មនុស្សស្ទើរតែគ្រប់គ្នា តែងតែគិតថា មិនហ៊ានស្រឡាញ់មនុស្សម្នាក់ដែលមានឈ្មោះថាជាមិត្ត ព្រោះខ្លាចពាក្យថាស្នេហា ប៉ះពាល់ដល់មិត្តភាព មិនហ៊ានប្រាប់មិត្តខ្លួនឯងថាស្រឡាញ់ ព្រោះខ្លាចទំនាក់ទំនងត្រូវបញ្ចប់ ព្រោះតែម្ខាងទៀតមិនអាចទទួលយកបាន ហើយសុខចិត្តលាក់អារម្មណ៍ ស្រឡាញ់មិត្តភក្តិខ្លួនឯង។

ជាការពិត មិត្តភាពអាចក្លាយជាស្នេហា តែពីស្នេហាមិនអាចក្លាយមកជាមិត្តភាពវិញបានទេ។ មិត្តភាព អាចបញ្ចប់ព្រោះតែស្នេហា បើសិនណា ការសារភាព ត្រូវបរាជ័យ ដូចនេះហើយ ទើបធ្វើឱ្យមនុស្សម្នាក់ៗ មិនហ៊ានសារភាព សុខចិត្តលាក់អារម្មណ៍រៀងខ្លួន ទាំងដែលអ្នកខ្លះ មានចិត្តឱ្យគ្នាទៅវិញទៅមកដែរ។

សួរថា ហេតុអ្វីត្រូវខ្លាច បើមនុស្សម្នាក់ៗមានហេតុផល អាចយល់ពីគ្នាបានច្បាស់នោះ ពីមិត្តអាចក្លាយជាស្នេហា គឺជារឿងល្អ ព្រោះយ៉ាងណា ក៏យើងអាចយល់ពីគ្នាបានច្បាស់ ហើយពីស្នេហា ក៏អាចក្លាយមកជាមិត្តវិញ គឺរឹតតែល្អ ព្រោះថា បើស្នេហាមិនអាចបន្ត ក៏គួរតែធ្វ់ើជាមិត្តនឹងគ្នាវាប្រសើរហើយ ព្រោះថាក៏មានមនុស្សមួយចំនួន ធ្វើជាដៃគូស្នេហានឹងគ្នា មិនល្អដូចដែលធ្វើជាមិត្តល្អនឹងគ្នាឡើយ។

ស្នេហា មិនគួរប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពឡើយ លើកលែងតែ មកពីអ្នកនោះ មិនព្រមបើកចិត្តទទួលយកការពិត ប្រកាន់ចិត្ត គិតច្រើនហួសហេតុ និងពេលខ្លះ ក៏មានអារម្មណ៍ថា រអៀសខ្លួនឯង ដែលបដិសេធនឹងគេ។ ចំណែកម្ខាងទៀត អាចនឹងមានអារម្មណ៍ថាខ្មាសអៀន ដែលសារភាពគេមិនស្រឡាញ់ សារភាពហើយត្រូវគេបដិសេធក៏គិតថា មិនសមនឹងរាប់អានគេ។ តែតាមការពិតវាមិនដូច្នោះទេ បើជាសង្សារមិនបាន ក៏ធ្វើជាមិត្តបន្តទៅ សំខាន់ គួរតែព្យាយាមយល់ពីគ្នា មិនថាស្ថិតក្នុងសភាពជាអ្វីក៏ដោយ សំខាន់ឱ្យតែអ្នកព្រមបើកចិត្តទទួលយកការពិត ទំនាក់ទំនងគ្មានថ្ងៃបែកបាក់ឡើយ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]