អាមេរិក៖  ដូចជាអ្នកដឹងរួចមកហើយថា ដើម្បីទៅសហរដ្ឋអាមេរិក តម្រូវឱ្យអ្នកបំពេញសំណុំឯកសារពាក់ព័ន្ធជាច្រើន រួមមានអ្នកធានាទៀត ទើបអាចមានឱកាសបានទៅដល់ប្រទេសមួយនេះ។ លើសពីនេះទៅទៀត ថ្មីៗនេះក្រសួងការបរទេសអាមេរិកតម្រូវឱ្យអ្នករាល់គ្នាដែលចង់សុំទិដ្ឋាការទៅអាមេរិកត្រូវតែបំពេញព័ត៌មានបណ្តាញសង្គមរបស់អ្នកថែមទៀត។

យោងតាមប្រភពបានឱ្យដឹងថា ឥលូវនេះក្រសួងការបរទេសអាមេរិក តម្រូវឱ្យអ្នកដាក់ពាក្យសុំទិដ្ឋា (វីសា)ទាំងអស់ ត្រូវតែបំពេញព័ត៌មានពាក់ព័ន្ធបណ្តាញសង្គមរបស់អ្នកទាំងអស់ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនអាមេរិក។

រូបតំណាង

ការផ្លាស់ប្តូរថ្មីបែបនេះនឹងជះឥទ្ធិពលដល់ចំនួនជនបរទេសប្រមាណ ១៥លាននាក់ដែលដាក់ពាក្យសុំវីសាទៅអាមេរិកជាប្រចាំឆ្នាំ។

ក្នុងនោះ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា៖

«សន្តិសុខជាតិគឺជាអាទិភាពចម្បងរបស់យើង នៅពេលធ្វើការវាយតំលៃពាក្យសុំទិដ្ឋាការ ហើយគ្រប់អ្នកដំណើរនិងជនអន្តោប្រវេសន៍ទាំងអស់ដែលចង់មកសហរដ្ឋអាមេរិក ត្រូវតែទទួលបានការត្រួតពិនិត្យសន្តិសុខយ៉ាងពេញលេញបំផុត។ យើងកំពុងធ្វើការដុតដៃដុតជើងស្វែងរកយន្តការក្នុងការអភិវឌ្ឍន៍ដំណើរការត្រួតពិនិត្យតាមដានរបស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់ និងដើម្បីធានាបាននូវសុខសុវត្ថិភាពប្រជាពលរដ្ឋអាមេរិក ខណៈពេល គាំទ្រការធ្វើដំណើរចូលមកសហរដ្ឋអាមេរិកដោយស្របច្បាប់។»
រូបតំណាង

ដូច្នេះ សំណុំបែបបទថ្មីនេះទាមទារឱ្យបេក្ខជនទាំងអស់ត្រូវតែបំពេញប្រវត្តិរូបគណនីបណ្តាញសង្គមរបស់អ្នកទាំងអស់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះរួមមាន៖ Facebook (ហ្វេសប៊ុក), YouTube (យូធូប), Instagram, Twitter, Reddit និង Weibo ជាដើម។

យ៉ាងណាមិញ សម្រាប់អ្នកដែលក្លែងបន្លំ ឬនិយាយកុហកពាក់ព័ន្ធទៅនឹងគណនីបណ្តាញសង្គមរបស់ខ្លួននោះ អាចប្រឈមមុខនឹងការដាក់ទោសដ៏ធ្ងន់ធ្ងរថែមទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]