ក្រោយ​សម្រាល​កូន​រួច ច្បាស់​ជា​ស្រីៗ​គ្នា​យើង​មិន​ទាន់​ចង់​បាន​កូនទៀត​ភ្លាមៗ​នោះ​ទេ ព្រោះ​ចង់​ឲ្យ​សុខភាព​រឹងមាំ មាន​ពេល​វេលា​គ្រប់គ្រាន់​មើល​ថែទាំ​កូន​តូច​ឲ្យ​ល្អ ឬ​ធ្វើ​ការងារ​ជា​ដើម។ មិន​ចង់​មាន​កូន​ដោយ​ចៃដន្យ មាន​តែ​វិធី​ការពារ​ប៉ុណ្ណោះ។ ក្រោយ​សម្រាល​កូន​រួច តើ​ពេល​ណា​ម៉ាក់ៗ​អាច​ប្រើ​ពន្យារ​កំណើត​បាន?
គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក អ៊ូង មុនីរស្មី ​បញ្ជាក់​ថា ក្រោយ​សម្រាល​កូន​រួច១ខែ​កន្លះ ម៉ាក់ៗ​អាច​ពន្យារ​កំណើត​បាន​ហើយ ព្រោះ​សុខភាព និង​ស្បូន​ជា​សះស្បើយ​ ត្រលប់​មក​សភាព​ដើម​វិញ​។ 

“១ខែ​កន្លះ​បន្ទាប់​ពី​កើត​អាអូន​រួច គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​មក​ពិនិត្យ​សុខភាព​ក្រោយ​សម្រាល តើ​ត្រលប់​មក​ដូច​ដើម​ទេ ពេល​ហ្នឹង​ដែរ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ការពារ​កំណើត​ហើយ ដើម្បី​បង្ការ​ការ​មាន​កូន​ញឹក​ពេក ឬ​ការ​មាន​កូន​មិន​តាមប្រាថ្នា”។

លោកស្រី​វេជ្ជបណ្ឌិត​ថា ស្រីៗ​មួយ​ចំនួន​គិត​ថា បើ​មិន​ទាន់​មាន​ឈាម​រដូវ​ទេ មិន​បាច់​ពន្យារ​កំណើត​ក៏​បាន​ដែរ ការ​គិត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មាន​រដូវ​វិញ​លឿន ឬ​ឆាប់ អាស្រ័យ​ទៅ​លើ​ការ​បំបៅ​ដោះ​កូន​ដែរ ការ​បំបៅ​កូន​កាន់​តែ​យូរ និង​ញឹក​ញាប់ ធ្វើ​ឲ្យ​ពន្យារ​ការ​មក​រដូវ។ ទោះ​មាន​ឈាម​រដូវ ឬ​អត់ ការ​រួមភេទ​ក្រោយ​សម្រាល​កូន​រួច អាច​មាន​កូន​គ្រប់​ពេល​វេលា ដូច្នេះ​ហើយ​ស្រីៗ​យើង​ចាំបាច់​ត្រូវ​មាន​វិធី​ការពារ។

ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​ដោះកូន ហើយ​ចង់​ពន្យារ​កំណើត​ដោយ​ប្រើ​ថ្នាំ​គ្រាប់​នោះ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ណាដែល​មិន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​កូន។ មិន​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត ឬ​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេងៗ​ទៀត​នោះ​ទេ មុន​ប្រើ​ចាំបាច់​ត្រូវតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព ឬ​រោគ​ស្ត្រី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]