ខេត្តតាកែវ ៖ រោងបុណ្យសង់លើទ្រូងផ្លូវគ្មានភ្លើងបំភ្លឺគ្រប់គ្រាន់ ស្របពេលអ្នកបើកបរម៉ូតូម្នាក់ខ្វះការប្រុងប្រយ័ត្នផងនោះបានជ្រុលទៅបុកបង្គោលដែករោងបុណ្យ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវលេខ២១ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ម៉ូតូមួយគ្រឿងខាងលើ ធុនសេ១០០ ពណ៌ក្រហម បើកបរដោយឈ្មោះ ហ្វៀង ចាំងចាំង ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញអេតចាយ ស្នាក់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
តាមប្រភពពីប៉ូលិសជំនាញក្រុងដូនកែវបានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះមិនបានពាក់មួកសុវត្ថិភាពនោះទេហើយបើកបរម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុកបង្គោលដែករោងបុណ្យដែលគ្មានភ្លើងបំភ្លឺគ្រប់គ្រាន់ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]