ឥណ្ឌា៖ សីតុណ្ហភាពកម្ដៅបានហក់ឡើងដល់ទៅជាង ៥០អង្សាសេ នៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ដែលធ្វើប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួត ក្តៅហួតហែង (កង្ខះទឹកប្រើប្រាស់) និងបញ្ហាសុខភាពផ្សេងៗ រហូតបង្កឲ្យមានការប្រកាសអាសន្នជុំវិញនឹងបញ្ហានេះ។

បើផ្អែកតាមរយៈនាយកដ្ឋានអាកាសធាតុ ឬឧតុនិយមឥណ្ឌា បានលើកឡើងថា សីតុណ្ហភាពកម្តៅបានស្ទុះឡើងដល់ ៥០,៦អង្សាសេ នៅតំបន់ទីក្រុងវាលខ្សាច់ Churu រដ្ឋ Rajasthan កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ ដែលជាហេតុធ្វើឲ្យទីក្រុងក្នុងរដ្ឋខាងលើ បានរងនូវភាពតានតឹង ឬកម្ដៅយ៉ាងខ្លាំង ខណៈសូម្បីតែប្រជាជនរស់នៅក្នុងតំបន់ ក៏បានសម្ដែងក្តីព្រួយបារម្ភផងដែរ។ កម្ដៅខ្លាំងនេះ អាចនឹងបន្តរហូតដល់មួយសប្តាហ៍ទៀត នៅទូទាំងរដ្ឋមួយចំនួនដូចជា រដ្ឋ Rajasthan, Madhya Pradesh, Punjab, Haryana និងរដ្ឋ Uttar Pradesh ។

គ្រោះរាំងស្ងួតនៅឥណ្ឌា

គួររម្លឹកថា កាលពីក្នុងកំឡុងខែឧសភា ឆ្នាំ២០១៦ តំបន់ Pahlodi ក្នុងរដ្ឋ Rajasthan នេះ ក៏ធ្លាប់ត្រូវបានគេកត់ត្រាទុកថា ធ្លាប់ទទួលរងនូវសីតុណ្ហភាពកម្ដៅខ្លាំង រហូតដល់ទៅ ៥១អង្សាសេផងដែរ។

ក្រៅពីនេះ សូម្បីតែតំបន់ក្នុងរដ្ឋ Himachal Pradesh ដែលត្រូវបានគេស្គាល់ថា ជាប្លុកឬកន្លែងដែលសម្បូរប្រជាជនឥណ្ឌាអ្នកមានទ្រព្យរស់នៅនោះ ក៏ត្រូវបានគេរាយការណ៍ថា នាំគ្នាជម្លៀសខ្លួនចេញពីអាកាសធាតុក្តៅនេះ (ក្នុងរដូវក្តៅ) ក្រោយសីតុណ្ហភាពកម្ដៅហក់ឡើងដល់ ៤៤,៩អង្សាសេផងដែរ។

បើយោងតាមប្រភពសារព័ត៌មាន ប្រជាជនជាច្រើនក៏ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ដោយសារតែកម្លាំងដ៏ក្តៅខ្លាំងក្នុងប្រទេស រហូតក៏មានការប្រកាសអាសន្ន ឬការព្រមាន ណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ មិនត្រូវចេញក្រៅផ្ទះនៅក្នុងចន្លោះម៉ោងដែលក្តៅបំផុត (ពេលថ្ងៃ) ក៏ដូចជាណែនាំឲ្យមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពផងដែរ។

គ្រោះរាំងស្ងួតនៅឥណ្ឌា

ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលរស់នៅឯតំបន់ភាគខាងលិច នៃរដ្ឋ Maharashtra វិញ កសិករជាច្រើន ក៏បានធ្វើការត្អូញត្អែរ ដោយសារតែបញ្ហាកង្វះទឹកប្រើប្រាស់ (ក្តៅហួតហែង) ដែលបង្កជាការលំបាកដល់ការធ្វើដំណាំកសិកម្មនិងជីវិតសត្វ។

អ្វីដែលគួរឲ្យសង្វេគចិត្តនោះ ប្រជាពលរដ្ឋជាច្រើនក៏ត្រូវបានគេដឹងថា អាក់ខានក្នុងការងូតទឹក និងបោកសម្លៀកបំពាក់ ព្រោះតែបញ្ហាកង្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរនេះ ហើយសូម្បីតែការហូបចុក (ទទួលទានទឹក) ក៏ជាបញ្ហាលំបាកខ្លាំងដូចគ្នា ទាំងជីវិតមនុស្សនិងសត្វ៕

គួរឲ្យដឹងផងដែរថា ឧបទ្វីបឥណ្ឌាត្រូវបានគេមើលឃើញថា ហាក់មានការប្រែប្រួលយ៉ាងខ្លាំង នៃគំរូទឹកភ្លៀងក្នុងរយៈពេលជាងមួយទសវត្សរ៍ (ឬជាង១០ឆ្នាំ) មកហើយ ដែលជាហេតុតែងធ្វើឲ្យប្រទេសមួយនេះ ជួបនូវគ្រោះរាំងស្ងួតញឹកញាប់ ក៏ដូចបញ្ហាគ្រោះធម្មជាតិផ្សេងៗទៀតផងដែរ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]