(ភ្នំពេញ)៖ គិតមកដល់ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ មនុស្សទាំងជាង៤០០នាក់ ដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការឆែកឆេរ ក្លឹបកម្សាន្ដ «លុច្សសារី» ទាំងកណ្ដាលយប់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀននោះ កំពុងតែធ្វើការសួរនាំ និងធ្វើតេស្ដទឹកនោមដើម្បីស្វែងរកសារធាតុញៀន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា «រហូតមកដល់ព្រឹកនេះ មនុស្សទាំងជាង៤០០នាក់ ដែលឃាត់ខ្លួនយប់មិញ នៅក្លឹបកម្សាន្ដ «លុច្សសារី» សមត្ថកិច្ចកំពុងបន្ដសួរនាំ និងធ្វើតេស្ដដើម្បីស្វែងរកសារធាតុញៀន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ក្នុងចំណោមមនុស្សទាំងជាង៤០០នាក់ (ស្រី១៨៧នាក់) ក្នុងនោះមានជនជាតិខ្មែរជាង២០០នាក់ ហើយក្រៅពីនោះជាជនជាតិចិន និងវៀតណាម ដែលពួកគេទាំងអស់នោះភាគច្រើនជាយុវជន យុវតី។

មន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ បានអះអាងថាទៀត ក្នុងប្រតិបត្តិការនៅយប់មិញនេះ ក្រៅពីឃាត់ខ្លួនមនុស្សបានជាង៤០០នាក់ហើយនោះ កម្លាំងសមត្ថកិច្ចជំនាញក៏បានដកហូតវត្ថុតាងជាច្រើនទៀតផងដែរ ដែលសង្ស័យថាជាសារធាតុញៀន ខណៈបច្ចុប្បន្នកំពុងបញ្ជូនទៅកន្លែងពិនិត្យជាក់ស្ដែងជាបន្ដបន្ទាប់។

គួរជម្រាបថា កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំកម្លាំងប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទាំងកណ្តាលអាធ្រាត្រចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់។

ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តកណ្តាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។ ក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤០០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចអ្នកលេងកម្សាន្តក្នុងក្លឹបនេះភាគច្រើនជនជាតិចិន និងវៀតណាម។

ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ក្រោយពីសមត្ថកិច្ច បានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។

សូមបញ្ជាក់ថា ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]