(ភ្នំពេញ)៖ ភ្លៀងមួយមេលាយឡំខ្យល់កន្រ្តាក់ ធ្វើឲ្យឃ្លាំងក្រុមហ៊ុនផែស្ងួតមួយបានដួលរលំ និងប៉ើងដំបូលហើរទៅទើលើខ្សែកាប្លិ៍បណ្ដាលឲ្យដាច់ និងទុស្សេបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយផ្លូវមួយខ្សែត្រូវបានបិទមិនឲ្យមានការធ្វើដំណើរឆ្លងកាត់ឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយចរន្តអគ្គីសនីឆក់៕ ហេតុការណ៍នោះ បានកើតឡើងនៅល្ងាចថ្ងៃទី០៣ ខែមិនថុនា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀងមួយមេ ធ្លាក់ខ្លាំងលាយឡំជាមួយនិងខ្យល់កន្រ្តាក់ផងដែរ ខណៈនោះម្នាក់ៗ មិនមាននរណាហ៊ានចេញក្រៅផ្ទះឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន លុះដល់ពេលរាំងភ្លៀងស្ងប់ខ្យល់ ស្រាប់តែឃើញឃ្លាំងផែស្ងួតមួយនោះ ប៉ើងដំបូលហើរទៅទើរលើខ្សែកាប្លិ៍ភ្លើង និងរលំបណ្ដាលឲ្យដាច់ខ្សែភ្លើងទុស្សេបែកផ្កាភ្លើងគួរឲ្យខ្លាច។

ក្រោយឃើញស្ថានភាពបែបនេះ អាជ្ញាធរមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលពីទំហំនៃការខូចខាត ហើយពិនិត្យថាតើ មានអ្នករបួស ឬអត់ ប៉ុន្តែត្រូវបានខាងក្រុមហ៊ុនមិនសហការនោះទេ ព្រមទាំងបញ្ជាឲ្យសន្តិសុខធ្វើការរារាំងមិនឲ្យចូលទៅពិនិត្យឡើយ ហាក់មានរឿងអ្វីមួយត្រូវបិទបាំង។

បន្ទាប់មកដោយសារតែខ្សែភ្លើងដាច់រញ៉េរញ៉ៃ និងទុស្សេចរន្តជាបន្តបន្ទាប់ខ្លាចមានគ្រោះថ្នាក់ ដល់អ្នកដំណើរឆ្លងកាត់ ទើបអាជ្ញាធរសម្រេចបិទផ្លូវនោះជាបណ្ដោះអាសន្នសិនរង់ចាំចំណាត់ការបន្ត៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]