បារាំង៖ មុនការឈានដល់មហាសន្និបាត FIFA លើកទី ៦៨ និងការបើកព្រឹត្តិការណ៍ FIFA Women’s World Cup ២០១៩ សមាជិកនៃក្រុមប្រឹក្សារបស់ FIFA បានបើកកិច្ចប្រជុំមួយនៅទីក្រុងប៉ារីស ដើម្បីពិភាក្សាលើកិច្ចការធំៗមួយចំនួន។ ក្នុងនោះដែរ កិច្ចប្រជុំនោះក៏បានលើកឡើងពីការរៀបចំព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ FIFA Club World Cup ផងដែរ ដោយបានអនុញ្ញាតឱ្យប្រទេសកាតា រៀបចំព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់លំដាប់ក្លិបពិភពលោកនេះចំនួន ២រដូវកាលជាប់គ្នា ពោលគឺរដូវកាល ២០១៩ និង រដូវកាល ២០២០។

FIFA
ពានរង្វាន់ FIFA Club World Cup

គួរបញ្ជាក់ថា ការផ្តល់សិទ្ធិពី FIFA នេះដែរ គឺជាការរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រទេសកាតាជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រពាននេះ ខណៈដែលរយៈពេល ១០ឆ្នាំចុងក្រោយ មានតែប្រទេសចំនួន ៣ប៉ុណ្ណោះដែលទទួលបានសិទ្ធិរៀបចំការប្រកួតនេះរួមមាន ជប៉ុន, អារ៉ាប់អេមីរ៉េត និងប្រទេសម៉ារ៉ុក។ ចំពោះពានរង្វាន់ FIFA Club World Cup រដូវកាល ២០១៩ និង ២០២០ នេះ FIFA នៅតែបន្តរក្សាទម្រង់ដដែល ពោលគឺមានក្រុមចូលរួមចំនួន ៧ ដូចទៅនឹងរដូវកាលកន្លងមកដែរ មុននឹងប្តូរទៅរូបមន្តមានក្រុមចូលរួមចំនួន ២៤ ចាប់ពីឆ្នាំ ២០២១ តទៅ។

គួរបញ្ជាក់ផងដែរថា ការរៀបចំព្រឹត្តិការណ៍ FIFA CWC នៅកាតានេះ នឹងផ្តល់ជាប្រយោជន៍ធំបំផុតសម្រាប់ប្រទេសនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើជាម្ចាស់ផ្ទះ FIFA World Cup នៅឆ្នាំ ២០២០ ត្បិតការរៀបចំ FIFA CWC នេះ គឺនឹងត្រូវរៀបចំនៅក្រោមលក្ខខណ្ឌពេលវេលា និងអាកាសធាតុជាធម្មតាប្រហាក់ប្រហែលនឹងការប្រកួត World Cup នាពេលខាងមុខដែរ៕ 

FIFA World Cup 2022
កីឡដ្ឋាននៅប្រទេសកាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]