បរទេស៖ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ បាននិងកំពុងតែផ្ទុះកំហឹង ក្រោយមានពេទ្យសត្វម្នាក់បានដាក់លក់កូនកង់ហ្គោរូនៅលើបណ្តាញសង្គមហ្វេសប៊ុក។

យោងតាមប្រភពបានឱ្យដឹងថា មាននារីម្នាក់រស់នៅក្នុងរដ្ឋតិចសាស បានអះអាងថាខ្លួនគឺជាពេទ្យសត្វម្នាក់ ហើយបានដាក់លក់សត្វកម្រមួយចំនួន រួមមាន សេះបង្កង់ អូដ្ឋ និងកង់ហ្គោរូនៅលើអ៊ីនធើណេត។

ការបង្ហោះចុងក្រោយរបស់នាង បានធ្វើឱ្យមហាជនមានភាពក្តៅក្រហាយយ៉ាងខ្លាំង ក្រោយនាងបានបង្ហោះដាក់លក់កូនកង់ហ្គោរូជាមួយនឹងតម្លៃ២,៥០០ដុល្លារសម្រាប់កូនកង់ហ្គោរូឈ្មោល និងសម្រាប់កូនកង់ហ្គោរូញីលក់ក្នុងតម្លៃ៥,០០០ដុល្លារ។

ការបង្ហោះរបស់ពេទ្យសត្វដាក់លក់កូនកង់ហ្គោរូលើហ្វេសប៊ុក

បើទោះបីជាការចិញ្ចឹមសត្វកង់ហ្គោរូមិនខុសច្បាប់នៅក្នុងរដ្ឋតិចសាសក្តី ក៏សត្វទាំងនេះមិនអាចចិញ្ចឹមនៅក្នុងផ្ទះបានដែរ ព្រោះតែពួកវានឹងលូតលាស់រហូតដល់ជាង២ម៉ែត្រ និងទម្ងន់ដល់ទៅ៩០គីឡូក្រាម ហើយត្រូវការកន្លែងគ្រប់គ្រាន់ក្នុងការលោតទៅវិញទៅមកទៀត។

យ៉ាងណាមិញ ក្រុមអ្នកការងារសិទ្ធិសត្វបានចោទជាសំណួរថាតើពេទ្យសត្វម្នាក់នេះគឺជាពេទ្យពិតប្រាកដឬយ៉ាងណា។ បន្ថែមពីនេះទៀត ពួកគេបានអះអាងទៀតថា សត្វទាំងអស់នោះត្រូវការរស់នៅក្នុងព្រៃផងដែរ។

ដោយឡែក អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានរិះគន់ចំៗថា៖

«សត្វទាំងអស់នេះពុំគួរដាក់លក់អីចឹងទេ ពួកវាគួរតែរស់នៅក្នុងព្រៃតាមធម្មជាតិរបស់វា។»

«សូមឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាមួយនេះផង។»

ក្រោយមកមិនយូរប៉ុន្មាន ពេទ្យសត្វម្នាក់នេះក៏បានលុបការបង្ហោះនេះចេញពីហ្វេសប៊ុក ប៉ុន្តែនៅតែមានលក់នៅលើគេហទំព័ររបស់នាងដដែល៕

កូនកង់ហ្គោរូដាក់លក់លើហ្វេសប៊ុក
កូនកង់ហ្គោរូដាក់លក់លើហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]