ខេត្តបាត់ដំបង​ ៖ យុវជន​២​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​យប់​ថ្ងៃ​ទី​៣០ ​ឧសភា​​ នៅ​កន្លែង​ការដ្ឋាន​កាយ​ដី​របស់​ពួក​គេ ដែល​ស្ថិត​នៅ​ក្នុងភូមិ​សសរ​ពក ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ក្រោយ​ពី​ត្រូវ​បាន​ប្ដឹង​ចោទប្រកាន់​ថា បាន​ល្បូ​ង​ក្មេង​ស្រី​ដែល​ជា​អនីតិជន​ចំនួន​២​នាក់​ឱ្យផឹកស្រា​ស្រវឹង រួច​នាំ​គ្នា​ចាប់​រំលោភ ដែល​ម្នាក់​បាន​សម្រេច រីឯ​ម្នាក់​ទៀត​បាន​ត្រឹម​ស្ទាបអង្អែល​ ។

លោក​ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ ដែល​កំពុង​ចាត់ការ​លើ​សំណុំរឿង​នេះបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ​ខិ​ន ផាត អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ឈើទាល ស្រុក​បាណ​ន់ បាន​ចាប់រំលោភ​ក្មេង​ស្រី​​អាយុ​១៣​ឆ្នាំរហូត​បាន​សម្រេច ។ និង​ម្នាក់​ទៀត​ឈ្មោះ​អេ​ង តុលា ហៅ​តុ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​រូង ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ បាន​ត្រឹម​ថើប និង​ស្ទាបអង្អែល​ប្រដាប់​ភេទ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​។

លោក​អធិការ​បាន​បញ្ជាក់​ថា អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​ប្ដឹង​ចោទប្រកាន់ យុវជន​កំហូច​២​នាក់​នេះ​ថា បាន​ចាប់រំលោភ​ពួក​នាង ដោយ​ម្នាក់​បាន​សម្រេច ខណៈ​ម្នាក់​ទៀត​បាន​ត្រឹម​អោប​ថើប​និង​ស្ទាបអង្អែល​លេង​ជា​ល្បែង ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៩ ឧសភា នៅ​កន្លែង​ការដ្ឋាន​កាយ​ដី​របស់​ពួក​គេ ក្រោយ​ពី​បង្ខំ​ឲ្យ​ពួក​នាង​ផឹកស្រា​ស្រវឹង នៅ​ចំណុច​ភូមិ​សសរ​ពក ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់​។ ក្រោយ​ពី​ទ​ទូល​បាន​បណ្ដឹង​នេះ ទើប​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​នាំ​ខ្លួន​ជន​ទាំង​២​នាក់​នេះ មក​សួរនាំ និង​ឃាត់ខ្លួន​តែ​ម្ដង​។

បើ​តាម​ចម្លើយ​ក្មេង​ស្រី ដែល​សមត្ថកិច្ច​បាន​ស្រង់​សំដី​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ផាត និង ឈ្មោះ​តុលា ជា​កម្មករ​គ្រឿងចក្រ​កាយ​ដី​នេះ ហើយនឹង​ពួក​នាង គឺ​ទើប​ស្គាល់គ្នា​ដែល​នៅ​ក្បែរ​នោះ​។ នាង​និយាយ​ថា នៅ​យប់​កើតហេតុ​ជន​ទាំង​២​នាក់ បាន​ទិញ​ស្រា​យក​ទៅ​ផឹក​នៅ​កន្លែង​កាយ​ដី ហើយ​ពេល​ពួក​នាង​ដើរ​កាត់ ក៏​ហៅ​ពួក​នាង​ឲ្យ​ចូល​លែង តែ​ពេល​នោះ​បាន​បង្ខំ​ឲ្យ​ពួក​នាង​ផឹកស្រារហូត​ដល់​ស្រវឹង​ ។ សមត្ថកិច្ច​បាន​ស្រង់​សំដី​ក្មេង​ស្រី​ទៀត​ថា ពេល​ឃើញ​ពួក​នាង​ស្រវឹង ស្រាប់តែ​ជន​ទាំង​២​នាក់ បាន​ចាប់​អោប​ថើប​ពួក​នាង​តាម​អំពើ​ចិត្ត រហូត​ចាប់រំលោភ​ពួក​នាង​តែ​ម្ដង​។

គេ​នៅ​មិន​ទាន់​ទ​ទូល​បាន​ចម្លើយ​សារភាព​បែប​ណា ពី​ជនសង្ស័យ​ឈ្មោះ​ខិ​ន ផាត និង ឈ្មោះ​អេ​ង តុលា ហៅ​តុ នៅឡើយ​ទេ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ រហូត​ដល់​ពេល​នេះ ។ ប៉ុន្តែ​លោក​ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាន​ន់ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា បើ​តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ​ទាំង​២​នាក់ ពួក​គេ​បាន​សារភាព​ទ​ទូល​ស្គាល់​ការ​ពិត តែ​និយាយ​ថា ជា​ការ​ព្រមព្រៀង​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]