ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ថវិកា ពី​សប្បុរសជន​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជួយ​ឧ​ប​ត្ថ​ម​លើកទឹកចិត្ត​ចំពោះ​កងកម្លាំង​នគរបាល​ដែល​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់ខ្លួន​ជន​ជា​ឃាតករ​រំលោភ​ហើយ​សម្លាប់​ក្មេង ប្រុស​ស្រី​២​នាក់​បងប្អូន​កាលពី​ពេល​កន្លង​មក ។

សប្បុរសជន​ខាងលើ​រួម​មាន ១-​លោក​ឧកញ៉ា ទៀ វិចិត្រ ចំនួន​៤០​លាន​រៀល ២-​លោក ឧកញ៉ា ឡាវ កាំ​ង ចំនួន​១​ពាន់​ដុល្លារ ៣-​ឈ្មោះ អា​នី​ដួងចិត្ត ម្ចាស់​ផ្ទះល្វែង​បិត​ត្រាំ​ង ចំនួន​១​ពាន់​ដុល្លារ​ដុល្លារ​អា​មេ​រិ​ក ៤-​លោក ស្រី សៀ ម៉ា​លី​ន ចំនួន​១​លាន​រៀល និង​៥-​លោក ហេង សុវណ្ណ ចំនួន​១​លាន​រៀល ។

ក្នុង​នោះ​ដែរ​សប្បុរសជន​បាន​លើក​ឡើង​ថា ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​នគរបាល​ជាតិ ជំនាញ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​ស្នងការដ្ឋាន​នគ​បាល​ខេត្តព្រៃវែង ដែល​មាន​ស្នាដៃ​ក្នុង​ការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ឃាតកម្ម រំលោភ​សម្លាប់​ក្មេង​ប្រុស​ស្រី​២​នាក់​បងប្អូន នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ កាលពី​ថ្ងៃ​ទី​២៩ ឧសភា កន្លងទៅ​នេះ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ពាំនាំ​យក​ថវិការ​សប្បុរសធម៌​ទាំងនេះ ទៅ​ប្រគល់​ជូន​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួរ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ ការ​បែងចែក ចំពោះ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ដែល​រួម​គ្នា​សហការ​ក្នុង​ការ​បង្ក្រាប​ករណី​រំលោភ​សម្លាប់ ដោយ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​១០០% នេះ ។

លោកស្នងការ ជួន ណា​រិ​ន្ទ បាន​សង្កត់ធ្ងន់​ថា ក្នុង​នាម​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ផ្ទាល់ សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​លោក​ឧកញ៉ា លោក​ជំទាវ លោក លោកស្រី ដែល​មាន​សន្តាន​ចិត្ត​ចូលរួម​ចំណែក​ជួយ​ដល់​កងកំលាំង​នគរបាល​ជាតិ​ជា ពិសេស​កំលាំង​នគរបាល​ដែល​បំពេញភារកិច្ច ជូន​ជាតិ និង​ប្រជាពលរដ្ឋ។

លោកស្នងការ​ក៏​បាន​ជូនពរ​ដល់​លោក​ឧកញ៉ា លោក​ជំទាវ លោក លោកស្រី ដែល​ជា​សប្បុរសជន សូម​ឱ្យ​មាន​សុខភាព​ល្អ មាំមួន និង​ជួប​ប្រទះ​តែ​សេចក្តីសុខ និង​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខរបរ​ផ្សេង​ៗ​មានការ​រីក​ចំរើន​ទៅ​មុខជា​និច្ច​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]