លោក Dalton Ghetti វិចិត្រករជនជាតិអាមេរិក ដែលបានចំណាយពេលអស់ ២៥ឆ្នាំ ក្នុងឆាកជីវិតរបស់គាត់ជាមួយនឹង ផ្លែកាំបិតកោរពុកមាត់ ម្ជុលដេរ និងកាំបិតឆ្លាក់ ដើម្បីបង្កើតនូវចម្លាក់ដ៏អស្ចារ្យ អាចនិយាយថាគ្មានពីរលើលោក។

លោក Ghetti អាយុ ៤៩ឆ្នាំមានប្រសាសន៍ថា កាលពីគាត់នៅរៀន គាត់បានឆ្លាក់ឈ្មោះមិត្តរបស់គាត់នៅលើខ្មៅដៃឈើ ហើយបានឲ្យទៅពួកគេទុកជាអំណោយ។ ក្រោមមក នៅពេលដែលគាត់ ចូលសិក្សានៅក្នុងសិល្បៈចម្លាក់ គាត់បានចាប់ផ្ដើមឆ្លាក់របស់ធំៗ ដូចជាឈើជាដើម ប៉ុន្ដែដោយគាត់ចង់សាកល្បងខ្លួនគាត់ គាត់បានខំប្រឹងឆ្លាក់របស់ណាដែលតូចៗ ហើយកាត់តែតូចគឺកាន់តែល្អ។ គាត់បានខំព្យាយាមឆ្លាក់នូវ វត្ថុជាច្រើនខុសៗគ្នាដូចជា ដី.ស ជាដើម តែទីបញ្ចប់គាត់បានរកឃើញនូវអ្វីដែលគាត់ចង់បាន គឺគាត់ចាប់ផ្ដើមឆ្លាក់រូបលើ បណ្ដូលរបស់ខ្មៅដៃឈើ។ គាត់ប្រើប្រាស់នូវឧបករណ៍ចំនួន៣ ដើម្បីបង្កើតនូវរបស់ដែលមិនគួរឲ្យជឿទាំងនោះ ដែលមានដូចជា ផ្លែកាំបិតកោរពុកមាត់ ម្ជុលដេរ និងកាំបិតឆ្លាក់ តែគាត់ក៏បានប្រើនូវកែវពង្រីកផងដែរ។ ផលិតផលដែលគាត់ធ្វើបាន គឺគាត់មិនដែលលក់ទៅឲ្យគេនោះទេ មានតែឲ្យទៅមិត្តភក្កិរបស់គាត់តែប៉ុណ្ណោះ។

ចម្លាក់ដែលពិបាកជាងគេនោះគឺ ខ្មៅដៃដែលភ្ជាប់គ្នាដូចជាច្រវាក់ ដែលគាត់ប្រើពេលអស់ ២ឆ្នាំកន្លះ ដើម្បីសំរេចនូវចម្លាក់មូយនោះ។ ចំនែកឯចម្លាក់ដទៃទៀតគឺចំណាយពេលតែ ពីរបីខែតែប៉ុណ្ណោះ។ លោក Ghetti មានដើមកំណើតពីប្រទេសប្រ៊េស៊ីល គាត់បានប្រមូលនូវខ្មៅដៃដែលខូចខាត ក្នុងប្រអប់ដ៏ធំមួយដែលមានចំនួនលើសពី១០០ ហើយគាត់បានឲ្យឈ្មោះប្រអប់នោះថា កន្លែងបញ្ចុះសពរបស់ខ្មៅដៃ។ ឥលូវនេះគាត់ធ្វើបានជាង១០០ដើមហើយ ហើយគាត់មានបំណង ចង់ធ្វើឲ្យបានចំនួន៣០០០ដើម។ ចាប់តាំងពីឆ្នាំ ២០០២ មកគាត់អាចឆ្លាក់បានមួយដើមក្នុងមួយថ្ងៃ ហើយនៅពេលដែលគាត់ធ្វើវាហើយមួយៗ គាត់តែងតែស្រក់ទឹកភ្នែក។ ដើម្បីសំរេចបំណងរបស់គាត់ ៣០០០ដើម គាត់ប្រហែលជាត្រូវចំណាយពេល ១០ឆ្នាំខាងមុខទៀតឯនោះ។ គាត់មានប្រសាសន៍ទៀតថា របស់ទាំងនេះមិនបានរកប្រាក់ ជូនគាត់មួយកាក់មួយសេននោះទេ ក៏ប៉ុន្ដែគាត់បានក្លាយទៅជាម្ចាស់នៃ មណ្ឌលតាំងពិពណ៌ផលិតផលរបស់គាត់ នៅចក្រភពអង់គ្លេស។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សិល្បៈឆ្លាក់រូបដ៏អស្ចារ្យនេះ? សូមទស្សនារូបភាពខាងក្រោម៖
































កែសម្រួលដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]