រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​១​គ្រឿង ខណៈ​ពេល​កំពុង​ស្ទូច​លើក​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង ដើម្បី​ដឹក​ចេញពី​ក្នុង​យានដ្ឋាន​មួយ​កន្លែង ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ បាន​ធ្វើ​ឲ្យ​ដងសន្ទូច​ប៉ះ​ជាមួយ​ខ្សែ​កា​ប្លិ៍​ភ្លើង​ឆ្លង​ចរន្តអគ្គិសនី​ឆក់​បុរស​ដែល​ជា​អ្នកបើកបរ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​យានដ្ឋាន​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ឈ្មោះ យឹ​ម ម៉ៅ អាយុ​៥៨​ឆ្នាំ មុខរបរ​បក​បររថ​យន្ត​ស្ទូច មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ បុរស​រង​គ្រោះ​អាច​និយាយ​បាន ហើយ​គាត់​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​កើតហេតុ​ខាង​យានដ្ឋាន​ខាងលើ​បាន​ទូរស័ព្ទ​ជួល​រថយន្ត​របស់​គាត់​ឲ្យ​ទៅ​ជួយ​ស្ទូច​លើក​គ្រឿងចក្រ​ប្រភេទ​អេ​ស្កា​វ៉ា​ទ័​រ​ធុន​តូច​១​គ្រឿង ដើម្បី​ដឹក​ចេញពី​ក្នុង​យានដ្ឋាន ។ ខណៈ​ពេល​និយាយ​ត្រូវ​ថ្លៃ​គ្នា​ហើយ គាត់​ក៏​បាន​បើករថយន្ត​ទៅ​កាន់​យានដ្ឋាន​នោះ ហើយ​ពេល​ទៅ​ដល់​បាន​ដែល​រៀបចំ​ស្ទូច​លើក​អេ​ស្កា​វ៉ា​ទ័​រ ស្រាប់តែ​ដងសន្ទូច​ជ្រុល​ទៅ​ប៉ះ​នឹង​ខ្សែ​កា​ប្លិ៍​ភ្លើង​នៅ​ពី​ខាងលើ បណ្តាល​ឲ្យ​ទាក់​ឆ្លង​ចរន្ត​ឆក់​រូប​គាត់​រង​របួស​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​មក​ខាង​មន្ត្រី​អគ្គិសនី​បាន​ចុះ​ទៅ​កាន់​ទីនោះ ដើម្បី​ត្រួតពិនិត្យ​មើល ហើយ​ខាង​ម្ចាស់​រថយន្ត​ស្ទូច​ក៏​បាន​ធ្វើការ​សម្របសម្រួល​បញ្ចប់រឿង​ជាមួយ​ខាង​មន្ត្រី​អគ្គិសនី​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]