ជំងឺ​បេះដូង ជា​ឃាតករ​សាហាវ​បំផុត​សម្លាប់​មនុស្ស​ជា​ច្រើន​រៀង​រាល់​ឆ្នាំ ហើយ​ពេល​ណា​គ្នា​យើង​ ឬ​ចាស់ៗ​កើត​ជំងឺ​នេះ មិន​ត្រឹម​តែ​មាន​សុខភាព​ទន់​ខ្សោយ​​​ទេ តែ​ត្រូវ​ចំណាយ​លុយកាក់​​ច្រើន​សន្ធឹក​សន្ធាប់​​ ទៅ​​ទិញ​ថ្នាំ​គ្រប់គ្រង​ជំងឺ ព្រោះ​ថ្នាំ​សម្រាប់​ជំងឺ​ប្រភេទ​នេះ​មាន​តម្លៃ​ខ្ពស់​ខ្លាំង​ណាស់។ បើ​ពិបាក​យ៉ាង​នេះ ហេតុ​អី​មិន​នាំ​គ្នា​បង្ការ​កុំ​ឲ្យ​កើត​មាន​ជំងឺ​នេះ​ទៅ? អត្ថបទ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាហារ​បំប៉ន​មួយ​ចំនួន​មាន​ប្រយោជន៍​ខ្លាំង តម្លៃ​ក៏​មិន​ថ្លៃ អាច​ជួយ​ការពារជំងឺ​កាច​សាហាវ​ជា​ច្រើន ពិសេស​ជួយ​ឲ្យ​បេះ​ដូងមាន​សុខភាព​ល្អ​តែ​ម្តង។

១- ជាតិសរសៃ និងជាតិខ្លាញ់ (Sterol)

– អាហារ​សម្បូរ​ជាតិ​សរសៃ (Fiber)៖ ជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខ​ភាព​ទូទៅ សម្បូរ​ក្នុង​គ្រាប់​ធញ្ញជាតិ បន្លែ​ និង​ផ្លែឈើ​ ​ជួយ​បន្ថយ​កម្រិត​ កូលេស្តេរ៉ូល​ ពី​អាហារ​ដែល​យើង​ញ៉ាំ។ គួរ​ញ៉ាំ​ជាតិ​សរសៃ ​យ៉ាង​តិច ​២៥-៣០ ​ក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​សម្រាប់​ប្រុសៗ​អាយុ ​៥០​ឆ្នាំ គួរ​ញ៉ាំ​ឲ្យ​បាន ​៣៨ ​ក្រាម​ក្នុង​មួយ​ថ្ងៃ។
យើង​អាច​ទទួល​បាន​សារធាតុ​នេះ​ពី​អាហារ​ និង​ថ្នាំ​បំប៉ន ព្រោះ​សារ​ជាតិ Blond Psyllium Husk ដែល​ជា​ទម្រង់​មួយ​នៃ​ជាតិ​សរសៃ មា​នក្នុង​ថ្នាំ​បំប៉ន ផ្តល់​ប្រយោជន៍​កាត់​បន្ថយ​ខ្លាញ់​អាក្រក់ LDL និង​បង្កើន​ខ្លាញ់​ល្អ HDL ក្នុង​សរសៃ​ឈាម។ ​មាន​ថ្នាំ​បំប៉ន​ផ្សេង​ទៀត​មាន​ផ្ទុក​ ជាតិ​សរសៃ ​ដូច​ជា Wheat Dextrin, Methylcellulose, Polycarbophil និង​កាល់ស្យូម ​ជា​ដើម។
ចាំ​ថា​ ពេល​លេប​ថ្នាំ​បំប៉ន​មាន​ជាតិ​សរសៃ សូម​កុំ​លេប​ញឹក​ពេក ​ព្រោះ​បើ​លេប​លើស​កម្រិត​ធ្វើ​ឲ្យ​ដើរ​ខ្យល់​ច្រើន​ និង​រមួល​សាច់​ដុំ។ សូម​បង្កើន​កម្រិត​បន្តិច​ម្តង​ៗ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ពេល​លេប​ថ្នាំ។
– ជាតិ​ខ្លាញ់ Sterols និង Stanols៖ សារ​ជាតិ​ទាំង ​២​ ទទួល​បាន​ពី​ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ និង​ផ្លែឈើ តែ​ប្រើ​ថ្នាំ​ជំនួយ​សុខភាព​ក៏​ជា​ជម្រើស​ល្អ​ដូចគ្នា​ អាច​កាត់​បន្ថយ ​កូលេស្តេរ៉ុល ពី​អាហារ​យើង​ញ៉ាំ ​នឹង​​បំពេញ​តម្រូវ​ការ​បេះដូង។
Sterols និង Stanols មាន​​ក្នុង​អាហារ​ជា​ច្រើន ដូចជា ​ទឹក​ក្រូច​ ប័រ​ផលិតពី​ប្រេង​រុក្ខជាតិ ទឹក​ដោះ​គោ​ជូរ ​ជា​ដើម។ គ្រាន់​តែ​ញ៉ាំ​ឲ្យ​បាន ​២ ក្រាម​ក្នុង​មួយ​ថ្ងៃ ​អាច​ធ្វើ​ឲ្យ​ខ្លាញ់​អាក្រក់ LDL ធា្លក់​ចុះ​ក្នុង​កម្រិត​ទាប។

