បន្ទាយមានជ័យ ៖ ក្រោយពីមានការ ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងតាមរយៈ ភស្តុតាង និងសាក្សីនោះ ទីបំផុតទៅ ព័ត៌មានដែលថា បុរសជនជាតិថៃ ជិត២០នាក់ នាំគ្នាចាប់រំលោភ ហើយសម្លាប់ស្រ្តី ជាពលការិនី ខ្មែរ នៅ ខេត្តសាមុទ្រសាខន ស្ទើតែនាំឲ្យមានបាតុកម្ម ប្រឆាំងដ៏ខ្លាំងខ្លានោះ គឺជារឿង ប្រឌិតនោះឡើយ ។ នេះជាការបញ្ជាក់ របស់មន្រ្តីនាំពាក្យ ក្រសួងការបរទេសកម្ពុជា និងសមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត។

លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅយប់ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៣ថា ក្រោយពីការសួរនាំ របស់កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ទៅលើបុរសឈ្មោះ ប៉ែ សុរ៉េត រួចមកនោះ បានបង្ហាញថា ជារឿងប្រឌិត ដែលបុរសរូបនេះ បានធ្វើឡើង ហើយបានសារភាពប្រាប់ សមត្ថកិច្ចទៀតផង ។

បើតាម លោក កុយ គួង តាមពិតបុរសរូបនេះ និងស្រ្តីដែលជា ពលការិនី បានធ្វើការជាមួយគ្នា នៅរោងចក្រធ្វើខ្នង កង់ម៉ូតូ ក្នុងស្រុកមហាឆៃ ខេត្តសាមុទ្រសាខន ហើយមានទំនាក់ទំនង ស្នេហាជាមួយគ្នា ប៉ុន្តែដោយសារតែស្រ្តីរូបនេះ បែកចិត្ត ហើយមកធ្វើការ នៅខេត្តឈុនបូរី វិញ ស្រាប់តែបុរសរូបនេះ បែកគំនិត ប្រឌិតរឿងបែបនេះតែម្តងទៅ ក្នុងគោលបំណង បង្ខូចឈ្មោះ ជនរងគ្រោះ ។

លោក កុយ គួង បានបន្តថា ក្រោយមានរឿងបែបនេះ កើតឡើង សមត្ថកិច្ចបានទាក់ទង ទៅក្រុមគ្រួសាររបស់ស្រ្តី ជាពលការិនី នៅខេត្តព្រះវិហារ ហើយត្រូវ បានក្រុមគ្រួសារ របស់នាង បញ្ជាក់ថា រូបនាងនៅធ្វើការ ជាធម្មតានោះទេ នៅខេត្តសាមុទ្រសាខន។

លោក ណេត សេរី អគ្គកុងស៊ុល នៃប្រទេសកម្ពុជា ប្រចាំប្រទេសថៃ បានឲ្យដឹងថា ក្រោយពីមានការចុះផ្សាយ នូវរឿងរ៉ាវដែលសហាវព្រៃផ្សៃ ចំពោះពលការិនី ខ្មែរយ៉ាងដូច្នេះនោះ ក្រុមការងារ បានចុះធ្វើការ ស្រាវជ្រាវ ជាមួយសមត្ថកិច្ច និងអាជ្ញាធរ ថៃភ្លាមៗ ប៉ុន្តែមិនបាន រកឃើញថា មានរឿងបែបនេះ កើតឡើងនោះឡើយ។

លោកបានបន្តថា ក្រោយពីមានការ ស្រាវជ្រាវថា គ្មានករណី នេះកើតឡើង ខាងអគ្គកុស៊ុល បានទាក់ទងមក សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ហើយឃាត់ខ្លួន ជនសង្ស័យរូបនេះ តែម្តងទៅ។ យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីបានដឹងរឿងអស់ហើយនោះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យរូបនេះ ហើយធ្វើការ សួរនាំបន្តទៀត។

ក្រោយការសួរនាំ ជនសង្ស័យដែលបង្កើតរឿងឡប់ឡែ ឲ្យមានការភ្ញាក់ផ្អើល ស្ទើតែក្លាយជាការផ្ទុះ នៃបាតុកម្ម ពីសំណាក់ប្រជាពលរដ្ឋនោះ ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តទៀត។

