ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផល ២-០ សម្រាប់ការប្រកួតជើងទី១ វគ្គជម្រុះ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ នៅមុខទស្សនិកជនរាប់ម៉ឺននាក់ នាពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីម្សិលមិញនេះ។ គ្រាប់បាល់ទាំង២គ្រាប់របស់កម្ពុជា ធ្វើបានសម្រេចដោយកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី សៀង ចន្ធា និងមួយគ្រាប់ទៀតជាការធ្វើបានសម្រេចដោយកីឡាករចាស់វស្សា គួច សុកុម្ភៈ។ 

លទ្ធផលការប្រកួត (រូបភាព៖ FFC Cambodia)
លោក Keisuke Honda (រូបភាព៖ FFC Cambodia)
លោក Felix G.Dalmas (រូបភាព៖ FFC Cambodia)

ដោយឡែក នៅក្នុងសន្និសីទកាសែតក្រោយការប្រកួត លោក Felix G.Dalmas បាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងចំពោះលទ្ធផលនេះ ហើយខ្ញុំសូមអរគុណយ៉ាងខ្លាំងចំពោះក្រុមការងារ កីឡាករ ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលបានរួមគ្នា បង្កើតឱ្យមានលទ្ធផលដ៏ល្អនាថ្ងៃនេះ”។ ជាងនេះទៅទៀត លោក Felix បាននិយាយពីកីឡាករវ័យក្មេង សៀង ចន្ធា បែបនេះថា៖ “ពួកយើងបានធ្វើការជាមួយគ្នាជាយូរមកហើយ លើសពីនេះទៀតពួកយើងបានយល់ចិត្តគ្នាច្រើន ហើយចន្ធាបើទោះបីជាមានវ័យក្មេងមែន ប៉ុន្តែគាត់រៀបចំខ្លួនបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត បែបនេះទើបខ្ញុំចង់ឱ្យចន្ធាស្រេកឃ្លានការវិវឌ្ឍន៍ខ្លួនបន្ថែមទៀត សម្រាប់ពេលអនាគត”។

កីឡាករ គួច សុកុម្ភៈ (រូបភាព៖ FFC Cambodia)
កីឡាករ សៀង ចន្ធា (រូបភាព៖ FFC Cambodia)

យ៉ាងណាមិញ ចំពោះការរិះគន់មុនការប្រកួតកន្លងមក លោក Felix G.Dalmas តបទៅកាន់ការរិះគន់នេះថា៖ “ខ្ញុំមិនមានអ្វីនិយាយឡើយចំពោះការរិះគន់ទាំងនេះ ប៉ុន្តែខ្ញុំនៅតែសូមអរគុណចំពោះការរិះគន់របស់អ្នកគាំទ្រទាំងអស់កន្លងមក ត្បិតថាអ្នកគាំទ្រទាំងអស់មានការរិះគន់ច្រើនទៅលើរឿងនេះ ដោយសារតែពួកគេមានការព្រួយបារម្ភ និងចង់ឱ្យក្រុមជម្រើសជាតិកម្ពុជាមានការរីកចម្រើន”៕

លោក Felix G.Dalmas (រូបភាព៖ FFC Cambodia)
កីឡាករជម្រើសជាតិកម្ពុជា (រូបភាព៖ FFC Cambodia)
កីឡាករជម្រើសជាតិកម្ពុជា (រូបភាព៖ FFC Cambodia)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]