(ភ្នំពេញ)៖ ហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានស្ដ្រីម្នាក់ជិះរថយន្ដមួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ (កុដ្ឋលេខ២៣) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចហើយបានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ស្ដ្រីដែលជាខ្មាន់កាំភ្លើង ហើយត្រូវបានឃាត់ខ្លូននោះ ឈ្មោះ ផាន ស្រីលីន អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក ZORAKI.M906 លេខ០០០១២៦ បង់មួយគ្រាប់០២គ្រាប់។ ដោយឡែក ព្រះសង្ឃរងគ្រោះ ព្រះនាម សឿន ពិសិទ្ធ ស្នាក់នៅកុដ្ឋលេខ២៣ ក្នុងវត្តសារាវ័ន្ត។

របាយការណ៍ដដែល បានរៀបរាប់ថា មុខពេលកើតហេតុជនរងគ្រោះ ជាព្រះសង្ឃ សឿន ពិសិទ្ធ ​កំពុងគង់នៅវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ ផាន ស្រីលីន ​បានដើរចូលទៅក្នុងកុដ្ឋលេខ២៣ ដើម្បីជួបជនរងគ្រោះរឿងស្រោចទឹកឲ្យ ហើយធ្វើឲ្យយីអ៊ុនដាក់រកស៊ីមិន បានដេកមានអារម្មណ៍ដូចត្រូវអំពើ ដែលស្រោចទឹកកាលពីក្នុងអំឡុងខែឧសភា ឆ្នាំ២០១៧។

ដោយសារខឹងពេកលើរឿបនេះ ស្ដ្រីខាងលើបានដកអាវុខ្លីខាងលើបាញ់ចំនួន០២គ្រាប់ តែពុំត្រូវរងរបួសទេ ក៏មានការផ្អើលឆោឡោ ពេលនោះត្រូវបាន កម្លាំងល្បាតរបស់ប៉ុស្តិ៍ជ័យជំនះ និងកម្លាំងផ្នែកយុត្តិធម៌ ឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងអាវុធខ្លី នាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ចំពោះអាវុធខ្លីម៉ាក ZORAKI.M906 លេខ000126 ជនសង្ស័យបានទិញក្នុងតម្លៃ១​,៥០០ដុល្លា នៅប្រទេសថៃ កាលពីខែមេសា ឆ្នាំ២០១៩។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]