ភ្នំពេញ៖ កាលពីវេលាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និង​ចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្ធកម្មវិធីសម្ពោធ រថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០ នៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាទួលសង្កែ ក្រោមអធិបតេយ្យភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំង វត្ដមានថ្នាក់ដឹកនាំ ក៏ដូចជាមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្ដិយស ផងដែរ។

រថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០

មានប្រសាសន៍នៅក្នុង កម្មវិធីសម្ពោធរថយន្ដតូយ៉ូតាស៊េរីថ្មី ឆ្នាំ២០២០ លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញឲ្យដឹងថានេះគឺជាមោទនភាពសម្រាប់ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលបាននាំយកមកនូវរថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០ ជាមួយនឹងការផ្លាស់ប្ដូរមុខមាត់ថ្មីដែលមានភាពទាក់ទាញគួរជាទីចាប់អារម្មណ៍ ព្រមទាំងតម្លៃសមរម្យ ដែលសាកសមបំផុតសម្រាប់ អតិថិជនដែលតែងតែ គាំទ្រនូវរថយន្ដប្រភេទនេះកន្លងមក។

ស្របពេលដែលសន្ទុះនៃការប្រើប្រាស់យានយន្ដ ក្នុងប្រទេសកំពុងតែមានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ យើងខ្ញុំជឿជាក់ថា រថយន្តតូយ៉ូតាស៊េរីថ្មី Avanza ២០២០នេះ នឹងក្លាយជា ជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក ដែលប្រាថ្នាចង់បានដំណើរកម្សាន្តជាលក្ខណៈគ្រួសារប្រកបដោយភាព រីករាយ និងសុភមង្គល។  

លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)
លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ផ្នែកខាងក្រៅនៃរថយន្តស៊េរីថ្មី លក្ខណៈគ្រួសារនេះ ត្រូវបានច្នៃឡើង ដោយមានការរចនានូវប៉ាណាមុខថ្មី ដែលធ្វើឲ្យរថយន្តកាន់តែស្រស់ស្អាត និងផ្ដល់ភាពទាក់ទាញកាន់តែខ្លាំងជាងមុន អមជាមួយនឹងចង្កៀងមុខភ្លោះ ប្រភេទអំពូលLED ដែលអាចបំភ្លឺភ្លើងបានច្បាស់ល្អ និងបង្កើនការសន្សំសំចៃខ្ពស់ ក្នុងការប្រើប្រាស់។

មិនត្រឹមតែ ប៉ុណ្ណោះ រថយន្តតូយ៉ូតា Avanza ២០២០ បានភ្ជាប់ជាមួយកញ្ចក់មើលក្រោយផ្នែកចំហៀង និងរបាំងការពារ ចំហៀងរថយន្ត ដែលរំលេចជាមួយក្រូម៉េយ៉ាងស្រស់ស្អាត អមនឹងថាសកង់១៥អ៊ីញរចនាថ្មី ជាលក្ខណៈស្ព័រ ដែលធ្វើឲ្យរថយន្តកាន់តែមានរាងសង្ហាមួយកម្រិតទៀត។ 

បន្ថែមពីលើនេះទៀត ផ្នែកខាងក្រោយរថយន្តបានបំពាក់ចង្កៀងយ៉ាងស្រស់ស្អាត ជាមួយនឹងកាងខ្យល់ដំបូលខាងក្រោយយ៉ាងទាក់ទាញ។ ចំណែកឯផ្នែកខាងលើរថយន្តមានភ្ជាប់ជាមួយអង់តែងវិទ្យុទម្រង់ជាព្រុយត្រីឆ្លាម ដែលមានសមត្ថភាពចាប់រលកសញ្ញាបានច្បាស់ល្អ ផងដែរ។ 

រថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០
រថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០ ផ្នែកខាងមុខ
រថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០ ផ្នែកចំហៀង
រថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០ ផ្នែកខាងក្រោយ

