(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនចោរឆក់ម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យឈ្មោះ កន ផានិត អាយុ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបានបន្ទាប់ពីរូបគេ និងបក្ខពួក០២នាក់ ឈ្មោះ ពេជ្រ និងឈ្មោះ សី បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយពេលឃាត់ខ្លួនយកមកសួរនាំ នៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រូបគេបានសារភាពឲ្យដឹងថា ខណៈពេលដែលរូបគេ កំពុងអង្គុយលេងនៅមុខផ្ទះសំណាក់ វីអិម នៅផ្លូវ២០០៤ ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែឈ្មោះ ពេជ្រ និងឈ្មោះ សី បានមកបបួលរូបគេជិះម៉ូតូដើរលេង។

បន្ទាប់មកពួកគេបាន ជិះម៉ូតូទៅអង្គុយផឹកស៊ី នៅមុខណាហ្កាវើល ហើយបានបបួលគ្នាទៅក្លឹប ហ្ស៊ូក ទៀត ពេលជិះទៅដល់ក្លឹប រូបគេបានចុះពីលើម៉ូតូ ទៅកន្លែងលក់បារីមុខក្លឹប ចំណែកបក្ខពួកគេ០២នាក់ ទៀតបានជិះម៉ូតូចេញ ដើម្បីធ្វើសកម្មភាពឆក់ លុះមួយសន្ទុះក្រោយមកបក្សពួករបស់គេបានត្រឡប់មកវិញ ហើយបោះកាបូបស្ពាយ និងទូរស័ព្ទ០២គ្រឿង ម៉ាក iPhone6 Plus តែជនរងគ្រោះជាម្ចាស់ទូរស័ព្ទ បានជិះម៉ូតូតាមពីក្រោយបក្ខពួកគេទាំង០២នាក់ ជួបកម្លាំងអាវុធហត្ថកំពុងល្បាត បានប្រាប់ហេតុការណ៍ ភ្លាមនោះកម្លាំងអាវុធហត្ថបានឃាត់ខ្លួនរូបគេតែម្តង ចំណែកបក្ខពួក០២នាក់ទៀត ដែលជាអ្នកធ្វើសកម្មភាពឆក់ បានជិះម៉ូតូរត់គេចខ្លួនបាត់។

ជនសង្ស័យខាងលើ បានប្រាប់ឲ្យដឹងទៀតថា កន្លងមករូបគេ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ រយៈពេល០២ឆ្នាំ ០៧ខែ ពីបទទទួលផលចោរកម្ម ហើយរូបគេបានប្រើប្រាស់គ្រឿងញៀនជាញឹកញាប់ផងដែរ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]