ចិន៖ នារីវ័យក្មេងជនជាតិចិនម្នាក់ ទទួលបានការសរសើរយ៉ាងខ្លាំង ក្រោយត្រូវបានគេដឹងថា មានគំនិតច្នៃបង្កើតកន្ទបសត្វបក្សី និងថែមទាំងអាចរកចំណូលបានខ្ទង់រាប់ពាន់ដុល្លារទៀតក្នុងមួយខែៗ។

Zheng Han មានអាយុ ២៥ឆ្នាំ នាងគឺជាអតីតគិលានុបដ្ឋាយិកាម្នាក់ មកពីខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ នាងបានសម្រេចចិត្តបោះបង់អាជីពជាគិលានុដ្ឋាយិការបស់នាង នៅក្នុងឆ្នាំ២០១៤។ ក្រោយមក នាងក៏បានងាកមកចាប់ផ្តើមលក់នូវប្រភេទសម្លៀកពាក់ ឬគ្រឿងតុបតែងឲ្យបក្សី នៅលើអនឡាញ (វេបសាយ Taobo) ។

Zheng Han

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ចំពោះគំនិតនៅក្នុងការច្នៃបង្កើតកន្ទបសម្រាប់ស្លៀកឲ្យសត្វបក្សីនេះដែរ ដំបូងឡើយ Zheng មិនមានគំនិតនៅក្នុងការធ្វើវាឡើងនោះទេ។ ប៉ុន្តែបន្ទាប់ពីមានមិត្តភក្តិរបស់នាងជាច្រើន តែងតែត្អូញត្អែរនិងសាកសួរនាង ព្រោះតែចង់បានវិធីល្អប្រសើរជាងមុន ក្នុងការដោះស្រាយបញ្ហាកាកសំណល់សត្វបក្សីនោះ (លាមក នោម) ទើបជំរុញឲ្យនាងមានគំនិតចង់ធ្វើអ្វីម្យ៉ាង។

Zheng នាងក៏បានស្វែងរកមើលពីបញ្ហានេះ នៅលើអ៊ីនធឺណែត ហើយនាងក៏បានរកឃើញថាមានជាប្រភេទអៀម ឬកន្ទបសត្វបក្សី (ឬអ្នកខ្លះហៅថាខោទឹកនោម) ដែលមានដាក់លក់នៅឯទីផ្សារអាមេរិក។ ក៏ប៉ុន្តែបើក្រឡេកទៅមើលពីការឌីហ្សាញហាក់នៅមានកម្រិត ហើយលក់នៅក្នុងតម្លៃថ្លៃទៀត ដែលកន្ទបសត្វមួយខ្ទង់ ២០០ ទៅ ៤០០យ័ន ឯណោះ (ឬប្រហែល ២៩ ទៅ ៥៨ដុល្លារអាមេរិក) ។

ដោយសារតែបែបនេះហើយ ទើប Zheng នាងក៏បានសម្រេចចិត្តខិតខំនៅក្នុងការច្នៃបង្កើត កន្ទបសត្វបក្សីនេះឡើងយ៉ាងយកចិត្តទុកដាក់ ដោយផ្ទាល់ដៃរបស់នាងតែម្តង ដើម្បីដាក់លក់នៅក្នុងទីផ្សារក្នុងស្រុក។

កន្ទបសត្វបក្សី ស្នាដៃ Zheng ធ្វើ

កន្ទបសត្វបក្សីដែល Zheng បានបង្កើតឡើងនេះ ផ្នែកខាងក្រៅធ្វើចេញពីក្រណាត់កប្បាស ដែលមានសភាពទន់ ខណៈឯផ្នែកខាងក្នុងវិញច្នៃធ្វើឡើងពីផ្ទាំងក្រណាត់ដែលជួយការពារ ឬទប់ទល់ជាតិទឹកផងដែរ (ឬដូចខោទឹកនោម) ។

ប្រភពដដែលបន្តថា Zheng លក់កន្ទបសត្វបក្សីនេះ មួយក្នុងតម្លៃត្រឹមតែ ២០យ័ន ឬ ៣ដុល្លារអាមេរិកប៉ុណ្ណោះ។ នាងបានទម្លាយឲ្យដឹងថា រហូតមកទល់ពេលនេះ នាងទទួលបានការកុម្ម៉ង់ទិញយ៉ាងច្រើនពីសំណាក់អតិថិជន ពោលគឺ ៣ ទៅ ៤ថ្ងៃម្តង ដែលសរុបយ៉ាងហោចណាស់ក្នុងមួយខែៗ នាងអាចលក់ចេញបានដល់ទៅជាង ១,០០០កន្ទបឯណោះ។ ដូច្នេះបានន័យថា នាងក៏អាចរកប្រាក់ចំណូលបានគួរសម ដែលក្នុងមួយខែៗ ក៏អាចបានខ្ទង់ ៤ពាន់ដុល្លារអាមេរិកដែរ។

Zheng បានបន្ថែមទៀតថា នេះគឺជាជំហានដ៏ជោគជ័យមួយហើយសម្រាប់នាង បន្ទាប់ពីនាងបានលាឈប់ពីការងារជាគិលានុបដ្ឋាយិកា។

នាងថា «ឥឡូវនេះគ្រប់គ្នាជឿជាក់ថា ក្មេងៗសម័យនេះពិតជាមានគំនិតដ៏ល្អរៀងៗខ្លួនរបស់ពួកគេមែន។ ហើយគ្រប់គ្នាក៏បានជំរុញ និងលើកទឹកចិត្តខ្ញុំ ឲ្យធ្វើការងារមួយនេះឲ្យកាន់តែរលូនទៅមុខទៀតផង។ តើអ្វីជាភាពខុសគ្នារវាងមនុស្សដែលមានក្តីសុបិន និងមនុស្សដែលគ្មាននោះ? ខ្ញុំជឿជាក់លើខ្លួនខ្ញុំ ថាខ្ញុំអាចដើរទៅមុខទៀតបានដោយជោគជ័យ» ៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]