អាមេរិក៖ បុរសសញ្ជាតិអាមេរិកម្នាក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សម្នាជាច្រើន ជុំវិញនឹងពុកមាត់ពុកចង្កាយ៉ាងស្រស់សង្ហា និងវែងអន្លាយរបស់គាត់ហៀរដល់ចង្កេះ ប្រវែងចង់១ម៉ែត្រ ក្រោយ មិនខ្ចីកោរចេញអស់ពេលរាប់ឆ្នាំ ដែលកម្រនឹងមានអ្នកណាៗអាចរក្សាទុកបានបែបនេះ។

លោក Lance Wooton

លោក Lance Wooton មានអាយុ ៣២ឆ្នាំ មកពីរដ្ឋ Kentucky សហរដ្ឋអាមេរិក មានតួនាទីជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យាម្នាក់ (IT Supervisor) ហើយលោកក៏ត្រូវបានគេស្គាល់ថា ជាបុរសម្នាក់ដែលមានពុកមាត់ពុកចង្កាដ៏វែង និងទាក់ទាញ ដែលមានឈ្មោះល្បីនៅទូទាំងពិភពលោកថែមទៀតផង។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោក Wooton បានចាប់ផ្តើមរក្សាទុកពុកមាត់ពុកចង្កានៅលើផ្ទៃមុខរបស់គាត់នេះ តាំងតែពីកំឡុងខែមិថុនា ឆ្នាំ២០១៤ មកម៉្លេះ។ នេះក៏ដោយសារតែ គំនិតដំបូងរបស់លោក គឺលោកមានបំណងចង់ឲ្យវាមានទាក់ទាញ និងសក្តិសម (កាលនោះនៅខ្លីល្មម) នៅពេលដែលលោកតុបតែងខ្លួនស្លៀកពាក់របៀបជាចោរសមុទ្រ ក្នុងឱកាសនៃពិធីបុណ្យ Halloween ។

លោក Lance Wooton

ជាលទ្ធផលនឹកស្មានមកដល់នោះ លោក Wooton គឺពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមែន ជុំវិញនឹងការរក្សាទុកពុកមាត់ពុកចង្កានេះ រហូតថែមទាំងទាក់ទាញចំណាប់អារម្មណ៍មិត្តរបស់លោកម្នាក់ ដែលជាម្ចាស់ហាងកាត់សក់ និងបានហៅលោកឲ្យមកមើលផលិតផលថែរក្សាពុកមាត់ពុកចង្កា ដើម្បីទិញយកទៅប្រើប្រាស់ផងដែរ។

ដំបូងឡើយ លោក Wooton មិនដែលគិតសូម្បីតែការប្រើប្រាស់ផលិតផលអស់ទាំងនោះទេ ប៉ុន្ដែលោកក៏បានទិញវាខ្លះៗយកមកប្រើផងដែរ។ ក្រោយៗមក លោក Wooton ក៏តែងតែបង្ហោះរូបពុកមាត់ពុកចង្ការបស់លោកជារឿយៗនៅលើបណ្តាញសង្គម ដោយទទួលការចាប់អារម្មណ៍ និងការសរសើរផងដែរ។ ហើយអ្វីដែលពិសេសទៀតនោះ លោក Wooton ថែមទាំងត្រូវបានគេជំរុញឲ្យចូលរួមប្រកួតប្រជែង អ្នកដែលមានពុកមាត់ពុកចង្កាវែង និងស្រស់ស្អាតស្រស់សង្ហាទៀតផង។

លោក Lance Wooton

ប្រភពដដែលបន្តថា អស់រយៈពេលជាង ៥ឆ្នាំមកនេះ លោក Lance Wooton ក៏បានចូលរួមប្រកួតប្រជែងជាច្រើនលើក នៅទូទាំងពិភពលោក ហើយនៅទីបំផុតលោកក៏ទទួលបានចំណាត់ថ្នាក់លេខទី២ នៅសហរដ្ឋអាមរិក នៃប្រភេទពុកមាត់ពុកចង្កាធម្មជាតិ (All-natural) និងទទួលបានចំណាត់ថ្នាក់ទី៤ នៃប្រភេទពុកមាត់ពុកចង្កាពេញដោយធម្មជាតិ (Full Beard Natural) នៅទូទាំងពិភពលោកថែមទៀតផង។

បើគិតមកទល់ពេលនេះ ពុកមាត់ពុកចង្ការបស់លោក Wooton ត្រូវបានគេដឹងថា មានប្រវែង ២,៥ហ្វីត (ឬប្រហែល ៧៦,២សង់ទីម៉ែត្រ) វែងដល់ចង្កេះរបស់លោកតែម្តង។

លោក Lance Wooton

លោក Wooton និយាយថា លោកពិតជាភ្ញាក់ផ្អើល ដែលលោកអាចទទួលបានចំណាត់ល្អៗ លេខ២ថ្នាក់ជាតិ លេខ៤ថ្នាក់អន្តរជាតិ (ពិភពលោក) បែបនេះ។ លោកថា កន្លងមកក៏ធ្លាប់មានមនុស្សមួយចំនួននិយាយថា ពុកមាត់ពុកចង្ការបស់លោក គឺវាដូចឆ្កួត និងគួរឲ្យចង់សើច ហើយពួកគេថែមទាំងប្រាប់ឲ្យលោកកោរវាចេញថែមទៀត។ ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីលោកចាប់ផ្តើមចេះស្រលាញ់ពុកមាត់ពុកចង្ការបស់ខ្លួនមក លោកមិនដែលគិត ឬខ្វល់ពីសម្ដីរបស់អ្នកដទៃនោះទេ។

លោក Lance Wooton

គួរឲ្យដឹងផងដែរថា លោក Wooton ក៏មិនមានគម្រោងថានឹងកោរពុកមាត់របស់លោកចោលនោះដែរ។ ព្រោះវាបានផ្តល់ឲ្យលោកនូវការយកចិត្តទុកដាក់ ការស្រលាញ់ចូលចិត្ត ពីមហាជនជាច្រើននៅទូទាំងពិភពលោក។ ពិសេសពីសំណាក់អ្នកឧបត្ថម្ភ ឬអ្នក Sponsors តែម្តង ដែលតែងជួយផ្តល់ជាផលិតផលថែរក្សា និងផ្តល់ឱកាសឲ្យលោកបានធ្វើដំណើរកម្សាន្តជុំវិញពិភពលោកថែមទៀត។ ដូច្នេះលោកជឿជាក់ថា ក្រុមអ្នកស្រលាញ់គាំទ្រលោក ពួកគេគឺមានឥទ្ធិពលខ្លាំង ជាងក្រុមដែលមិនចូលចិត្តលោក៕

លោក Lance Wooton
លោក Lance Wooton ពីមុន និង ឥឡូវ
លោក Lance Wooton
លោក Lance Wooton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]