អាមេរិក៖ កាលពីពេលថ្មីៗនេះ មានយុវជនពិការភ្នែកនិងជំងឺអូទីសឹមម្នាក់ បានច្រៀងចម្រៀងមួយបទដែលធ្វើឱ្យទស្សនិជក និងគណៈកម្មការពេញចិត្តជាខ្លាំងរហូតដល់ចុតប៊ូតុងមាស។

យោងតាមប្រភពបានឱ្យដឹងថា យុវជនម្នាក់នេះមានឈ្មោះ Kodi Lee អាយុ ២២ឆ្នាំ បានចូលរួមប្រលងនៅក្នុងកម្មវិធី America’s Got Talent ក្នុងរដូវកាលទី១៤ ក្នុងសហរដ្ឋអាមេរិក។ 

ក្នុងនោះយុវជន Kodi បានលេងព្យាណូនិងបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា «A Song for You» ដែលជាសំនៀងដើមរបស់លោក Donny Hathaway ធ្វើឱ្យទស្សនិជកនិងគណៈកម្មការពេញចិត្តជាខ្លាំង រហូតដល់ក្តុកក្តួល រំភើប ស្ទើរតែស្រក់ទឹកភ្នែកក៏មានដែរ។

យុវជន Kodi Lee

ទន្ទឹមគ្នានេះដែរ គណៈកម្មការថ្មីគឺអ្នកនាង Julianne Hough មានអារម្មណ៍ក្តុកក្តួល មិនអាចទប់ទឹកភ្នែកបាន បាននិយាយថា៖

«ខ្ញុំគ្រាន់តែឮភ្លាម ខ្ញុំអាចយល់ពីអារម្មណ៍របស់ឯង ហើយវាពិតជាពីរោះខ្លាំងមែនទែន។»

ស្របពេលគ្នានេះដែរគណៈកម្មការ Simon Cowell ក៏បាននិយាយថា លោកនឹងចងចាំពេលវេលាមួយនេះនៅក្នុងឆាកជីវិតរបស់លោកជារៀងរហូត។

«សំលេងរបស់ឯងពិតជាអស្ចារ្យពិតមែន។ ឯងពិតជាមានសំនៀងពីរោះរណ្តំ។ សូមអរគុណឯងដែលមកទីនេះហើយជឿជាក់លើកម្មវិធីនេះ។» (សម្តី Simon Cowell) 

ទិដ្ឋភាពនៅក្នុងកម្មវិធី America’s Got Talent

បន្ថែមពីនេះទៀត គណៈកម្មការថ្មីមួយទៀតគឺអ្នកនាង Gabrielle Union ក៏បានប្រាប់ម្តាយរបស់ Kodi ថាគាត់ក៏ក្លាយទៅជាម្តាយគេនៅក្នុងឆ្នាំនេះផងដែរ។ ដូច្នេះគាត់បាននិយាយទៀតថា៖

«អ្នកស្រីគ្រាន់តែចង់ផ្តល់ភាពកក់ក្តៅនិងអ្វីៗគ្រប់យ៉ាងឱ្យកូនរបស់អ្នកស្រីតែប៉ុណ្ណោះ។ ហើយយប់នេះ ខ្ញុំនឹងជូនអ្នកស្រីនូវរបស់ដ៏អស្ចារ្យមួយ។»

គ្រាន់តែនិយាយចប់ភ្លាម គណៈកម្មការអ្នកនាង Gabrielle Union ក៏បានចុចប៊ូតុងមាស ធ្វើឱ្យមនុស្សនៅជុំវិញនោះមានអារម្មណ៍ក្តុកក្តួល និងរំភើបជាខ្លាំង។

យ៉ាងណាមិញ មនុស្សភាគច្រើនក៏សង្ឃឹមថាយុវជន Kodi Lee អាចឈ្នះកម្មវិធីនេះផងដែរ។

គួរឱ្យដឹងផងដែរថា ជំងឺអូទីសឹម (Autism) គឺជាជំងឺសរសៃប្រសាទម្យ៉ាងដែលប៉ះពាល់ដល់សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងគ្នា និងធ្វើឱ្យបុគ្គលនោះពិបាកសម្របខ្លួននៅក្នុងសង្គម ហើយពេលខ្លះធ្វើឱ្យពួកគេយល់ថា ជាមនុស្សឯកាជាដើម៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]