(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្តែង អ្នកស្រី ស៊ិន ឧត្តមផល្លា បានប្រឡូងក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ បច្ចុប្បន្នកេរ្តិ៍ឈ្មោះតារារូបនេះ ហាក់មានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាពខ្លាំងឡើង ទោះបីជាវ័យកាន់តែជ្រេរក្តី។ ដោយសាររូបសម្រស់អំណោយផល និងសមត្ថភាពសម្តែង ព្រមទាំងអាចច្រៀងជាភាសាបរទេសបានយ៉ាងពីរោះ ផងនោះ បានធ្វើឲ្យអ្នកស្រីមានទីផ្សារមកទល់នឹងបច្ចុប្បន្ន។ ទន្ទឹមគ្នានេះ អ្នកស្រី ស៊ិន ឧត្តមផល្លា ផ្ទាល់បានឲ្យដឹងថា បន្ទាប់ពីប្រកាសចូលវិញមក ស្ទើរនឹកស្មានមិនដល់ថាមានសន្ទុះខ្លាំង បើប្រៀបធៀងកាលពីជាង២០ឆ្នាំមុនតែម្តង។

ទន្ទឹមនឹងការមានទីផ្សារផ្ទុះខ្លាំង ត្រូវបានស្ថានីយទូរទស្សន៍ក្នុងស្រុកនានា ទាក់ទងសម្តែងភាពយន្តមិនចេះដាច់នោះ អ្នកស្រី ស៊ិន ឧត្តមផល្លា បានថ្លែងតាមរយៈទូរស័ព្ទជាមួយនឹងក្រុមការងារ Fresh News និង Khmer Talking ឲ្យដឹងថា អ្នកស្រីពិតជានឹកស្មានមិនដល់នោះទេ ថាតាំងពីប្រកាសចូលសិល្បៈវិញមក សន្ទុះទីផ្សារមានខ្លាំងជាង ២០ឆ្នាំមុនទៀត ខណៈកាលពីមុនអ្នកស្រីចាប់យកអាជីពច្រៀងតែមួយមុខទេ ព្រោះមិនមានខាងផលិតករណាមួយទាក់ទងមកថតរឿងឡើយ។ លោកស្រីថា កាលខ្លួននៅក្មេង ក៏ចង់សម្តែងណាស់ដែរ ប៉ុន្តែប្រហែលជាបណ្តាផលិតករមិនចាប់អារម្មណ៍ឬមិនដឹង តែពេលឈានចូលវ័យរៀងជ្រេដូចបច្ចុប្បន្ន បែរជាអំណោយផលខ្លាំងទាំងការសម្តែងភាពយន្ត និងចម្រៀង។

បន្ថែមពីនេះ អ្នកម្តាយរូបស្រស់សោភា មិនចាញ់តារាស្រីជំនាន់ក្រោយរូបនេះបានបន្តថា អ្នកស្រីផ្ទាល់ក៏មិនដឹងថា ខ្លួនឯងមានវិធីសាស្ត្រអ្វីធ្វើឲ្យខ្លួនមានទីផ្សារដែរ អាចនិយាយបានថា ប្រហែលដល់ពេលដែលត្រូវប៉ាន់ក៏ថាបាន។ មួយវិញទៀត អ្នកស្រីជឿថា ប្រហែលជាអំពើល្អ ដែលអ្នកស្រីបានធ្វើកន្លងមក ឲ្យផលត្រឡប់មកវិញក៏ថាបាន ព្រោះកន្លងទៅអ្នកស្រីបានជួយផ្សព្វផ្សាយពីអ្នកសិល្បៈជំនាន់មុន រកជំនួយនានាដល់សិល្បករជំនាន់មុន ដែលគ្មានទីផ្សារឲ្យមានទីផ្សារ និងការងារ មានសប្បុរសជនជួយជាដើម។

ទោះបីជាយ៉ាងនេះក្តី តែអ្នកស្រី ស៊ិន ឧត្តមផល្លា ផ្ទាល់បានសង្កត់ធ្ងន់ថា រាល់ការងារដែលលោកស្រីធ្វើ ឬជួបមនុស្សជុំវិញខ្លួន លោកស្រីតែងតែមានទំនាក់ទំនងល្អជាមួយគេ និងមានភាពរួសរាយរាក់ទាក់ គោរពការងារ រួមផ្សំទាំងសមត្ថភាព និងរូបសម្រស់អំណោយផលផងនោះ ក៏ចាប់ឱកាសបាន មានទីផ្សារល្បីដូចបច្ចុប្បន្នតែម្តង មិនមែនមុខមិនឲ្យ ក្រោយមិនមើលនោះទេ។ អ្នកស្រីថា ចាប់តាំងពីទទួលសម្តែងភាពយន្តឲ្យលោក កៅ សីហា មកគឺចាប់ផ្តើមមានទីផ្សារ ត្រូវបានផលិតករនានាទាក់ទងមកសម្តែងរហូតតែម្តង។

គួរបញ្ជាក់ថា អ្នកស្រី ស៊ិន ឧត្តមផល្លា ត្រូវបានអ្នកសិល្បៈរួមអាជីព និងមិត្តក្នុងបណ្ដាញសង្គម គោរពកោតសរសើរគ្រប់គ្នា ព្រោះក្រៅពីទំនេរពីសិល្បៈ អ្នកស្រីតែងតែជួយដល់សិល្បករជំនាន់មុនដែលគ្មានទីផ្សារ តាមរយៈការជួយផ្សព្វផ្សាយព័ត៌មានឲ្យមហាជនបានដឹង ពីបច្ចុប្បន្នភាពរបស់តារាទាំងនោះជាដើម ព្រោះនេះជាទឹកចិត្តដ៏ល្អប្រពៃ និងជាផ្នែកមួយចូលរួមជួយសង្គម មួយចំណែកផងដែរ ខណៈកន្លងទៅតារាដែលអ្នកស្រីបានជួយផ្សព្វផ្សាយមានដូចជា៖ លោក ចាន់ សម័យ និងអ្នកនាង ម៉ៅ ស៊ីណាតជាដើម៕

ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ិន ឧត្តមផល្លា