 សូមជម្រាបថា ពលករខ្មែរម្នាក់ បានអះអាងថា ភរិយា របស់ខ្លួន ត្រូវជនជាតិថៃជិត២០នាក់ ចាប់រំលោភ និង សម្លាប់ ព្រមទាំងកាត់ដៃកាត់ជើង យ៉ាងសាហាវព្រៃផ្សៃ បំផុត ខណៈពួកគេទៅស៊ីឈ្នួលធ្វើការជា កម្មករនៅរោងចក្រធ្វើខ្នងកង់ម៉ូតូ ក្នុងស្រុកមហាឆៃ ខេត្តសមុទ្រសាខន ប្រទេសថៃ។ ពលកររូបនេះ ក៏បាននិងកំពុងស្វែងរក ជំនួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា និងអង្គការសង្គមស៊ីវិលនានា ដើម្បីរកយុត្តិធម៌ជូនរូបគេ និងភរិយា ដែលស្លាប់ ទៅនោះ។

លោក បែ សុរ៉េត អាយុ ២៧ឆ្នាំ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា ប្រពន្ធរបស់គាត់ ឈ្មោះ ស្រីនី អាយុ២១ឆ្នាំ ត្រូវជនជាតិថៃជិត២០នាក់ បានចាប់ រំលោភ ហើយសម្លាប់។ លោក បែ សុរ៉េត បានឲ្យដឹងថា រូបលោក និងប្រពន្ធបានឆ្លងដែន ទៅធ្វើការនៅស្រុកថៃ ជាងមួយឆ្នាំហើយ លុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ខណៈដែលលោក និងប្រពន្ធបានទៅធ្វើការដូចសព្វដង។

លុះដល់ម៉ោង១០ព្រឹក ប្រពន្ធរបស់លោក មានអាការមិនស្រួលខ្លួន ក៏បានទៅសម្រាកឯបន្ទប់ស្នាក់នៅ ពេលដើរបានពាក់ កណ្តាលផ្លូវ ស្រាប់តែមានជនជាតិថៃជិត ២០នាក់ បានចាប់ប្រពន្ធរបស់លោករំលោភ និងបានចាប់កាត់ដៃកាត់ជើង ឲ្យខ្លួនមើលទៀត។

លោកបានបន្តថា ក្រោយពេលកើតហេតុភ្លាមៗ លោកបានរត់ទៅហៅគេឯងឲ្យជួយ តែត្រូវពួកជនជាតិថៃទាំងនោះ គំរាមសម្លាប់ មិនត្រឹមតែប៉ុណ្ណោះពួកវាបាន យកថ្នាំញៀន ទៅចូលបន្ទប់ស្នាក់នៅ របស់ជនរងគ្រោះ និងបានប្តឹងឲ្យប៉ូលីសដេញចាប់ តែលោកបានរត់ទៅលាក់ខ្លួន ក្នុងស្រះទឹកអស់មួយយប់មួយថ្ងៃ ទើប ឡើងមករកសពប្រពន្ធ តែត្រូវពួកជនជាតិថៃញាត់ចូលក្នុងលូទឹក ធ្វើឲ្យខ្លួនមិនអាចនាំយកសព មកធ្វើបុណ្យនៅស្រុកកំណើតបានឡើយ។

លោក បែ សារ៉េត បានបន្តថា កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅ ពេលលោកស្វែងរកគេឯង និងសមត្ថកិច្ចកុងស៊ុលកម្ពុជា នៅស្រុកថៃឲ្យជួយ ក៏គ្មាននរណាជួយដែរ ព្រោះគ្មាននរណាជឿលោកឡើយ លោកក៏សម្រេចចិត្ត មកប្រទេសកម្ពុជាវិញ ដើម្បីសុំឲ្យអាជ្ញាធរកម្ពុជា ជួយអន្តរាគមន៍យកសពប្រពន្ធខ្លួន មកធ្វើបុណ្យនៅស្រុក កំណើត។

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះ គេបានឃើញប្តីជនរងគ្រោះ បានស្វែងរកជួបជាមួយអ្នកកាសែតក្នុងស្រុក និងបានទៅប្តឹង សមត្ថកិច្ចការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជាថៃ នៃច្រកទ្វារអន្តរជាតិផងដែរ។ មន្រ្តីក្រសួងការបរទេសកម្ពុជា និងសមត្ថកិច្ច ក្រុងប៉ោយប៉ែត សូមអំពាវនាវ ដល់មជ្ឈដ្ឋានទូទៅ កុំឲ្យមានការភ័នច្រឡំ តទៅទៀតចំពោះរឿងបែបនេះ ដែលនាំឲ្យមាន ការប្រឈមមុខ ដាក់គ្នារ វាងប្រជាជន នៃប្រទេសទាំងពីរ ពីព្រោះតែការយល់ខុស៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]