រាជធានីភ្នំពេញ ៖ រថយន្ដ RAV4 ពណ៌​ខ្មៅ បើក​បញ្ច្រាស​ទិសចរាចរណ៍ ​ហើយ​មិន​ខ្វល់​ថា​ ប៉ះ​នរណា​ទេ បើទោះបី​រថយន្ដ​កាម​រី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ខំប្រឹង​គេចយ៉ាងណាក៏​នៅ​តែ​ប៉ះ​គ្នា​ បណ្ដាល​ឱ្យ​ស្ទះ​ចរាចរណ៍​​ទាំង​កណ្ដាលអធ្រាត្រ​​។ ​ហេតុ​ការណ៍​ខាង​លើ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២០ មីនា នៅ​ទល់មុខ​ផ្សារ​ស៊ី​ម៉​ល​សូ​រិ​យា តាម​វិថី​ប៉ាស្ទ័រ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ RAV4 ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​​ស្រវឹងស្រា​បើក​ពី​ត្បូង​ទៅ​ជើង តាម​វិថី​ប៉ាស្ទ័រ ដោយ​បើក​បញ្ច្រាសទិស​ដៅ​ចរា​ចរណ៍ ចំណែក​រថយន្ដ​កាម​រី​ឆ្លាម បើក​ពី​ជើង​ទៅ​ត្បូង ខណៈ​ទៅ​ដល់​ចំណុច​កើតហេតុ​រថយន្ដ​កាម​រី​ឆ្លាម​ខំប្រឹង​បើក​គេច​ដែរ តែ​រថយន្ដ RAV4 ដែល​អ្នក​បើកបរ​ស្រវឹង​ហាក់​បីដូច​ជាចង់​បើក​​ផ្លូវ​មួយ​តែ​ម្នាក់ឯង ទើប​ធ្វើ​ឱ្យ​រថយន្ដ​ទាំង​ពីរ​គ្រឿង​ប៉ះ​គ្នា​ខូចខាត​តិចតួច​ និង​មិន​បាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​បណ្ដាល​ឱ្យកក​ស្ទះ​ចរា​ចរ​ណ៍ទាំង​ យប់​ ដោយសារ​ជា​តំបន់​ទី​ប្រជុំ​ជន​មាន​ភោជនីយដ្ឋាន​ និងផ្សារ​ទំនើប។ ម្ចាស់​រថយន្ត​ទាំងពីរ​គ្រឿង​ក៏​ជជែក​គ្នាតឹងសរសៃ.ក ប៉ុន្ដែ​អ្វី​ដែល​ម្ចាស់​រថយន្ដ​កាម​រី​ឆ្លាម​ចង់បាន​នោះ គឺ​ទាម​ទារត្រឹម​តែ​ពាក្យសុំ​ទោស​តែ​មួយ​ម៉ាត់​ពី​ភាគី​រថយន្ដ RAV4 ប៉ុណ្ណោះ ។ ដើម្បី​បញ្ចប់​បញ្ហា​អ្នក​បើក​បរ​រថយន្ត RAV4 ក៏​សុំ​ទោស​​ភាគី​ខាង​រថយន្ត​កាមរី​ទៅ ៕

Bopha

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]