ផ្នែកខាងក្នុងរថយន្ត បានបំពាក់នូវប្រព័ន្ធកម្សាន្ត DVD Touch Screen ជាមួយមុខងារ T-Link ដែល ងាយស្រួលក្នុងការបញ្ជូនទិន្ន័យពីអេក្រង់ទូរស័ព្ទទៅរថយន្តបានយ៉ាងល្អ។ រថយន្តស៊េរីថ្មីនេះ ក៏មានភ្ជាប់មកជាមួយនូវអេក្រង់បង្ហាញពហុព័ត៌មានដែលមានការរចនាថ្មី និងប៊ូតុងបញ្ជាបិទ-បើកសម្លេងនៅលើដៃចង្កូត ព្រមទាំងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ដែលផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។ 

លើសពីនេះទៅទៀត រថយន្តតូយ៉ូតា Avanza ស៊េរីថ្មីឆ្នាំ២០២០ មានកៅអីចំនួន៧ ដែលជួរទី២និងទី៣ អាចបត់បែនបានតាមតម្រូវការ ធ្វើឲ្យខាងក្នុង រថយន្តទូលាយ និងផ្ដល់ផាសុកភាពខ្ពស់ ជាមួយនឹងប្រព័ន្ធមាស៊ីនត្រជាក់ ២ប្លុកផ្សេងគ្នា។

រថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០ ផ្នែកខាងក្នុង
រថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០ ផ្នែកខាងក្នុង

ក្រៅពីនេះ រថយន្ដស៊េរីថ្មី Avanza ២០២០ បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជាៈ កាមេរ៉ាក្រោយ ដែលជួយផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត ពោងសុវត្ថិភាពចំនួន២ ប្រព័ន្ធបែងចែកកម្លាំងសម្ពាធហ្រ្វាំង(EBD) ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS) ប្រព័ន្ធការពារគៀបដោយស្វ័យប្រវត្ដិ និងគន្លឹះកៅអីសុវត្ថិភាពកូនក្មេង(ISO FIX)។

រថយន្តស៊េរីថ្មីនេះ មានតម្លៃត្រឹមតែ ៣១,៩០០ ដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ និងមានពណ៌ជាច្រើនជម្រើស ដូចជាៈ ពណ៍ស ពណ៍ប្រាក់ ពណ៌ប្រផេះ ពណ៌ខ្មៅ ពណ៌មាស និងពណ៍ខៀវ។ លក្ខណៈពិសេសៗជាច្រើន រួមផ្សំនឹងភាពស្រស់ស្អាត ជាមួយនឹងតម្លៃសមរម្យ ដែលត្រូវបានរចនាឡើង សម្រាប់រថយន្តតូយ៉ូតា Avanza ស៊េរីថ្មីឆ្នាំ២០២០នេះ ពិតជាធ្វើឲ្យរថយន្តសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់ ជាពិសេសចំពោះគ្រួសារដែលមាន សមាជិកច្រើន ហើយចង់បង្កើនភាពរីករាយក្នុងការធ្វើដំណើរ។

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ ក្នុងការជាវរថយន្តតូយ៉ូតា Avanza ២០២០ ក៏ដូចជារថយន្ត ម៉ូដែលថ្មីៗនិងមួយទឹកផ្សេងៗទៀតរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏អាចធ្វើការបង់រំលស់បានជាមួយនឹង ក្រុមហ៊ុនតូយ៉ូតា កម្ពុជា ហ្វាយនែន ដែលជាដៃគូរផ្តាច់មុខក្នុងការផ្តល់ជូននូវសេវាបង់រំលស់រថយន្តប្រកបដោយ ទំនុកចិត្ត ភាពងាយស្រួល និងសេវាកម្មរហ័សទាន់ចិត្ត។ 

រថយន្ដតូយ៉ូតា Avanza ស៊េរីថ្មី ឆ្នាំ២០២០ មានច្រើនពណ៌

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]