ចិន៖ បុរសវ័យចំណាស់ជាកសិករជនជាតិចិនម្នាក់ ជិះសុទ្ធតែរថយន្តទំនើប BMW តម្លៃខ្ទង់ចង់ ៣០ម៉ឺនដុល្លារ ត្រូវបានរងការចោទប្រកាន់ ក្រោយសង្ស័យថា បានលួចមាន់លួចទាអ្នកស្រុក ដើម្បីយកលុយទៅចាក់សាំង។

បុរសចំណាស់មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ត្រូវបានគេដឹងថា មានវ័យ ៥០ឆ្នាំ ជាអ្នកស្រុកដែលរស់នៅក្នុងតំបន់ Linshui County ខេត្តស៊ីឈួន ប្រទេសចិន។ គាត់ក៏ត្រូវបានគេស្គាល់ និងហៅថាជាកសិករដែលមានទ្រព្យ ឬអាចនិយាយបានថា ជាសេដ្ឋីស្រុកស្រែម្នាក់នៅក្នុងភូមិដែលគាត់រស់នៅនោះផងដែរ។

ជិះសុទ្ធតែ BMW តែដើរលួចគេ

ប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែថ្មីៗនេះ កសិករអ្នកមានរូបនេះ ក៏ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន បន្ទាប់ពីបានបែកធ្លាយរឿងលួចមាន់ទាអ្នកស្រុកភូមិ ក្រោយគ្រួសារប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ពិសេសត្រូវការលុយចាក់សាំងជិះរថយន្តទំនើប BMW របស់គាត់តែម្តង។

ក្រោយធ្វើការឃាត់ខ្លួន និងថ្លែងប្រាប់សារព័ត៌មាន បុរសជនសង្ស័យថាជាចោរនេះ បាននិយាយថា រថយន្ត BMW របស់គាត់ បានទិញក្នុងតម្លៃ ២លានយ័ន ឬប្រហែល ២៩០,០០០ដុល្លារអាមេរិក ហើយគាត់ពិតជាត្រូវការលុយដើម្បីចាក់សាំងខ្លាំងណាស់ ទើបបានជាបែកគំនិតដើរលួចគេបែបនេះ។

ដោយឡែក បើតាមការឲ្យដឹងពីមន្រ្តីប៉ូលិស កសិករខាងលើនេះ បានចេញធ្វើសកម្មភាពជិះម៉ូតូលួចមាន់ទាអ្នកស្រុក នៅរាល់ពេលយប់ជ្រៅ ដែលធ្វើឲ្យអ្នកភូមិស្រុកតែងមានការសង្ស័យ និងងឿងឆ្ងល់យ៉ាងខ្លាំង ពីរឿងបាត់មាន់ទារបស់ពួកគេទាំងមិនដឹងមូលហេតុ។ ប៉ុន្តែជាសំណាងល្អ ដែលជនសង្ស័យខាងលើត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ជាហេតុធ្វើឲ្យគេអាចកំណត់អត្តសញ្ញាណរបស់គាត់បានតែម្តង។

លោកមេប៉ុស្តិ៍ Zhang Hua បាននិយាយថា ជនសង្ស័យស្ទើរតែត្រូវបានចាប់ខ្លួន តាំងតែពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះមកម៉្លេះ ប៉ុន្តែដោយសារតែក្រុមអាជ្ញាធរមានសមត្ថកិច្ច ដេញតាមឡានរបស់គាត់ពុំបាន ហើយគាត់ក៏តែងព្យាយាមគេចៗខ្លួនរហូត។

ប្រភពដដែលបន្តថា ក្រោយលួចបានមាន់ទាអ្នកស្រុកភូមិហើយ សេដ្ឋីស្រុកស្រែរូបនេះ បានយកវាទៅចិញ្ចឹមបន្ថែមជាមុនសិន មុនពេលយកទៅលក់យកលុយ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីដ៏ហួសចិត្តនេះ ប្រភពពុំបានទម្លាយឲ្យដឹងទេថា ជនសង្ស័យដែលជាកសិករអ្នកមាននេះ នឹងត្រូវចាត់វិធានការបែបណាបន្តទៅតាមផ្លូវច្បាប់ ពីបទលួចនេះឡើយ។

ជាមួយគ្នានេះ ក៏មានអ្នកនិយមលេងបណ្តាញសង្គមចិនជាច្រើន បានសម្ដែងការហូសចិត្ត និងសើចចំអកយ៉ាងខ្លាំង ព្រោះថាមានលុយទិញដល់ទៅឡានទំនើបជិះ ប៉ុន្តែបែរជារកលុយចាក់សាំងពុំបាន ដល់ថ្នាក់ដើរលួចគេបែបនេះទៅវិញ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

រថយន្តរបស់ជនសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]