ខេត្តក្រចេះ​៖ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ព្រួយបារម្ភ​អំពី​ស្ថានភាព​ជម្ងឺគ្រុនឈាម​ដែល​កំពុង​តែ​កើត​មាន​ធ្ងន់ធ្ងរ​នៅ​ក្នុង​ខេត្ត​ប៉ែក​ឦ​សាន្ត​មួយ​នេះ ខណៈ​ដែល​មាន​កុមារ និង​មនុស្ស​ចាស់​ចំនួន​ជាង​៤០០​នាក់ បាន​ឆ្លង និង​កំពុង​តែ​ធ្លាក់ខ្លួន​ឈឺ​ដោយ​ជម្ងឺគ្រុនឈាម​នៅ​ក្នុង​រយៈពេល​ប្រមាណ​២​ខែ​ចុង​ក្រោយ​នេះ ដែល​ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ គឺ​មានការ​កើនឡើង​។

របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា មនុស្ស​ចាស់ និង​កុមារ យ៉ាង​ហោច​ចំនួន​៤២៥​នាក់ ក្នុង​នោះ​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​មាន​ចំនួន​៦​នាក់ បាន​កើត​និង​ឆ្លង​ជម្ងឺគ្រុនឈាម និង​បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​ស្រុក ខណៈ​មាន​ក្មេង​ជំទង់​ម្នាក់ និង​កុមារ​២​នាក់​ត្រូវ​បាន​ឈឺ​រហូត​ស្លាប់​។

ទន្ទឹម​នឹង​ការ​ផ្ទុះ​នូវ​ប្រភេទ​ជម្ងឺឆ្លង​ដែល​គ្រូពេទ្យ​ជំនាញ​អះ​អា​ថា ប្រភព​ចម្លង​កើត​ចេញពី​មូស​ខ្លា​ក៏​ត្រូវ​បាន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​គឺ​លោក​ឈ្នាង សុ​វត្ថា បាន​ថ្លែង​ដោយ​​ក្តី​បារម្ភ ខណៈ​សព្វថ្ងៃ​ដែល​ចំនួន​អ្នកជំងឺ​ក៏​នៅ​មិន​ទាន់​មាន​តួលេខ​ថមថយ​នៅឡើយ​ទេ​នោះ​។

នៅ​ថ្ងៃ​ទី​៧ មិថុនា ប្រធាន​មន្ទីរ​សុខាភិបាល លោក ឈ្ន​ង សុ​វត្ថា បាន​លើក​ឡើង​ថា ដោយសារ​តែ​ការ​បម្រែបម្រួល​អាកាសធាតុ ទើប​ធ្វើ​ឲ្យ​ជំងឺគ្រុនឈាម​ឆ្នាំ​នេះ​មានការ​ផ្ទុះ​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន​។

តែបើ​ទោះជា​យ៉ាងនេះ​ក្តី លោក​អះអាង​ថា មន្ទីរពេទ្យ​ក៏​មាន​មន្ត្រី​ប្រចាំការ​នៅ​តែ​បន្តសកម្មភាព​យ៉ាង​សកម្ម​នៅ​តាម​តំបន់​គោលដៅ​លើ​ការ​ចុះ​អនុវត្ត​វិធានការ​បង្ការ ការពារ និង​ទប់ស្កាត់​នូវ​ប្រភេទ​ជំងឺឆ្លង​នេះ​ដូច​ជា​ការ​ចុះ​បាញ់ថ្នាំ​កម្ចាត់​មូស ការ​ចុះ​ដាក់​ថ្នាំ​អា​បែ​ត​នៅ​ក្នុង​ពាង ឬ​អាង​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ពិស​សេ​នោះ​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ ណែនាំ​ឲ្យ​ពួក​គាត់​យល់​ដឹង​ពី​ការ​បង្ការ​ទប់ស្កាត់​ពី​ប្រភេទ​ជំងឺឆ្លង​ដោយ​មូស​ខ្លា​។

បើ​តាម​លោក​ប្រធាន​មន្ទីរ​ក៏​បាន​កត់សម្គាល់​ឃើញ​ថា មានស្រុក​ចំនួន​២​ក្នុង​នោះ​រួម​មាន ស្រុក​ស្នួល និង​ស្រុក​ចិត្រ​បុរី នៅ​ទូ​ទាំង​ខេត្ត ដែល​មាន​អ្នក​ឆ្លង​ជំងឺគ្រុនឈាម​ច្រើន​ជាងគេ​។

ទន្ទឹម​នឹង​គ្នា​នេះ លោក ឈ្នាង សុ​វត្ថា ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​សង្ស័យ​ថា​កើត​ជំងឺគ្រុនឈាម​ត្រូវ​រូស​រាន់​មក​ទទួល​សេវា​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ធំ​ៗ​ទាំង​៣​របស់​រដ្ឋ ដែល​មាន​ថ្នាំ​សម្រាប់​ព្យាបាល និង​មាន​គ្រូពេទ្យ​ឯកទេស​ជំនាញ​ឯកទេស​ព្យាបាល​ត្រឹមត្រូវ ដើម្បី​គេច​ចេញពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយសារ​ជំងឺគ្រុនឈាម​នេះ​៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]