទៅ​ជា​ការ​ទះ​ខ្នង​វិញ​ ដើម្បី​ព្យាយាម​យក​របស់​ដែល​ស្ទះ​នោះ​ចេញ។ ប្រសិន​បើ​ក្មេង​សន្លប់ ត្រូវ​ធ្វើ​វីធី​សង្គ្រោះ​បន្ទាន់ CPR (Cardiopulmonary resuscitation) ភ្លាម។ បើ​ក្មេង​ទើប​ចេះ​ដើរ ឬ​ក្មេង​ធំ ត្រូវ​ប្រាប់​ឲ្យ​ក្អក ដើម្បី​ឲ្យវត្ថុ​ដែល​ស្ទះធ្លាក់​​ចេញ​មកក្រៅ។ មិន​ត្រូវ​ព្យាយាម​យក​របស់​ដែល​ស្ទះ​នោះ​ចេញ​ឡើយ លើក​លែង​តែ​អ្នក​មើល​វា​ឃើញ ព្រោះ​អាច​រុញ​វា​ឲ្យចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​បំពង់​ខ្យល់។ ត្រូវ​សួរ​ “តើ​កូន​កំពុង​ស្លាក់​មែន​ទេ” ប្រសិន​បើ​ក្មេង​ងក់​ក្បាល​មាន​ន័យ​ថា​ពិត​ហើយ តែ​បើ​គេ​មិន​តប មាន​ន័យ​ថា​គេ​ត្រូវ​ការឲ្យជួយ​ហើយ។ ហៅ​ទូរស័ព្ទ​ទៅ​លេខ ១១៩ ភ្លាម បើក្មេងសន្លប់ ឬ​មិន​អាច​ដក​ដង្ហើម​បាន ព្រោះ​តែ​មាន​វត្ថុ​អ្វី​មួយ​បិទ​បំពង់​ខ្យល់ ឬ​មាន​បញ្ហា​អ្វី​មួយ​ ធ្វើឲ្យ​បំពង់​ខ្យល់​បិទ ឬបើ​ក្មេង​ដក​ដង្ហើម​ឮ​សំឡេង ដង្ហក់ មិន​អាច​ស្រែក ឬ​មុខ​របស់​គេ​ឡើង​ខៀវ រួច​ចាប់​កាន់​ក និង​មើល​ទៅ​កំពុង​ស្លន់​ស្លោ​ ភ័យ​ខ្លាច។

៥- ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បីបង្ការ​កុំឲ្យ​ក្មេង​ស្លាក់?

ដើម្បី​ការពារ​កុំ​ឲ្យ​ស្លាក់ ត្រូវ​ប្រាប់​កូនញ៉ាំ​អ្វីយឺតៗ និង​ទំពា​អាហារ​ឲ្យ​ហ្មត់​មុន​នឹង​លេប។ ត្រូវ​ប្រាកដ​ថា​ធ្មេញ​សិប្បនិមិត្ត​ក្មេង​ពាក់​ គឺ​ល្មម​ មិន​របូត និងត្រូវ​ទុក​វត្ថុ​តូច​ៗ​ឲ្យឆ្ងាយ​ពី​ក្មេង។ ក្មេង​តូច​ងាយ​នឹង​ស្លាក់​ណាស់ ដូច​នេះយើង​​ត្រូវ​តែ​រៀប​ចំ​ខ្លួន​បង្ការ​ទុក​ជាមុន។ ត្រូវ​រៀន​ពី​ វិធី​សង្កត់​ពោះ​ពេល​ស្លាក់ (Heimlich maneuver) និង​វិធី​សង្គ្រោះ CPR ម៉ាក់​ប៉ា​ អ្នក​ថែទាំក្មេង ​មេដោះ​ ត្រូវ​តែ​ចេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]