២- សារធាតុ​​​ Lycopene

​Lycopene ជា​សារធាតុ​ជំនួយ​សុខភាព មាន​ក្នុង​បន្លែ ផ្លែ​ឈើ ជា​ពិសេស​ផ្លែ​ប៉េងប៉ោះ​តែ​ម្តង សម្បូរ​សារ​ជាតិ​ប្រឆាំង​​អុកស៊ីតកម្ម ហើយ​ពេល​សារធាតុ Lycopene ក្នុង​សរសៃ​ឈាម​មាន​ច្រើន នាំ​ឲ្យ​កាត់​បន្ថយ​កត្តា​ប្រឈម​ជំងឺ​បេះដូង ខណៈ​ប្រុសៗ ​មាន​សារធាតុ​នេះ​ទាប​ប្រឈម​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល (Stroke) និង​ជំងឺ​សរសៃឈាម​បេះដូង ជាង​គ្នា​យើង​មាន​សារធាតុ​នេះ​ខ្ពស់ ដល់​ទៅ ៣ ដង។ មួយ​ទៀត​បើ​​ជាតិ Lycopene ទាប​នាំ​ឲ្យ​មាន​កំណក​ខ្លាញ់​តាម​ជញ្ជាំង​សរសៃ​ឈាម ធ្វើ​ឲ្យ​សរសៃ​ឈាម​ឡើង​ក្រាស់ និង​រឹង។

៣-​ អាស៊ីដអូមេហ្គា ៣

ជា​ប្រភេទ​អាស៊ីដ​ ផ្តល់​ប្រយោជន៍​ខ្ពស់​សម្រាប់​សុខភាព សម្បូរ​ក្នុង​គ្រាប់ Walnuts គ្រាប់​ពូជ​ច្នៃ​ និង​សាច់​ត្រី​តំបន់​ត្រជាក់ ដូច​ជា ត្រី​ធូណា ត្រី​សាល់ម៉ុន ជា​ដើម។ អ្នក​វិទ្យាសាស្ត្រ​ បាន​ធ្វើ​ការ​ពិសោធ​ន៍ខ្លាញ់​ត្រីជា​ច្រើន​ឆ្នាំ ​បង្ហាញ​ថា អាច​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​គាំង​បេះដូង ​និង​ដាច់​សរសៃ​ឈាម​ខួរក្បាល (Stroke) ជួយ​សម្រួល​កម្រិត​ អាំងស៊ុយលីន ​ទៀត​ផង។ មុខងារ​សំខាន់​មួយ​ទៀត​របស់​អាស៊ីដ​អូមេហ្គា ៣ គឺប្រឆាំង​ការ​រលាក ព្រោះ​ករណី​រលាក​អាច​បង្ក​ឲ្យ​ជំងឺ​បេះដូង​កាន់​តែ​ធ្ងន់​ធ្ងរ​ ជាប់​ទាក់ទង​កង្វះ​អាស៊ីដ​អូមេហ្គា ៣ ក្នុង​ខ្លួន។ ត្រូវ​ចាំថា​ថ្នាំ​បំប៉ន​សុខភាព ​មាន​អាស៊ីដ​អូមេហ្គា ៣ មាន​ប្រយោជន៍​ ចំពោះ​គ្នា​យើងទាំង​ពេញ​វ័យ ​និង​អូនៗ​តូចៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]