រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោ​ង ខុន និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​លោក​ជំទាវ ភឿ​ង ស​កុ​ណា បាន​បង្ហាញ​ឆន្ទៈ​ស្នើ​ដាក់​នំ​បញ្ចុក​ចូល​ក្នុង​បញ្ជី​សម្បត្តិ​អ​រូបិយ​ពិភពលោក ។ ការ​បង្ហាញ​ឆន្ទៈ​របស់​រដ្ឋមន្ត្រី​ទាំង​ពីរ​ខាងលើ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ពិសា​នំ​បញ្ចុក​សន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មុតមាំ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពី​ការ​ស្នើ​ដាក់​នាំ​បញ្ចុក​ម្ហូប​ដំណាង​អត្តសញ្ញាណ​ជាតិខ្មែរ និង​ពិចារណា​រៀបចំ​ស្នើ​សុំ​ទៅ​អង្គការ​យូ​ណេ​ស្កូ​សុំ​ដាក់​បញ្ចូល «​នំ​បញ្ចុក​ខ្មែរ​» ជា​សម្បត្តិ​បេតិកភណ្ឌ​រូបិយ​ពិភពលោក ក្រោយ​ព្រឹត្តិការណ៍​ពិសា​នំ​បញ្ចុក​សន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ នៅ​ទូ​ទាំង​ប្រទេស ។ ការ​បញ្ជាក់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក នា​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក្រោយ​ពេល​ប្រជាពលរដ្ឋ​រៀបចំ​ពិធី​ជួបជុំ​ពិសា​នំ​បញ្ចុក​សន្តិភាព ទ្រង់ទ្រាយ​ធំ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា តាម​ការ​អំពាវនាវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ហើយ​នោះ លោក​នឹង​ពិភាក្សា​ជាមួយ​លោកស្រី​រដ្ឋមន្ត្រី ភឿ​ង ស​កុ​ណា អំពី​ការ​បំពេញបែបបទ​ស្នើ​ដាក់​បញ្ចូល «​នំ​បញ្ចុក​» នេះ​ជា​ម្ហូប​ដំណាង​អត្តសញ្ញាណ​ជាតិខ្មែរ និង ស្នើ​សុំ​សម្បត្តិ​បេ​តិក​ភ​ណ្អ​រូបិយ​ពិភពលោក​នៅ​អង្គការ​យូ​ណេ​ស្កូ ។ លោក​ជឿជាក់​ថា នំ​បញ្ចុក​ខ្មែរ​នេះ ប្រាកដជា មាន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​បាន​ស្គាល់ និង​បាន​បរិភោគ​គ្រប់​គ្នា ហើយ​មិន​ចាញ់​នំ​បរទេស​ផ្សេង​ឡើយ ។

លោក​ក៏​បាន​បញ្ជាក់​អះអាង​ថា កើត​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​ម្នាក់​លោក​បាន​ចេះ​ធ្វើ​នំ​បញ្ចុក​ច្បាស់លាស់ តាំងពី​កុមារភាព​ជាមួយនឹង​គ្រួសារ​ដ៏​កំសត់​របស់​លោក ។ បើ​តាម​លោក​រដ្ឋមន្ត្រី​នៅ​ក្នុង​ពិព័រណ៍​ម្ហូបអាហារ Gastronomy ដែល​ក្រសួងទេសចរណ៍​ប្រុង​រៀបចំ​ក្នុង​ខែកញ្ញា ២០១៩ ខាង​មុខ នំ​បញ្ចុក និង​ម្ហូបអាហារ​ខ្មែរ មួយ​ចំនួន​ទៀត​ដូច​ជា សម្លរ​ម្ជូរ​គ្រឿង អា​ម៉ុ​ក បង្អែម​គ្រាប់ត្នោត ជាដើម ។ ហើយនឹង​ត្រូវ​បាន​ត្រៀម​រៀបចំ ជា​ដំណាង​អោយ​ម្ហូបអាហារ​ខ្មែរ ដើម្បី​ទាក់ទាញ​ទេសចរណ៍​ផង​ដែរ ។

ចំណែក​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ជំទាវ ភឿ​ង ស​កុ​ណា ក៏​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា កាលពី​ជាង​កន្លះ​ឆ្នាំ ឬ​ជិត​មួយ​ឆ្នាំ​មុន​ក្រសួង​ធ្លាប់​គិត​ចង់ ចុះបញ្ជី​មុខម្ហូប​ខ្មែរ​មួយ​ចំនួន​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ពិភពលោក​នៃ​អង្គការ UNESCO ដែរ​ដូច​ជា ប្រហុក ផ្អក សម្លកកូរ ។

លោក​ជំទាវ​បញ្ជាក់​ថា ចំណែក​«​នំ​បញ្ចុក » យើង​អាច​នឹង​លើក​គំនិត​នេះ​ទៅ​ពិភាក្សា និង​ពិចារណា ជាមួយ​ក្រុមការងារ​ជំនាញ ។ លោក​ជំទាវ​រដ្ឋមន្ត្រី​ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចូលរួម​ទទួលទាន «​នំ​បញ្ចុក​សាមគ្គី​» អាហារ​ប្រពៃណី​ជាតិ​ជាមួយ​ប្រជាពលរដ្ឋ «​នំ​បញ្ចុក​» គឺជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​លក្ខណៈ​ប្រពៃណី និង​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​សង្គម​ខ្មែរ ។

ដោយហេតុ​ថា អាហារ​មួយ​ប្រ​ភ​ទ​នេះ មិន​ត្រឹមតែ​ជា​អាហារ​យ៉ាង​សំខាន់​នៃ​ចំណង់​ចំណូលចិត្ត​ក្នុង​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ម្ដងម្កាល​ប៉ុណ្ណោះ ទេ ថែម​ទាំង​ជា​អាហារ​ពេញ​និយម​សម្រាប់​ពិធីជប់លៀង និង​ពិធីបុណ្យ​ផ្សេង​ៗ​ដែល​បង្ហាញ​ពី​សាមគ្គីភាព និង​ភាព​ស្និ​ទ​ស្នាល​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]