(ពោធិ៍សាត់)៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប្រជាការពារ និងកម្លាំងនគរបាលប៉ុស្តិ៍ផ្ទះព្រៃ បានចុះបង្ក្រាបករណីជួយដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងនោះមានស្រី ៣នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនខាងលើ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យបាន ៦នាក់ ក្នុងនោះមានស្រី៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ជិវិត វណ្ណាវីន អាយុ២១ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ (មុខរបរយោធា)

*ទី២៖ ឈ្មោះ ប៉េង ពិសិដ្ឋ អាយុ២១ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ (មុខរបរជាងចម្លាក់)

*ទី៣៖ ឈ្មោះ អ៊ឹម បញ្ញា អាយុ២៣ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ (មុខរបរកម្មករ)

*ទី៤៖ ឈ្មោះ ពៅ ស៊ីនី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ (មុខរបរមិនពិតប្រាកដ)

*ទី៥៖ ឈ្មោះ ហាំ ម៉ីហួរ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ (មុខរបរសិស្ស)

*ទី៦៖ ឈ្មោះ ឃុត រតនា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ (មុខរបរជាងអ៊ុតសក់)។

លោកអធិការបន្ថែមថា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាក់ស្តែង នៅក្នុងបន្ទប់ជួលខាងលើ ដោយរកឃើញវត្ថុតាង រួមមាន៖ ម្សៅក្រាមព័ណ៌សថ្លាំ ចំនួន0១កញ្ចប់ធំ ប្រមាណ៥០០ក្រាម, ថ្នាំគ្រាប់ព័ណ៌ក្រហម ០២គ្រាប់ (សង្ស័យថ្នាំគ្រវី), ថង់ផ្លាស្ទិចមួយចំនួនធំ, ដែកកេះ ០៨ដើម, ទូរស័ព្ទដៃ ០៧គ្រឿង និងម៉ូតូ០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាងត្រូវបានប្រគល់ឱ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]