អាមេរិក៖ យុវជនម្នាក់ដែលធ្លាប់គ្មានផ្ទះសម្បែងតស៊ូរៀនរហូតបានក្លាយទៅជាសិស្សពូកែប្រចាំវិទ្យាល័យ ហើយពេលនេះរូបគេបានជាប់ឈ្មោះទៅរៀននៅឯសាកលវិទ្យាល័យ Harvard ថែមទៀត។

យុវជនរូបនេះមានឈ្មោះ Derrick Ngo អាយុ ១៨ឆ្នាំ មានកុមារភាពដ៏ជូរចត់បំផុត ដោយធំឡើងគ្មានឪពុក ហើយត្រូវរស់នៅជាមួយម្តាយម្នាក់ ដែលតែងតែជាប់ពន្ធនាគារជាញឹកញាប់ថែមទៀត។

មុនពេល Derrick ទទួលបានជោគជ័យដូចសព្វថ្ងៃ រូបគេបានផ្លាស់ប្តូរសាលារៀនអស់ចំនួន ១២សាលា។

កាលពីអាយុ១៥ឆ្នាំ គេចាប់ផ្តើមរស់នៅដោយខ្លួនឯងជាមួយនឹងជំនួយខ្លះៗពីម្តាយរបស់គេ ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ លុះ២ឆ្នាំក្រោយមក គេក៏ធ្លាក់ខ្លួនគ្មានផ្ទះសម្បែង។

Derrick Ngo
រូបកាលពីក្មេងរបស់ Derrick Ngo និងបងប្អូនគេ

យុវជន Derrick បានប្រាប់ក្រុមសារព័ត៌មានថា៖

«ពីមុនម្តាយខ្ញុំវក់នឹងល្បែងជាខ្លាំង។ ដូច្នេះខ្ញុំនិងបងប្អូនរបស់ខ្ញុំតែងតែចាំគាត់នៅកាស៊ីណូប្រៀបដូចជាសំរាមអីចឹង។»

«ជាទូទៅយើងពុំមានអាហារគ្រប់គ្រាន់ហូបនោះទេ។ យើងគ្មានប្រាក់គ្រប់គ្រាន់ទេ។ យើងគ្មានប្រភពចំណូលច្បាស់លាស់នោះទេ ហើយនេះគឺជាអ្វីខ្ញុំបារម្ភបំផុត។»

ព្រោះតែចង់ផ្លាស់ប្តូរអនាគត Derrick បានតាំងចិត្តខិតខំប្រឹងប្រែងរៀនសូត្រ ហើយនៅទីបំផុតរូបគេក៏បានក្លាយទៅជាសិស្សពូកែបំផុតប្រចាំវិទ្យាល័យ Energy Institute High School។

Derrick Ngo

Derrick បាននិយាយបន្ថែមទៀតថា៖

«ខ្ញុំដឹងថាប្រសិនបើខ្ញុំមិនបានប្រើប្រាស់សាលារៀន ការអប់រំ និងធនធានដែលខ្ញុំមាននោះទេ ខ្ញុំមិនអាចផ្លាស់ប្តូរស្ថានភាពជីវិតខ្ញុំបាននោះទេ។»

មិនយូរប៉ុន្មាន Derrick ក៏បានជំនួយពីអង្គការ EMERGE ក្នុងការឧបត្ថម្ភការសិក្សានិងបណ្តុះបណ្តាលរូបគេឱ្យរៀននៅសាលាល្បីៗ

ដោយ Derrick បានរៀបរាប់បន្ថែមទៀតថា៖

«ប្រសិនបើពុំមានជំនួយពីអង្គការ EMERGE នោះទេ ខ្ញុំក៏មិនអាចចូលរៀននៅឯសាកលវិទ្យាល័យ Harvard បានដែរ។ អង្គការ EMERGE បានជួយបណ្តុះបណ្តាលខ្ញុំ និងផ្តល់ឱកាសឱ្យខ្ញុំបន្តការសិក្សានៅឯសាកលវិទ្យាល័យ។»

Derrick Ngo

បន្ថែមពីនេះទៀត Derrick ក៏អរគុណដល់អ្នកគ្រូ Judy Le ផងដែរ ដែលបានជួយបង្រៀនរូបគេ ទើបគេមានដូចសព្វថ្ងៃនេះ។

Derrick បាននិយាយបន្ថែមទៀតថា៖

«គ្រូរបស់ខ្ញុំឈ្មោះ Judy Le ហើយគាត់គឺជាមនុស្សដ៏អស្ចារ្យបំផុតនៅក្នុងជីវិតខ្ញុំ។ អ្នកគ្រូ Judy Le បានផ្តល់ភាពកក់ក្តៅឱ្យខ្ញុំ ស្រលាញ់ខ្ញុំប្រៀបដូចជាកូនបង្កើតរបស់គាត់អីចឹង។»

យ៉ាងណាមិញ នៅខែធ្នូខាងមុខនេះ Derrick នឹងចូលរៀននៅឯសាកលវិទ្យាល័យ Harvard ហើយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Derrick Ngo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]