ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មធនាគារចល័តនៅកម្ពុជាបានរៀបចំ ទិវានៃភាពច្នៃប្រឌិតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីសេវាកម្មហិរញ្ញវត្ថុថ្មីរបស់ធនាគារមួយនេះ សំដៅជួយលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងជួយដល់ការរីកចម្រើននៃអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ទិវានៃភាពច្នៃប្រឌិតរបស់ធនាគារឯកទេសវីង ត្រូវបានរៀបចំឡើងជាលើកដំបូងនៅសណ្ឋាគារកាំបូឌីយ៉ាណាដែលមានអ្នកចូលរួមប្រមាណជាង ២០០ នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធ ដៃគូសហការ និងអតិថិជនរបស់ធនាគារឯកទេសវីង។ ព្រឹត្តិការណ៍នេះ ក៏មានជាកម្មវិធីកិច្ចពិភាក្សាលើប្រធានបទស្តីពី «ដំណើរទៅកាន់ប្រព័ន្ធឌីជីថលនៃអាជីវកម្មខ្នាតតូច និងមធ្យម» ដែលអ្នកជំនាញនឹងពិភាក្សាអំពីការដាក់ប្រព័ន្ធឌីជីថលសម្រាប់ដំណើរការនៃសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

វីងរៀបចំទិវានៃភាពច្នៃប្រឌិត ដើម្បីណែនាំសេវាកម្មហិរញ្ញវត្ថុថ្មី
វីងរៀបចំទិវានៃភាពច្នៃប្រឌិត ដើម្បីណែនាំសេវាកម្មហិរញ្ញវត្ថុថ្មី

ក្នុងអំឡុងកម្មវិធីនេះ ធនាគារឯកទេសវីង ក៏បានប្រកាសអំពីការដាក់សម្ពោធជាថ្មីនៃផលិតផលសហគ្រាសខ្នាតតូចនិងមធ្យមរបស់វីង តាមរយៈការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកគណនេយ្យ ដែលត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។

ភាពជាដៃគូនេះ មានន័យថា អតិថិជនដែលប្រើប្រាស់ផលិតផលសហគ្រាសខ្នាតតូចនិងមធ្យមរបស់វីង នឹងអាចប្រើប្រាស់ប្រព័ន្ធគណនេយ្យនៃក្រុមហ៊ុន BanhJi ដោយឥតគិតថ្លៃ សម្រាប់ដំណើរការអាជីវកម្មរបស់ពួកគេ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា៖

«ទោះបីជាសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុងជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ យើងឃើញថាអាជីវកម្មប្រភេទនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ហេតុដូច្នេះ សេវាកម្មរបស់ធនាគារឯកទេសវីង នឹងជួយសម្រួលលើបន្ទុកមួយនេះ ដើម្បីឲ្យម្ចាស់អាជីវកម្មទាំងអស់ អាចផ្តោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ពួកគេ។គន្លឹះនៃភាពជោគជ័យរបស់យើង ស្ថិតនៅត្រង់ថា យើងតែងតែធ្វើអ្វីៗដែលមានភាពខុសប្លែកពីមុន តែជាមួយគោលបំណងដូចគ្នា ពោលគឺផ្តល់ជូនប្រជាជនកម្ពុជាទាំងអស់នូវសេវាកម្មហិរញ្ញវត្ថុ ដែលមានងាយស្រួលសម្រាប់រាល់ប្រជាជនកម្ពុជា។ ធនាគារឯកទេសវីង មានសេចក្តីរីករាយក្នុងការប្រកាសភាពជាដៃគូ ជាមួយក្រុមហ៊ុន BanhJi ដែលជាក្រុមហ៊ុនច្នៃប្រឌិតថ្មី ដែលគុណតម្លៃដូចនឹងគុណតម្លៃរបស់វីងក្នុងការធ្វើអ្វីៗដែលមានភាពខុសប្លែកពីមុន»។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង

លោក ស៊ីម ចាន់គិរិរ័ត្ន អគ្គនាយកក្រុមហ៊ុន BanhJi មានប្រសាសន៍ថា៖

«ការចាប់ដៃគូសហការជាមួយធនាគារឯកទេសវីង នឹងបើកឱកាសដ៏ធំធេងនិងគួរឱ្យចាប់អារម្មណ៍សម្រាប់អាជីវកម្មរាប់ពាន់នៅក្នុងប្រទេស។ ក្រុមហ៊ុន BanhJi សង្ឃឹមថានឹងមានការផ្លាស់ប្តូរលើផ្នែកប្រព័ន្ធឌីជីថលជាវិជ្ជមាន នៅលើសហគ្រាសខ្នាតតូចនិងមធ្យម។ ហើយយើងសង្ឃឹមថា ដំណើរផ្លូវដែលយើងកំពុងត្រួសត្រាយ នាពេលនេះ នឹងជម្រុញក្រុមហ៊ុនដទៃទៀតនៅទូទាំងប្រទេស ឱ្យបន្តណែនាំផលិតផលនិងសេវាកម្មដែលមានភាពច្នៃប្រឌិត ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមិនធ្លាប់ប្រើប្រាស់សេវាកម្ម​ហិរញ្ញវត្ថុពីមុនមក។ នេះគឺដោយសារតែអាជីវកម្មខ្នាតតូចៗរាប់ពាន់នេះនឹងដើរតួនាទីសំខាន់ក្នុងការកសាងអនាគតនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
លោក ស៊ីម ចាន់គិរិរ័ត្ន អគ្គនាយកក្រុមហ៊ុន BanhJi

តាមរយៈចក្ខុវិស័យរបស់ធនាគារឯកទេសវីង ក្នុងការដាក់បញ្ចូលហិរញ្ញវត្ថុ នាពេលអនាគតខាងមុខ ធនាគារនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្នុងការដំណើរការបង់ថ្លៃអាជ្ញាប័ណ្ណ សម្រាប់សហគ្រាសធុនតូច និងមធ្យមតាមប្រព័ន្ធឌីជីថល ដល់គ្រប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ 

ដំណើរការបង់ថ្លៃអាជ្ញាប័ណ្ណនេះ ត្រូវបានគេរំពឹងថា នឹងអាចធ្វើបាននៅតាមភ្នាក់ងារវីងជាង ៦000កន្លែង ទូទាំងប្រទេសឬតាមរយៈគណនីវីង នៅលើគេហទំព័រសហគ្រាសខ្នាតតូចនិងមធ្យមរបស់ក្រសួង នាពេលខាងមុខ៕

វីងរៀបចំទិវានៃភាពច្នៃប្រឌិត ដើម្បីណែនាំសេវាកម្មហិរញ្ញវត្ថុថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]